ទំនប់​ទឹក​ទំហំ​១​លាន​ម៉ែត្រគីប នៅ​លើ​កំពូល​ភ្នំ​បូកគោ នឹង​បញ្ចប់​ការ​សាងសង់​នៅ​ប្រមាណ​ជា ៣ ខែ​ខាង​មុខ​។ ទំនប់​ទឹក​នេះ​ជា​អាង​ទឹក​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​បឹង​ធម្មជាតិ ដែល​មាន​ស្រាប់ ហើយ​វា​មាន​សារ​សំខាន់​ណាស់​សម្រាប់​ផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​ក្រុង​បូកគោ​ទាំង​មូល​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក កែវ សិទ្ធ ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​សុខា​។

ទំបន់​ទឹក​នេះ​ជា​គម្រោង​របស់​ក្រុមហ៊ុន​សុខា របស់​អ្នក​ឧកញ៉ា​សុខ គង់ ដែល​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​អភិវឌ្ឍ​នៅ​លើ​កំពូល​ភ្នំ​បូកគោ​។

ស្ថិត​ក្នុង​ចំណោម​គម្រោង​សំណង់​ធំៗ​ដូច​ជា ផ្លូវ​តភ្ជាប់​ក្រុង​បូកគោ​ទៅ​ផ្លូវ​ជាតិ​លេខ៤ ប្រវែង ជាង៦០ គីឡូម៉ែត្រ និង​ព្រះពុទ្ធ​បដិមា​កម្ពស់ ១០៨ ម៉ែត្រ គម្រោង​ទំនប់​ទឹក​នេះ​មាន​ប្រវែង ២០០ ម៉ែត្រ កម្ពស់​២០ ម៉ែត្រ កម្ពស់​ទឹក ១៥ ម៉ែត្រ ផ្ទៃ​ទឹក​លាត​សន្ធឹង​បណ្ដោយ ១ ០០០ ម៉ែត្រ និង​ចំណាយ​ខ្ទង់​៥​លាន​ដុល្លារ​។ បើ​តាម​ការ​បញ្ជាក់​ពី​លោក កែវ សិទ្ធ គម្រោង​នេះ​គ្រោង​ចំណាយ​ពេល​៣​ឆ្នាំ ប៉ុន្តែ​ជាក់​ស្ដែង​អាច​នឹង​ហើយ​មុន​កាល​កំណត់ ពោល​គឺ​អាច​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០២៤​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​សុខា​បាន​ទទួល​សិទ្ធ​អភិវឌ្ឍន៍​លើ​កំពូល​ភ្នំ​បូកគោ​ក្រោម​រូបភាព​សម្បទាន​រយៈ​ពេល ៩៩​ឆ្នាំ ពី​រាជរដ្ឋាភិបាល នៅ​ឆ្នាំ ២០០៨ លើ​ផ្ទៃ​ដី ៤១ ១៤៨ ហិកតារ នៃ​ផ្ទៃ​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​សរុប ១៥៤ ៤៥៩ ហិកតារ​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.