យោងតាមការចេញផ្សាយដោយសារព័ត៌មាន Amarin TV នាថ្ងៃអង្គារ ទី១៤ ខែតុលា នេះថា សមាជិកព្រឹទ្ធសភាថៃម្នាក់ គឺលោកស្រី អាំងខៈណា នីលៈភៃចិត្រ (Angkana Neelapaijit) បានប្រកាសយ៉ាងចំហថា ប្រទេសថៃពិតជាបានវាយប្រហារមកលើកម្ពុជាមុន ហើយថែមទាំងបានប្រើប្រាស់យន្ដហោះចម្បាំង F-16 ដើម្បីបើកការវាយប្រហារតាំងពីថ្ងៃប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ មកម្ល៉េស។

ការប្រកាសរបស់សមាជិព្រឹទ្ធសភាស្រ្តីរូបនេះ បានធ្វើឱ្យពលរដ្ឋថៃ និងកម្ពុជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រកាសក្ដែងៗនៅមុនអ្នកកាសែតបែបនេះ។

ថ្លែងទៅកាន់ទូរទស្សន៍ Amarin TV កាលពីថ្ងៃអង្គារ កន្លងទៅនេះ លោកស្រី អាំងខៈណា (Angkana) បានអះអាងថា អ្វីដែលលោកស្រីនិយាយគឺ សុទ្ធសឹងតែជាការពិត ដោយបញ្ជាក់ថា លោកស្រីមិនមែនកាន់ជើងកម្ពុជាទេ ប៉ុន្តែគ្រាន់តែនិយាយការពិតដែលថា កម្ពុជាត្រូវបានបំផ្លាញ ពេលយន្តហោះ F-16 វាយប្រហារ។ លោកស្រីបានចាត់ទុកទង្វើនេះថាជា «ប្រតិបត្តិការយោធា» ដែលភាគីថៃបានបាញ់ទៅលើកម្ពុជាមុន មុនពេលមានការឆ្លើយតបបកមកវិញ។

ទន្ទឹមនោះ កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ លោកស្រី អាំងខៈណា (Angkana) រូបនេះ បានចេញមុខព្រមានរដ្ឋាភិបាលយ៉ាងខ្លាំង ចំពោះករណីដែលអនុញ្ញាតឱ្យបុគ្គលសាធារណៈ និងអ្នកមានឥទ្ធិពល (Influencer) ដូចជា «កាន់ ចមផៈឡាំង» ប្រើប្រាស់រថយន្ត​ដឹក​ធុង​បាស​បើក​សំឡេងខ្មោចលង និងសំឡេងយន្តហោះចម្បាំង F-16 នៅតាមតំបន់ព្រំដែនថៃ-កម្ពុជា ដើម្បីដាក់សម្ពាធលើប្រជាពលរដ្ឋខ្មែរនៅត្រើយម្ខាង។

លោកស្រី បានបង្ហោះសារព្រមានរដ្ឋាភិបាលថា ទង្វើនេះអាចបង្កបញ្ហាធ្ងន់ធ្ងរ ដូចជា៖ ការរំលោភបំពានអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មផ្លូវចិត្ត CAT , ផលប៉ះពាល់ផ្លូវចិត្ត និងប៉ះពាល់ទំនាក់ទំនងអន្តរជាតិ។

យ៉ាងណាក៏ដោយ ការលើកឡើងរបស់សមាជិកព្រឹទ្ធសភារូបនេះ កំពុងធ្វើឱ្យក្រុមជ្រុលនិយមថៃ បានព្រួតគ្នាសម្ដែងការស្អប់ខ្ពើម និងចាត់ទុកលោកស្រីជាជនក្បត់ជាតិផងដែរ៕

ប្រភព៖ Amarin TV

ចុចអាន៖ ទង្វើរបស់ កាន់ ចមផៈឡាំង ត្រូវសមាជិកព្រឹទ្ធសភាថៃ លើកឡើងថាបានរំលោភបំពានអនុសញ្ញា CAT ពោលគឺជាការធ្វើទារុណកម្មផ្លូវចិត្ត!

Share.