តាមពិតទៅសុំណុំរឿង ដេននី ក្វាន់ ត្រូវបានតុលាការចាត់ការលើម្ចាស់សណ្ឋាគារ និងកំពុងបន្តនីតិវិធី។ ក្នុងនោះម្ចាស់សណ្ឋាគាររូបនេះ ប្រឈមនឹងបទចោទចំនួន២ គឺបទប៉ះពាល់រូបភាពនៃបុគ្គល តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ ដែលត្រយងញូវស៍ បានអត្ថាធិប្បាយក្នុងអត្ថបទមុនរួចមកហើយ។
សូមចុចត្រង់នេះ៖ សំណង១ម៉ឺនដុល្លារ ដេននី ក្វាន់ មិនយក តើចង់បានប៉ុន្មាន? ចុះខាងសណ្ឋាគាររួចពីសំណុំរឿងព្រហ្មទណ្ឌទេមើលទៅ?
ចំណែកបទល្មើសមួយទៀត គឺ ម្ចាស់សណ្ឋាគារជាប់ពាក់ព័ន្ធនឹងបទផលិតរូបភាព ដែលមានចែងក្នុងមាត្រា៣៩ ស្ដីពី រូបភាព និងសម្ភារៈអាសអាភាស។ ប្រហែលជា ត្រូវបានតុលាការរកឃើញថា ម្ចាស់សណ្ឋាគារបង្កប់កាម៉េរាថត ដើម្បីយករូបភាពភ្ញៀវគ្រប់បែបយ៉ាង ពិសេសរូបភាពផ្លាស់សំលៀកបំពាក់ អាក្រាតកាយ ឬរួមដំណេកនោះហើយ បានជាសម្រេចចោទបទល្មើសនេះមួយទៀត។
វាក្យខណ្ឌទី៣ មាត្រា៣៩ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ចែងថា ជនណាផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តិបទល្មើសណាមួយ ត្រូវផ្ដន្ទាទោសពី១ខែដល់១ឆ្នាំ និងពិន័យជាប្រាក់ពី២សែនរៀលទៅ២លានរៀល។
មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តុលាការដោះលែងឱ្យនៅក្រៅឃុំវិញ ឬបន្តឃុំក្នុងពន្ធនាគារបណ្ដោះអាសន្ន។ បន្ថែមពីនេះ ក៏មិនដឹងថា តុលាការខេត្តព្រះសីហនុបើកសវនាការជម្រះទោសម្ចាស់សណ្ឋាគាររួចរាល់ ឬនៅនោះទេ។ ក្រុមការងារ ត្រយងញូវស៍ នឹងតាមដានបន្ត!
អត្ថបទ ៖ ឃុត ខេមី