Movie Musical ឬជាភាពយន្តតន្ត្រីដែលមានចំណងជើង «1660 Vine» មានការចូលរួមសម្ដែងដោយ អ្នក​​អង្គ​ម្ចាស់​​ នរោត្តម​ រស្មី​ ខែមុន្នី នៅពេលថ្មីៗនេះ បានបញ្ចេញ Trailer ជាផ្លូវការហើយ ថែមទាំងបញ្ជាក់ពីថ្ងៃចាក់បញ្ចាំងឱ្យអ្នកគាំទ្របានដឹងទៀតផង។

ចូលអាន៖ អ្នក​អង្គម្ចាស់​ នរោត្តម​ រស្មី​ ខែមុន្នី​ ត្រៀម​សម្ដែង​ជា​តួ​អង្គ​ឯក​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ​ថ្មី​មួយ​ «​1660 ​Vine​»​

ភាពយន្តតន្ត្រី «1660 Vine» គឺជាតន្ត្រីភាពយន្តថ្មីសន្លាងមួយដែលមានភាពស្រដៀងគ្នាទៅនឹងភាពយន្ត Higt Scool Musical បានប្រមូលផ្ដុំតារាចម្រៀងល្បីតាមបណ្ដាញសង្គមមកជាង ២០ រូប ឱ្យជួបគ្នាបង្ហើរសំនៀងដ៏ពីរោះទៅតាមសាច់រឿងដែលបានតាក់តែង។ តាមរយៈវីដេអូ Trailer ដំបូងដែលបានបង្ហាញជាផ្លូវការ គេមើលឃើញថា តួអង្គនីមួយៗនៅក្នុងសាច់រឿង គឺបានចាកចេញមកពីកន្លែងផ្សេងៗគ្នា ហើយមកជួបគ្នានៅទីតាំងប្រសព្វមួយ ដែលពួកគេ អាចធ្វើបច្ចុប្បន្នភាពទៅកាន់អ្នកតាមដានរបស់ពួកគេតាមរយៈ vlogs ការផ្សាយហ្គេម ការបង្រៀនតុបតែងមុខ ការរាំនៅក្នុងវីដេអូTikTok បទចម្រៀង និងការលេងសើចកំប្លែង។

ជាពិសេសភាពយន្តហូលីវូដមួយនេះ មានការចូលរួមសម្ដែងពីតារាចម្រៀងនាំមុខដូចជា អ្នក​​អង្គ​ម្ចាស់​​ នរោត្តម​ រស្មី​ ខែមុន្នី ដែលជាតារាចម្រៀងមួយរូបមានឈ្មោះល្បីនៅលើយូធូប  អ្នកគ្រូបង្វឹក Cheryl Porter ដែលជាគ្រូបង្វឹកសំឡេងច្រៀងនៅលើបណ្ដាញសង្គមនានា ជាពិសេសល្បីខ្លាំងនៅលើ TikTok តារាសម្តែង  Chris Olsen និងម្ចាស់ពាន American Idol កញ្ញា Pia Toscano ជាដើម។

ចូលអាន៖ មក​ដឹង​! ខ្សែ​ភាពយន្ត​ហូលីវូដ​ដែល​អ្នក​អង្គម្ចាស់​ នរោត្តម​ រស្មី​ ខែ​មុន្នី​ បាន​ចូល​រួម​សម្ដែង​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​លើ​….

សូមជម្រាបបន្ថែមថា ភាពយន្តតន្ត្រី «1660 Vine» គ្រោងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបើតាមការបញ្ជាក់ថ្មី។ ហើយព័ត៌មាននៃការទស្សនា ត្រូវបានធ្វើឡើងនៅលើគេហទំព័រថ្មីរបស់ភាពយន្តនេះផ្ទាល់តែម្ដង 1660vine.com។

សម្រាប់តួអង្គ អ្នក​​អង្គ​ម្ចាស់​​ នរោត្តម​ រស្មី​ ខែមុន្នី គឺត្រូវបានសម្ដែងជាតួកំឡោះសង្ហាដែលចាកចេញពីការរស់នៅលើទឹកដីហូលីវូដ មកជួបជាមួយក្រុមអ្នកធ្វើការងារនៅលើបណ្ដាញសង្គម។ ទ្រង់បានចូលរួមសម្ដែងភាពយន្តជាលើកដំបូងបង្អស់ បន្ទាប់ពីបញ្ចប់ការសិក្សាពីថ្នាក់បណ្ឌិតផ្នែកសិល្បៈល្ខោន នៅសហរដ្ឋអាមេរិក។ ទ្រង់បានទទួលចំណេះចំនាញផ្នែករបាំពីសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ហើយក្រោយមកទ្រង់ក៏ក្លាយជាអ្នកការទូតលើផ្នែកផ្សព្វផ្សាយវប្បធម៌បុរាណខ្មែរ។ ទ្រង់បានចូលប្រឡូកសិល្បៈពេញលេញនៅឆ្នាំ ២០១៧។

Share.