ខ្សែបម្រើប្រយុទ្ធ Saman Ghoddos វ័យ២៨ឆ្នាំកំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ Brentford សមាជិកពានរង្វាន់លីគកំពូលអង់គ្លេស (English Premier League) បានសម្រេចចិត្តបន្តពាក់អាវជម្រើសជាតិអ៊ីរ៉ង់ តទៅដោយច្រានចោលឱកាសទទួលបានកៅអីជម្រើសជាតិស៊ុយអែត ក្នុងទ្វីបអឺរ៉ុប។
កីឡាករ Saman Ghoddos កើតនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៩៣ នៅទីក្រុង Malmö ប្រទេសស៊ុយអែត ដោយមានឪពុកម្ដាយជាជនជាតិអ៊ីរ៉ង់។ ដូច្នេះរូបគេមានឱកាសយកសញ្ជាតិស៊ុយអែត បានបើតាមគោលការណ៍ទីកន្លែងកំណើត។
ដំបូងឡើយគេបានចូលរួមជាសមាជិកក្រុមជម្រើសជាតិស៊ុយអែត នៅឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបាន២លើកនិងរកគ្រាប់បាល់បាន១គ្រាប់។ ប៉ុន្តែនៅឆ្នាំជាមួយគ្នានោះដែរ កីឡាករដែលឈ្នះពានរង្វាន់ជាកីឡាករឆ្នើមប្រចាំលីគកំពូលស៊ុយអែត Allsvenskan រដូវកាល២០១៦-២០១៧ រូបនេះក៏សម្រេចចិត្ត ប្តូរទៅយកសញ្ជាតិរបស់ឪពុកម្ដាយខ្លួន គឺអ៊ីរ៉ង់ វិញរហូតដល់បច្ចុប្បន្ន។
អត្ថបទពាក់ព័ន្ធ៖World Cup៖មុនប៉ះអង់គ្លេស ថ្ងៃបើកឆាក អ៊ីរ៉ង់ យកគ្រូបង្វឹកចាស់មកដឹកនាំវិញ
យ៉ាងណាក្តីសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Mehr News Agency បានចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ថាកីឡាករ Saman Ghoddos ត្រូវបានក្រុមជម្រើសជាតិស៊ុយអែត កោះហៅឱ្យចូលក្រុមដែរ តែត្រូវកីឡាកររូបនេះបដិសេធព្រមទាំងបញ្ជាក់ថារូបគេស្រលាញ់អាវរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់។
ក្នុងឱកាសប្រកបអាជីពនៅតាមបណ្តាក្លិប កីឡាករ Saman Ghoddos បានជួយឱ្យក្រុម Brentford ឡើងមកលេងលីគកំពូលអង់គ្លេស វិញ ហើយរដូវកាលថ្មីនេះ គេត្រូវបានលោក Thomas Frank អ្នកចាត់ការក្រុមដែលប្រើប្រាស់កីឡដ្ឋាន Gtech Community Stadium ដាក់ក្នុងបញ្ជីបម្រុងស្ទើរតែគ្រប់ប្រកួត ដោយបង្ហាញខ្លួនលើទីលានបាន២លើក រយៈពេល១៨នាទីប៉ុណ្ណោះ។
🥳 Happy birthday, Saman Ghoddos#BrentfordFC pic.twitter.com/kbA9ZwEnew
— Brentford FC (@BrentfordFC) September 6, 2022
ប៉ុន្តែនៅក្នុងក្រុមជម្រើសជាតិអ៊ីរ៉ង់ វិញគិតពីឆ្នាំ២០១៧ ដល់បច្ចុប្បន្នកីឡាករ រូបនេះធ្លាប់បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិចំនួន៣១ដង ព្រមទាំងទាត់បញ្ជូលទីបាន២គ្រាប់។ ដូច្នេះគ្រាប់បាល់ទាំង៣គ្រាប់មាន៖
-១គ្រាប់ ក្នុងខែមករា ២០១៧៖ ស៊ុយអែត ៦-០ ស្លូវ៉ាគី (មិត្តភាពអន្តរជាតិ) នៅអារ៉ាប់រួម
-១គ្រាប់ ក្នុងខែវិច្ឆិកា ២០១៧៖ អ៊ីរ៉ង់ ២-១ ប៉ាណាម៉ា (មិត្តភាពអន្តរជាតិ) នៅអូទ្រីស
-១គ្រាប់ក្នុងខែវិច្ឆិកា ២០១៩៖ អ៊ីរ៉ង់ ៥-០ យេមែន (2019 AFC Asian Cup) នៅអារ៉ាប់រួម
សម្រាប់ការប្រកួតពានរង្វាន់ 2022 FIFA World Cup Qatar នឹងធ្វើឡើងនៅប្រទេសកាតារចុងឆ្នាំនេះ ហើយក្រុមជម្រើសជាតិអ៊ឺរ៉ង់ ស្ថិតនៅក្នុងពូល B ជាមួយក្រុមជើងខ្លាំងអង់គ្លេស, សហរដ្ឋអាមេរិក និងវ៉ែល ខណៈព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២២៕
ព័ត៌មានជុំវិញបាល់ទាត់ក្នុងទ្វីបអាស៊ី សូមចុចអាននៅទីនេះ…