នៅ​ក្នុង​កម្មវិធី​ America’s Got Talent 2021 មាន​បេក្ខនារី​មួយ​រូប ​បាន​មក​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ដោយ​ច្រៀង​នូវ​ចម្រៀង​ Original រៀបរាប់​ពី​សាច់​រឿង​របស់​ខ្លួន​រហូត​ធ្វើ​ឱ្យ​គណៈកម្មការ​រំភើប​ចិត្ត​ជា​ពិសេស​ទទួល​បាន​កណ្ដឹង​មាស​ (Golden Buzzer) ​ពី​ Simon Cowell ឱ្យ​ឆ្លង​ទៅ​កាន់​វគ្គ​ Live Show ដោយ​ស្វ័យប្រវត្តិ​។

សូមចុចអាន៖ កក្រើក​ឆាក​!​ ​កុមារា​អារ៉ាប់​អាយុ​១០​ឆ្នាំ ​ធ្វើ​ឱ្យ​គណៈ​កម្មការ​​ ៤​រូប​​​ America Got Talent ភ្ញាក់ផ្អើល ​(​មាន​វីដេអូ​)

​យោងតាម​រយៈ​​សារព័ត៌មាន​ក៏​ដូច​ជា​ Channel YouTube ផ្លូវ​ការ​ America’s Got Talent បាន​បង្ហោះ​​កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​ មិថុនា ឆ្នាំ​ ២០២១​ ម្សិលមិញ​នេះ​ អ្នក​នាង​​ Jane Marczewski ដែល​មាន​ឈ្មោះ​សិល្បៈ​ ឬ ​ក្នុង​ពេល​ច្រៀង​ថា​ Nightbirde បាន​ឡើង​មក​បង្ហាញ​សមត្ថភាព​ផ្នែក​ច្រៀង​នៅ​លើ​វេទិកា​បង្ហាញ​សមត្ថភាព​ America’s Got Talent ដោយ​លើក​យក​បទ​ចម្រៀង​និពន្ធ​ខ្លួន​ឯង​ (Original Song) មាន​ចំណង​ជើង​ថា «It’s OK»

ស្ត្រី​វ័យ​៣០​ឆ្នាំ​ខាង​លើ​​បាន​ប្រាប់​ទៅ​កាន់​គណៈកម្មការ​ទាំង​៤​រូប​ដែល​មាន​ដូច​ជា​ Simon Cowell, Sofia Vergara, Heidi Klum, និង​ Howie Mandel ថា​បទ​ចម្រៀង​នេះ​គឺ​ច្រៀង​រៀប​រាប់​ពី​​រឿងរ៉ាវ​ជីវិត​របស់​អ្នក​នាង​​កាល​ពី​ឆ្នាំ​មុន​។​

ស្ត្រី​ដែល​មាន​ដើម​កំណើត​នៅ​រដ្ឋ​ Ohio ក្រុង​ Zanesville បាន​ទទួល​ស្គាល់​បច្ចុប្បន្ន​អ្នកនាង​នៅ​តែ​ប្រឈម​​តស៊ូ​ជាមួយ​នឹង​ជំងឺ​មហារីក​ដដែល​ចាប់​តាំង​ពី​អ្នក​នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​។ ឆ្លើយ​តប​នឹង​សំនួរ​ Simon ចំពោះ​បច្ចុប្បន្ន​ភាព​ជំងឺ​មហារីក​របស់​ខ្លួន​អ្នក​នាង​ Jane បាន​ពោល​ថា​៖

«លើក​ចុង​ក្រោយ​ដែល​ខ្ញុំ​ទៅ​ពិនិត្យ​ ​ជំងឺ​មហារីក​​​មាន​នៅ​ក្នុង​សួត​ មាន​​នៅ​ក្នុង​ឆ្អឹង​កង​និង​មាន​នៅ​ក្នុង​ថ្លើម​»

ស្ត្រី​អ្នក​ចម្រៀង​ដែល​កំពុង​តស៊ូ​ជាមួយ​នឹង​ជំងឺ​មហារីក​ជា​ច្រើន​កន្លែង​លើ​រាងកាយ​រូប​នេះ​បាន​ពោល​ដោយ​ភាព​ភាព​ជឿជាក់​និង​ក្ដី​សង្ឃឹមថា​៖

«រឿង​សំខាន់​គឺ​អ្នក​គ្រប់គ្នា​បាន​ដឹង​ថា​ខ្ញុំ​មាន​ភាព​ប្រសើរ​ជាង​រឿង​អាក្រក់​ៗ​ដែល​កើត​ក្នុង​ជីវិត​ខ្ញុំ​។ ​មាន​ឱកាស​ត្រឹម​២%​យក​ឈ្នះ​មហារីក​មិន​មែន​០%​ទេ​ ទោះ​ជា​២​%ក៏​ជា​ឱកាស​ដែរ​ ខ្ញុំ​ប្រាថ្នា​ឱ្យ​មនុស្ស​ទាំង​អស់​ដឹង​ថា​បាន​​ប៉ុណ្ណេះ​អស្ចារ្យ​ប៉ុណ្ណា​​»

នៅ​ពេល​គណៈកម្មការ​ឱ្យ​អ្នកនាង​បង្ហើរ​សំនៀង​បទ​ចម្រៀង​ «It’s OK» ចប់​គ្រប់​គ្នា​ហាក់​ពេញបរិបូរ​ទៅ​ដោយ​កម្លាំង​ ជា​ពិសេស​ញាប់ញ័រ​​នឹងអត្ថន័យ​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​ ការ​តស៊ូ​ក្នុង​បទ​ចម្រៀង។

«នេះ​ជា​អ្វី​មួយ​ដែល​ពិត​ប្រាកដ​ជា​ទី​បំផុត​ដែល​ខ្ញុំ​បាន​ស្ដាប់​ក្នុង​រដូវកាល​នេះ​» នេះ​ជា​ការ​លើក​ឡើង​របស់​ Mandel ខណៈ​ Vergara ពោល​ថា​ «ពោរពេញ​ទៅ​កម្លាំង​. ពេញ​ដោយ​ភាព​ស្មោះត្រង់​ ខ្ញុំ​គិត​ថា​អ្នក​ពិត​ជា​អស្ចារ្យ​ណាស់​»​

Simon Cowell ​បាន​ពោល​ទៅ​កាន់​ Jane Marczewski ថា​៖ «បទ​ចម្រៀង​មួយនេះ​មាន​អ្វី​ដ៏​អស្ចារ្យ​ម្យ៉ាង​ ជា​ពិសេស​វិធីសាស្ត្រ​​ដែល​អ្នក​ស្ទើរ​តែ​រៀបរាប់​​រឿង​រ៉ាវ​ដែល​អ្នក​កំពុង​តែ​ជួប​ប្រទះ​​។ ឆ្នាំ​នេះ​មាន​អ្នក​ចម្រៀង​ពីរោះ​ជាច្រើន​នាក់​ ខ្ញុំ​នឹង​មិន​ផ្ដល់​ Yes ឱ្យ​អ្នក​នោះ​ទេ​។ តែ​ខ្ញុំ​នឹង​ឱ្យ​អ្វីផ្សេង​ទៅ​កាន់​អ្នក​»

អ្វី​ផ្សេង​ដែល​ Simon លើក​ឡើង​នោះ​គឺ​កណ្ដឹង​មាស​ ដែល​មាន​សេចក្ដី​ថា​ Nightbirde ​ផ្លោះ​រំពង​ពី​វគ្គ​ Audition ឡើង​រហូត​ដល់​វគ្គ​ Live Show តែ​ម្ដង​។​

Jane Marczewski (Nightbirde) បាន​ធ្លាក់ខ្លួន​ឈឺ​ដោយ​សារ​​ជំងឺ​មហារីក​ជា​ច្រើន​កន្លែង​​នៅ​អាយុ​២៩​ឆ្នាំ​ ដែល​កាល​នោះ​នាង​ត្រូវ​តស៊ូ​ជាមួយ​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ថែម​ពី​លើ​នោះ​ទេ​ជីវិត​នាង​ហាក់​រលាយ​គ្មាន​សេសសល់​អ្វី​ព្រោះ​ស្វាមី​របស់​នាង​បាន​ចាកចេញ​ពី​នាង​ក្រោយ​នាង​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​មហារីក​នៅ​ត្រឹម​តែ​មួយ​សប្ដាហ៍​មុន​មាន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ Covid-19 ៕​​

ទស្សនាវីដេអូបង្ហាញសមត្ថភាព​ Nightbirde វគ្គ​ Judge Audition ខាងក្រោម​៖

Telegram-Troryorng
Share.