មានដំណឹងលេចឮមកថា Stephen Chow ហៅ ទិនហ្វី បានប្រកាសផលិតភាពយន្តឱ្យ Tencent Video ដើម្បីវាយលុកចូលទីផ្សារភាពយន្តអនឡាញ ហើយសមីខ្លួនអាចនឹងលើកយករឿង «Kung Fu Hustle» (ក្រុមពូថៅដៃ) មកថតវគ្គបន្ត ព្រោះចុងក្រោយនេះស្នាដៃរបស់លោក រកចំណូលបានកាន់តែទាប ម្យ៉ាងទៀតលោកក៏កំពុងមានបញ្ហាហិរញ្ញវត្ថុផងដែរ។
សូមចុចអាន ភាពយន្តគំនូរជីវចល «ស្ដេចស្វាអ៊ូខុង» របស់ទិនហ្វីនឹងមានបញ្ចាំងលើ Netflix ឆ្នាំ២០២៣!
![](https://troryorng.com/wp-content/uploads/2021/06/287-1024x640.jpg)
តារាសម្ដែងគ្រប់អាយុ៥៩ឆ្នាំ ពេញគិតត្រឹមថ្ងៃទី២២ មិថុនា ឆ្នាំ២០២១ កន្លងមកនេះធ្លាប់ជាអតីតតារាលំដាប់ «កំពូលតារាកំប្លែង» ហើយក្រោយពេលឈប់ធ្វើការមុខកាំមេរ៉ា មកធ្វើការខាងក្រោយកាំមេរ៉ាវិញក៏នៅតែទទួលបានជោគជ័យយ៉ាងខ្លាំង ដោយស្នាដៃរបស់លោក រកបានប្រាក់ចំណូលយ៉ាងច្រើនមហាសាល។
![](https://troryorng.com/wp-content/uploads/2021/06/Kung-Fu-Hustle-1.jpg)
តែមួយរយៈចុងក្រោយភាពយន្តរបស់លោកចាប់ផ្ដើមរកប្រាក់ចំណូលបានទាប ចំណែកបញ្ហាប្រាក់ដែលលោកជួបប្រទះដោយសារតែក្រុមហ៊ុន Shanghai New Culture Media បានប្ដឹងលោកល្មើសកិច្ចសន្យា ព្រោះភាពយន្តដែលលោកផលិតរកចំណូលមិនបានយ៉ាងតិច ១.០៤លានយ័ន ក្នុងរយៈពេល៣ឆ្នាំ ដូចជាធ្លាប់បានសន្យាគ្នា។
ភាពយន្ត Journey to the West: The Demons Strike Back (2017) និង The New King of Comedy (2019) រកប្រាក់ចំណូលបានតិចជាការរំពឹងទុក ដោយភាពយន្តទាំងពីរនេះរកបានចំណូលត្រឹម ៦២០លានយ័ន ដែលជាមូលហេតុបណ្ដាលឱ្យលោកត្រូវក្រុមហ៊ុនខាងលើប្ដឹង ទាមទារប្រាក់សំណងរហូតដលើ ៨៤០ លានយ័ន។
![](https://troryorng.com/wp-content/uploads/2021/06/kung-fu-hustle-1024x533-1.jpg)
បន្តមកទៀត The Mermaid 2 សមិទ្ធិផលមួយទៀតរបស់ ទិនហ្វីដែលថតតាំងពីឆ្នាំ២០១៨ ក៏មិនបានបញ្ចាំងក្នុងរោងភាពយន្ត រហូតមានលេចឮដំណឹងចចាមអារ៉ាមថា អាចនឹងមានបញ្ហា មកដល់បច្ចុប្បន្នភាពយន្តនិយាយពីទេពមច្ឆាវគ្គបន្តនេះក៏នៅតែមិនទាន់បានដាក់បញ្ចាំងក្នុងរោងភាពយន្ត ទោះជាមានដំណឹងល្ហិចល្ហៀងមកថាអាចនឹងបញ្ចាំងនៅឆ្នាំ២០២២ខាងមុខនេះក្ដី។
![](https://troryorng.com/wp-content/uploads/2021/06/762225_mei_ren_yu_mermaid_1200x900_english_aust_jpg-1024x768.jpg)
សារព័ត៌មានហុងកុងថែមទាំងចុះផ្សាយទៀតថា យោងតាមអាជ្ញាធរចុះបញ្ជីដីធ្លីនៅហុងកុងបានបង្ហើបឱ្យដឹងថា ដោយសារបញ្ហាលុយកាក់នេះបានធ្វើឱ្យអតីតកំពូលតារាកំប្លែងហុងកុង យកផ្ទះទំនើបនិងប្រណិតរបស់ខ្លួននៅ The Peak ទៅបញ្ចាំធនាគារ JP Morgan Chase។
ចុងក្រោយបង្អស់មានព័ត៌មានថា Stephen Chow បានប្រកាសរួមសហការជាមួយនឹង Tencent Video ក្រុមហ៊ុនអនឡាញដ៏ធំរបស់ចិន ដើម្បីរួមគ្នាផលិត ជាភាពយន្តដែលនឹងប្រើដើមទុនតិចជាងស្នាដៃកន្លងមករបស់ទិនហ្វី ហើយបើទោះជាមិនមានការបង្ហើបឱ្យដឹងថាភាពយន្តនោះជារឿងអ្វីក៏ដោយ តែសារព័ត៌មានហុងកុងបានសន្និដ្ឋានថា ស្នាដៃមួយដែលទិនហ្វីនឹងផលិតឱ្យ Tencent Video គឺ Kung Fu Hustle 2 (ក្រុមពូថៅដៃ២)។
![](https://troryorng.com/wp-content/uploads/2021/06/image-1-1024x667.jpg)
Kung Fu Hustle គឺជាភាពយន្តក្បាច់គុនកុងហ្វូដែលមានបញ្ចូលបច្ចេកទេសពិសេសយ៉ាងច្រើន របស់ Stephen Chow ជាភាពយន្តដ៏ល្បីល្បាញនិងបោះជំហានបានយ៉ាងឆ្ងាយរហូតទៅបញ្ចាំង ដល់សហរដ្ឋអាមេរិក។ ចំពោះដំណឹងផលិតភាពយន្តនេះ ទិនហ្វី មានគំរោងមកជាយូរហើយថានឹងផលិតវគ្គបន្ទាប់ តែអាចនឹងមិនមែនជារឿងរ៉ាវតវគ្គ ពីវគ្គទីមួយមកនោះទេ តែនឹងបរិយាយសាច់រឿងស្រដៀងគ្នាតែរឿងកើតឡើងក្នុងសម័យកាលបច្ចុប្បន្នវិញ៕
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)