ឆ្លើយតប​ទៅ​កាន់​សំណួរ​អ្នក​សារព័ត៌មាន​នៃ​ស្ថានីយ​ទូរទស្សន៍​មហាផ្ទៃ ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រសួង​ផ្ទាល់ ឧត្ដមសេនីយ៍ឯក តុប នេត អគ្គនាយក​អត្តសញ្ញាណកម្ម បាន​ឱ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃ​ក្រសួងមហាផ្ទៃ គ្រោង​ពង្រីក​ការ​ផ្ដល់​សេវា​លិខិត​ឆ្លងដែន​ទៅ​កាន់ ២​ខេត្ត​ទៀត គឺ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​សៀមរាប​។ កិច្ចការ​នេះ គឺ​ជា​គោលដៅ​មួយ​នៃ​ការ​បង្ខិត​សេវា​សាធារណៈ ឱ្យ​នៅ​កៀក​ជិត​នឹង​ប្រជាពលរដ្ឋ​។

អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​សេវា​ផ្ដល់​លិខិត​ឆ្លងដែន​មាន​ចំនួន​៥​កន្លែង គឺ​ទី១ នៅ​ក្រោយ​វត្ត​និរោធ​រង្សី ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​, ទី២ ផ្សារ​ទំនើប​អ៊ីអន​២ សែន​សុខ​, ទី៣ នៅ​ខេត្ត​កោះកុង​, ទី​៤ នៅ​ខេត្ត​បាត់​ដំបង​, និង​ទៅ​៤ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ​។ បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ទទួល​បាន​គោលការណ៍​ពី​ក្រសួង​មហាផ្ទៃ និង​បាន​ត្រៀម​សម្ភារ​បរិក្ខារ​គ្រប់គ្រាន់ ពោល​យ៉ាង​យូរ ដំណើរការ​នៃ​ការ​ផ្ដល់​សេវា​លិខិត​ឆ្លងដែន​នៅ​ខេត្ត​ត្បូង​ឃុំ និង​ខេត្ត​សៀមរាប នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ ២០២៤​នេះ​៕

Share.