ក្រុមបាល់ទាត់ Jorhor Darul Ta’zim របស់ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បានគ្រងតំណែងជើងឯកពានរង្វាន់លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី Malaysia Super League ចំនួន៨ឆ្នាំជាប់ៗគ្នាហើយ គឺគិតចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ។
ក្លិបដែលមានកីឡដ្ឋានជាប់ឈ្មោះជាកីឡដ្ឋានស្អាតជាងគេបំផុតនៅលើលោកក្នុងឆ្នាំ២០២០ មួយនេះបានឡើងមកលេងពានរង្វាន់លីគកំពូលម៉ាឡេស៊ី នៅរដូវកាល២០០៥-២០០៦ ហើយឈ្នះជើងឯកជាប់ៗគ្នាគឺនៅឆ្នាំ២០១៤,២០១៥,២០១៦,២០១៧,២០១៨,២០១៩,២០២០និង២០២១ នេះ។
តាមពិតរដូវកាលឆ្នាំ២០២១ នេះមិនទាន់បញ្ចប់នោះទេ ដោយនៅសល់២ប្រកួតចុងក្រោយទៀត ប៉ុន្តែគិតត្រឹមពេលនេះក្រុម JDT មានពិន្ទុច្រើនជាងគេនាំមុខកំពូលតារាងរហូតដល់ទៅ៥១ពិន្ទុគឺដាច់ពីក្រុមចំណាត់ថ្នាក់លេខ២ Terengganu FA ដែលមានតែ៣៧ពិន្ទុប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖ពាន “Stadium Of The Year 2020” បានទៅកីឡដ្ឋានមួយស្ថិតតំបន់អាស៊ានយើង
២ប្រកួតដែលនៅសេសសល់ក្រុម JDT ត្រូវប៉ះក្រុម Terengganu FA នៅថ្ងៃទី៤ ខែកញ្ញា និងបន្តប៉ះក្រុម Kuala Lumpur City នៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២១។
ពានរង្វាន់Malaysia Super League មានសមាជិក១២ក្រុម ហើយក្រុមឈ្នះជើងឯកមានឈ្មោះទៅលេងពានរង្វាន់ AFC Champions League ក្នុងវគ្គចែកពូល ហើយក្រុមលេខ២ និងលេខ៣ មានឈ្មោះចូលរួមប្រកួតពានរង្វាន់ AFC Cup ផងដែរ។ ចំណែកក្រុមនៅបាតតារាងចំនួន២ក្រុមត្រូវធ្លាក់ទៅលេងពានរង្វាន់កម្រិតទី២ Malaysia Premier League៕