សិល្បៈ​ជាតិ​៖ ​ក្រោយ​ឃើញ​មាន​សន្ទុះ​គាំទ្រ​និង​ចាប់​អារម្មណ៍​ចំពោះ​ព្រះបុត្រា​ប្រ៊ុយ​ណេ Abdul Mateen ច្រើន​ភ្លូក​ទឹក​ភ្លូក​ដី​ តារា​ចម្រៀង​ Origianal បេះដូង​សប្បុរស​បាន​ព្រលយ​សម្ដី​ថា​​ខ្លួន​ចង់​បបួលព្រះ​បុត្រា​មក​រត់​​ជាមួយ​គ្នា​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​ប្រទេស​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ២០២២​នេះ​ ​ក្រៅពី​ផ្ដោត​ជា​​សំខាន់​ចំពោះ​កិច្ច​ប្រជុំ​កំពូល​ដ៏​ធំ​ប្រចាំឆ្នាំ​ ​ក្រោយ​បញ្ហា​កូវីដ​មាន​ការ​ធូរ​ស្រាល​ហើយ​នោះ​ ភ្ញៀវ​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​និង​ដៃ​គូ​​ក៏​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​​ពិសេស​ដែរ ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​​ព្រះ​បុត្រា​ Abdul Mateen (អាប់ឌុល​ ម៉ាទីន) ដែល​អម​ដំណើរ​ព្រះ​បិតា​មក​ចូលរួម​កិច្ច​ប្រជុំ​​នា​គ្រា​នេះ​ដែរ​។

បន្ទាប់​ពី​រូប​ភាព​ដ៏​សង្ហា​ចុះ​ពី​យន្ត​ហោះ​ជាមួយ​នឹង​ព្រះ​បិតា​ហើយ​នោះ​ រូប​ភាព​រត់​ហាត់​ប្រាណ​របស់​ព្រះ​បុត្រានៅ​ក្នុង​បរិវេណ​សណ្ឋាគារ​ដែល​ជា​ទីសំណាក់​របស់​ទ្រង់​ក៏ក្លាយ​ជា​រូប​ភាព​ Viral មាន​ការ​ចែក​រំលែក​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ​។​

អាន​អត្ថបទ៖ សាយ បិទ​បេសកកម្ម​រត់​ ដោយ​សារ​​គ្រូ​ពេទ្យ​ហាម​មិន​ឱ្យ​​រត់​​ឆ្ងាយ​លើស​ ១០​គីឡូ​ម៉ែត្រ​​ បើ​​មិន​​ចង់​​វេទនា​​នៅ​ថ្ងៃ​​ក្រោយ

យ៉ាង​ណា​មិញ​ សាយ​ តារា​ចម្រៀង​ Original ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​លើ​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម​ ពិសេស​ Project #RUNWITHSAI កម្មវិធី​រត់​ដើម្បី​ប្រមូល​ថវិកា​បរិច្ចាគ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គ​របស់​លោក​ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​ព្រះបុត្រា​ប្រ៊ុយណេខ្លាំង​ដូច​គ្នា​ ដោយ​ផេក​ផ្លូវ​ការ​របស់​តារា​រូប​នេះ​បាន​បង្ហោះ​សំណេរ​ថា​​៖ ចង់​តែ​យាង​ព្រះ​បុត្រា​មក​រត់​នៅ​ក្នុង​កម្មវិធី​ #RUNWITHSAI ​ទេ​ ដឹង​តែ​បាន​ការ​បរិច្ចាគ​ច្រើន​តែ​ម្ដង​។​

ការ​លើក​ឡើង​ខ្លី​របស់​ សាយ បាន​​ក្លាយ​ជា​សំណើច​ប្រចាំ​រាត្រី​ និង​មាន​ការ​ជជែក​វែក​ញែក​គ្នា​យ៉ាងគគ្រឹក​គគ្រេង​ ដោយ​ភាគ​ច្រើន​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​នេះ​ ហើយ​​គ្រប់​គ្នា​​រំពឹង​ថា​​អនាគត​អាច​នឹង​កើត​ឡើង​ ព្រោះ​គេ​សង្កេត​ឃើញ​ថា​ព្រះ​បុត្រា Abdul Mateen ក៏​មាន​ព្រះទ័យ​ចូលចិត្ត​កិច្ចការងារសង្គម​ ពិសេស​ការ​រត់​នេះ​គឺជាទម្លាប់​របស់​ទ្រង់​ផង​ដែរ៕​

Share.