នៅពេលថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ផ្ដើមងាកមកចាប់អារម្មណ៍អំពីទំនាក់ទំនងរបស់ បុរសជោគជ័យ ប៊ុន ផាក និងគូស្នេហ៍ម្ដងទៀត បន្ទាប់ពីលោកបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយ Caption ផ្អែមល្ហែម។ នៅថ្ងៃទី ៧ ខែកុម្ភៈ នេះ លោក ប៊ុន ផាក បាននិយាយរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា « Official date with this one 🌹» ដែលបង្ហាញពីការណាត់ជួបសារសងជាមួយគូស្នេហ៍។
មិនយូរប៉ុន្មាន ស្រាប់តែគេឃើញមានអ្នកលេងបណ្ដាញសង្គមមួយចំនួន បង្ហាញមតិរិះគន់ ហើយបានបង្ហាញអារម្មណ៍ទើសទាល់ដោយលើកឡើងថា «ស្នេហាលើមនុស្សមានចំណេះវិជ្ជានឹងទ្រព្យសម្បត្តិ តែមិនថ្លៃថ្នូ😂» «official យកបានសំរេច😵💫» «មិនខ្វល់ពួកគេស្រឡាញ់គ្នាបែបណាទេ តែខ្ញុំចាំមើលពួកគេបែកគ្នា😂😂» «វៃដល់ងាប់ក៏ខាងស្រីចេញលុយដែរ🤣🤣» និងមានខ្លះទៀតនិយាយជាហូរហែមិនឈប់នៅក្នុង Comment។ ទោះជាយ៉ាងណាក្ដី គេក៏ឃើញមានមតិខ្លះទៀតបានសម្ដែងការអបអរសារទរចំពោះស្នេហារបស់ទាំងពីរផងដែរ។
បើក្រឡែកមកក្រោយបន្តិច លោក ប៊ុន ផាក ធ្លាប់សរសេរសំបុត្រសារផ្អែមល្ហែមឱ្យម្ចាស់ហាងអនឡាញ V Shop អ្នកនាង ស៊ាន សុធារី ដោយលោកបានបញ្ជាក់ថា លោក និងនាង បានសាងសេចក្ដីស្នេហាជាមួយគ្នាអស់រយៈពេលជាង៥ខែមកហើយ លោកអ្នកទាំងពីរក៏មានក្ដីសុខនឹងគ្នាខ្លាំងណាស់។ បើទោះបីជាឆ្លងកាត់ឧបសគ្គកន្លងមក ក៏ប៉ុន្ដែស្នេហារបស់អ្នកទាំងពីរនឹងកាន់តែរឹងមាំ ហើយមានតម្លៃជាងមុនទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកនាង ស៊ាន សុធារី ។