គិត​ចាប់​តាំង​ពី​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​នៅ​លើ​កំពូល​ភ្នំ​បូកគោ ក្រុមហ៊ុន​របស់ អ្នក​ឧកញ៉ា សុខ គង់ ចំណាយ​ទុន​វិនិយោគ​គិត​ជា​សាច់​ប្រាក់​ប្រមាណ​ជាង ៧០០លាន ទៅ៨០០លាន ​ដុល្លារ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក មក​ដល់​ឆ្នាំ ២០២៤ នេះ ផល​ចំណេញ​បាន​មក​ពី​ការ​អភិវឌ្ឍ​នៅ​មិន​ទាន់​រួច​ខ្លួន​នៅ​ឡើយ។

រយៈពេល ១៦ ឆ្នាំ នៃ ៩៩ឆ្នាំ សម្រាប់​សិទ្ធិ​អភិវឌ្ឍ​លើ​កំពូល​ភ្នំ​បូកគោ ដែល​ផ្ដល់​ដោយ​រាជរដ្ឋាភិបាល អ្នក​ឧកញ៉ា សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​លើ​អ្នក​ជំនាន់​ក្រោយ​របស់​លោក នឹង​បន្ត​សម្រេច​គម្រោង​ដ៏​មហិមា​នេះ​នា​ពេល​អនាគត ដោយ​លោក​ពោល​ថា «ខ្ញុំ​មាន​ទ្រព្យ​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង​ហើយ ប៉ុន្តែ​ខ្ញុំ​ចង់​បន្សល់​កេរ​ដំណែល​ដល់​អ្នក​ជំនាន់​ក្រោយ »

តើ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក អ្នក​ឧកញ៉ា សុខ គង់ បាន​ធ្វើការ​អភិវឌ្ឍ​អ្វីខ្លះ​នៅ​ភ្នំ​បូកគោ?

នៅ​ពេល​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​ពេញ​ទី​លើ​ផ្ទៃដី ៤ម៉ឺនហិចតារ នៃ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ (លើ​កំពូល​ភ្នំ​បូកគោ) ក្រុមហ៊ុន​សុខា​អូតែល និង​ក្រុមហ៊ុន​ដែល​ជាប់​សែ​ស្រឡាយ​ផ្សេងៗ​ទៀត ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ឧកញ៉ា សុខ គង់ បាន​បោះ​ទុន​លើ​គម្រោង ៣ធំៗ គឺ​គម្រោង​កែ​លម្អ​ផ្លូវ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ចម្ងាយ​ជាង​៣០គីឡូម៉ែត្រ, គម្រោង​សណ្ឋាគារ​ឋានសួគ៌​បូកគោ និង​គម្រោង​បដិមា​ដូនម៉ៅ​កម្ពស់​២៩ម៉ែត្រ។

រូប​សំណាក​ដូនម៉ៅ ត្រូវ​បាន​ចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ២០១០ និង​បញ្ចប់​នៅ​ថ្ងៃទី៣ ខែ​ឧសភា ឆ្នាំ២០១២។ រូប​សំណាក​នេះ ត្រូវ​បាន​សាងសង់​ឡើង​ពី​ស៊ីម៉ង់ ដែល​មាន​កម្ពស់ ២៩ ម៉ែត្រ និង​ទទឹង ៨ម៉ែត្រ នៅ​ជិត​ច្រាំង​ចោទ​នៃ​ឆ្នេរ​សមុទ្រ។ សំណង់​ទាំង​មូល​មាន​តម្លៃ​ជាង ២សែន ១ម៉ឺន ដុល្លារ​អាមេរិក (២១០ ១៨២)។ ​ទី​នោះ​ក៏​ក្លាយ​ទៅ​ជា​ទី​សក្ការ​ធំ​ជាង​គេ ដែល​មនុស្ស​ម្នា​ទៅ​កម្សាន្ត​លើ​ភ្នំ​បូកគោ​តែង​ចូល​ទៅ​គោរព​បូជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បដិមា​នេះ​អាច​និយាយ​បាន​ថា ជា​អត្តសញ្ញាណ​នៃ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ទៅ​ហើយ។

ជាមួយ​គ្នា​នោះ​ដែរ គម្រោង​កែ​លម្អ​ផ្លូវ​ក្រាល​កៅស៊ូ គ្រប​លើ​បេតុង​ពី​ជើងភ្នំ ឡើង​ទៅ​ដល់​សណ្ឋាគារ​ឋានសួគ៌​បូកគោ ចម្ងាយ ៣២គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ក៏​ត្រូវ​បាន​ធ្វើ​ឡើង ទន្ទឹម​គ្នា​នឹង​សណ្ឋាគារ​នោះ​ផង​ដែរ ហើយ​គម្រោង​ទាំង​ពីរ​នេះ​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែ​សីហា ឆ្នាំ២០១២។ គម្រោង​កែ​លម្អ​ផ្លូវ​ភ្នំ​បូកគោ​នេះ ធ្វើឡើង​លើ​ដាន​ផ្លូវ​ចាស់ ដោយ​ពង្រីក​បន្ថែម​ទ្វេដង ចាក់​បេតុង​ខាង​ក្រោម និង​ក្រាល​កៅស៊ូ​ខាង​លើ។ គម្រោង​ផ្លូវ​នេះ​ចំណាយ​ថវិកា​សាងសង់​គិត​ជា​មធ្យម​ក្នុង​ ១គីឡូម៉ែត្រ​អស់ ១លាន​ដុល្លារ ដូច្នេះ​ប្រសិន​បើ​គិត​សរុប ៣២គីឡូម៉ែត្រ ប្រហែល​ជាង ៣២លាន​ដុល្លារ ។ ចំណែក​គម្រោង​សណ្ឋាគារ​វិញ ពុំ​មាន​ព័ត៌មាន​អំពី​ទំហំ​ទឹកប្រាក់​សាងសង់​ច្បាស់លាស់​នោះ​ទេ គេ​គ្រាន់តែ​ដឹង​ថា សណ្ឋាគារ​នេះ​មាន​ជាង៤១០ បន្ទប់ បែងចែក​ជា​ពីរ​លំដាប់ ដែល​មាន​តម្លៃ​ចាប់​ពី ៨៥ដុល្លារ ដល់ ១៧៥ដុល្លារ ក្នុង​មួយ​យប់។

នៅ​ឆ្នាំ២០១៧ ក្រុមហ៊ុន​សុខា​បាន​ទទួល​សិទ្ធិ​ជួសជុល​កែ​លម្អ​សណ្ឋាគារ​ចំណាស់ (កាស៊ីណូ​ចាស់) មាន​អាយុ​ជិត ១០០ឆ្នាំ នៅ​លើ​កំពូល​ភ្នំ​បូកគោ និង​ដាក់​ឈ្មោះ​ថា ឡឺ​បូកគោ​ផាឡេស (Le Bokor Palace) ហើយ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ២០១៨។ សណ្ឋាគារ​នេះ​មាន ៣៦ បន្ទប់, ភោជនីយដ្ឋាន២ និង​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ៥។

ដោយ​មាន​សិទ្ធិ​ពេញ​ដៃ ក្រុមហ៊ុន​នេះ បាន​ទប់​ស្ទឹង​មួយ​បង្ខាំង​យក​ទឹក​ដើម្បី​ប្រើប្រាស់​នៅ​លើ​ភ្នំ ហើយ​ក៏​ហៅ​ទំនប់​នោះ​ថា​ជា​បឹង​ធម្មជាតិ ដែល​មាន​ទីតាំង​ក្បែរ​ផ្ទះ​អ្នក​ឧកញ៉ា សុខ គង់ តែ​ម្ដង។ បឹង​នេះ​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ប្រើប្រាស់​នៅ​លើ​កំពូល​ភ្នំ​បូកគោ​ទាំងមូល ហើយ​ក៏​ជា​ប្រភព​ទឹក​សម្រាប់​ផលិត​ទឹក​ពិសា ឋានសួគ៌​បូកគោ ផង​ដែរ។

រោងចក្រ​ផលិត​ទឹក​ពិសា​ឋានសួគ៌​បូកគោ ក៏​ជា​សហគ្រាស​ស្ថិត​ក្រោម​ក្រុមហ៊ុន បូកគោ​ហ្វាម របស់​អ្នក​ឧកញ៉ា សុខ គង់ ដែរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៩ ដោយ​មាន​ទឹក​ប្រាក់​វិយោគ​ចំនួន ២លាន​ដុល្លារ។ រោងចក្រ​នេះ​មាន​ទំហំ ១ ០៦២ ម៉ែត្រ​ទ្វេ​គុណ និង​ស្ថិត​នៅ​លើ​ភ្នំ​បូកគោ។ ក្នុង​មួយ​ថ្ងៃ រោងចក្រ​នេះ​អាច​ផលិត​ទឹក​សុទ្ធ​បាន​ខ្ទង់ ៥ម៉ឺន​ដប។

ទន្ទឹម​គ្នា​នេះ ទំហំ​វិនិយោគ ៥លាន​ដុល្លារ ទៀត អ្នក​ឧកញ៉ា សុខ គង់ បាន​ដាក់​លើ​កសិដ្ឋាន​បូកគោ (Bokor Farm)។ កសិដ្ឋាន​នេះ​មាន​ផ្ទៃដី​សរុប ១២ហិចតារ ដាំ​ដំណាំ​ប្រភេទ​បន្លែ​ធម្មជាតិ​ប្រមាណ​ជិត១០០ មុខ មាន​ទាំង​ដំណាំ​លើ​ដី និង​ដំណាំ​ប្រើ​ប្រព័ន្ធ​បំពង់​ទឹក។ ដំណាំ​បន្លែ​បង្ការ​ទាំងអស់​នោះ ភាគច្រើន​ផ្គត់ផ្គង់​ទៅ​ឲ្យ​តែ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​របស់​សុខា​អូតែល។

ក្រុមហ៊ុន​សុខា ក៏​កំពុង​សាងសង់ ​ទំនប់​ទឹក​ទំហំ​១​លាន​ម៉ែត្រគីប ​ចំណាយ​ខ្ទង់ ​៥​លាន​ដុល្លារ ។ ទំនប់​ទឹក​នេះ​មាន​ប្រវែង ២០០ ម៉ែត្រ កម្ពស់​២០ ម៉ែត្រ កម្ពស់​ទឹក ១៥ ម៉ែត្រ ផ្ទៃ​ទឹក​លាត​សន្ធឹង​បណ្ដោយ ១ ០០០ ម៉ែត្រ​។ គម្រោង​នេះ​គ្រោង​ចំណាយ​ពេល​៣​ឆ្នាំ ប៉ុន្តែ​ជាក់​ស្ដែង​អាច​នឹង​ហើយ​មុន​កាល​កំណត់ ពោល​គឺ​អាច​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០២៤​។ ទំនប់​ទឹក​នេះ​ជា​អាង​ទឹក​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​បឹង​ធម្មជាតិ ដែល​មាន​ស្រាប់ ហើយ​វា​មាន​សារ​សំខាន់​ណាស់​សម្រាប់​ផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​ក្រុង​បូកគោ​ទាំង​មូល​។

បន្ថែម​លើ​បដិមា​ដូនម៉ៅ នៅ​ដំណាក់​ស្លាខ្មៅ គម្រោង​កសាង​ ពុទ្ធប្បដិមា​កម្ពស់ ១០៨ ម៉ែត្រ នៅ​លើ​កំពូល​ភ្នំ​បូកគោ ក៏​កំពុង​ប្រតិស្ឋ​ឡើង​ដែរ បើ​គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២៤ គម្រោង​នេះ​សម្រេច​បាន​ជាង​៣០​ភាគរយ​ហើយ​។ គម្រោង​ពុទ្ធប្បដិមា ដែល​ជា​ទី​សក្ការបូជា​កម្ពស់​ជាង ១០០ ​គ្រោង​ចំណាយ​ថវិកា​កសាង​ប្រមាណ​ជាង ៣០ លាន​ដុល្លារ​។ មូលហេតុ​ដែល​នាំ​ឲ្យ​កសាង​បដិមា​ព្រះពុទ្ធ​ដ៏​ធំ​មួយ​នេះ​ឡើង គឺ​ដោយសារ​ភ្នំ​បូកគោ​ក៏​ជា​ទីតាំង​បណ្ដុំ​នៃ​ទេសចរណ៍​បែប​សាសនា​ផង​ដែរ។

គម្រោង​ចំណាយ​ដ៏​ធំ​មួយ​ទៀត​នោះ គឺ ផ្លូវ​ថ្មី ត​ភ្ជាប់​ពី​ផ្លូវ​ចាស់​នៅ​ត្រង់​រូប​សំណាក​ព្រះពុទ្ធ​កម្ពស់ ១០៨ម៉ែត្រ ទៅ​ដល់​ផ្លូវ​ដល់​ផ្លូវ​ជាតិ​លេខ៤។ ផ្លូវ​ថ្មី​នេះ​មាន​ប្រវែង​ជាង ៦០គីឡូម៉ែត្រ ទទឹង១២ម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​បូកគោ​នៃ​ខេត្ត​កំពត ដល់​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​ចម្ការ​ដូង​ប្រេង​ឧកញ៉ា ម៉ុង ឫទ្ធី ម្ដុំ​គីឡូម៉ែត្រ ១៥៨ ដោយ​ក្រាល​បេតុង​ខាងក្រោម ហើយ​ចាក់​កៅស៊ូ​ខាង​លើ ដើម្បី​ធានា​គុណភាព​ប្រើប្រាស់​បាន​យូរ​អង្វែង​។ បើ​តាម​អ្នក​គ្រប់គ្រង​គម្រោង និង​អ្នក​ជំនាញ ផ្លូវ​ថ្មី​នេះ​ជា​គម្រោង​ដ៏​លំបាក និង​ចំណាយ​ច្រើន។ ផ្លូវ​ថ្មី​នេះ​មិន​មាន​គម្រោង​ចំណាយ​ច្បាស់លាស់ និង​កាលកំណត់​បិទ​ការដ្ឋាន​នោះ​ទេ ប៉ុន្តែ​គេ​អាច​ប៉ាន់ស្មាន​បាន​តាម​រយៈ​កំណាត់​ផ្លូវ​ដែល​ចាក់​បេតុង​រួច​បាន​ប្រហែល ៣គីឡូម៉ែត្រ​ថា ក្នុង​មួយ​គីឡូម៉ែត្រ​ចំណាយ​អស់ ៣លាន​ដុល្លារ។ ដូច្នេះ ប្រវែង ៦០គីឡូម៉ែត្រ​ចំណាយ​អស់​ប្រហែល ១៨០លាន​ដុល្លារ

ក្រៅពី​គម្រោង​ធំ​ៗ ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​តាម​រយៈ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ដែល​រៀបចំ​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា កាលពី​ថ្ងៃ​ទី ២៨ ដល់​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ២០២៤ ក្រុង​បូកគោ​ក្នុង​ដៃ​ក្រុមហ៊ុន​របស់​ឧកញ៉ា សុខ គង់ ត្រូវ​បាន​ឈូស​ឆាយ​ធ្វើជា​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ត​ភ្ជាប់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ អម​ដោយ​បង្គោល និង​ខ្សែភ្លើង​ច្រូងច្រាង។ ជាមួយ​គ្នា​នេះ គម្រោង​លំនៅឋាន​សម្រាប់​អ្នកមាន និង​អភិជន​ក៏​កំពុង​ពង្រីក​ខ្លួន​វាតទី​លើ​ដី​ព្រៃ​របោះ​ចូល​ជិត​ពាន់​ហិកតារ។

ក្នុង​ផ្ទៃ​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល ៤១០០០ ហិកតារ ផ្ទៃ​ដី​ប្រមាណ​ជា ៧៥៨ ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​សុខា​បែងចែក​ទៅ​ជា​ដី​សម្រាប់​អភិវឌ្ឍ​លំនៅឋាន ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​សុខា​អចលនទ្រព្យ (Sokha Real-estate ) ។ ដី​សម្រាប់​អភិវឌ្ឍ​លំនៅឋាន​ជិត ៧៦០ ហិកតារ ត្រូវ​បែងចែក​ទៅ​ជា៣គម្រោង រួមមាន៖

គម្រោង​ទី១ ឈ្មោះ​ថា បុរី​អម្រឹត ឋានសួគ៌ គ្រប​ដណ្ដប់​លើ​ផ្ទៃដី ៨០ ហិកតារ ជា​លំនៅឋាន​បែប​ផ្ទះល្វែង​៣ជាន់ មាន​ចំនួន ៤ ២៤០ ល្វែង។

គម្រោង​ទី២ ឈ្មោះ​ថា បុរី​មរតក ឋានសួគ៌ គ្រប​ដណ្ដប់​លើ​ផ្ទៃដី ៨៨ ហិកតារ ជា​ប្រភេទ​ផ្ទះ​វីឡា ដែល​មាន​ជាង ១៣០០ វីឡា។

គម្រោង​ទី៣ ឈ្មោះ​ថា ក្រោន រៀល អ៊ីស្តេត គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​សរុប ៥៩៥ ហិកតារ រួមមាន​ផ្ទះ​វីឡា​ប្រណីត​លំដាប់​ខ្ពស់ ៥ ៥៨៥ ខ្នង ផ្ទះ​ល្វែង ១៥ ៩៥២ ល្វែង និង​ដី​ឡូតិ​សម្រាប់​សាងសង់​ផ្ទះ​វីឡា និង​ផ្ទះ​ល្វែង​ជាច្រើន​ទំហំ។

គម្រោង​លំនៅឋាន​ទាំង៣ខាង​លើ​នេះ ភាគច្រើន​គឺ​សាងសង់​ជិត​រួចរាល់​ហើយ និង​ត្រូវបាន​ពួក​អ្នក​មាន​ៗ និង​អភិជន​ទិញ​យក​អស់​គ្មាន​សល់ ត្បិត​តម្លៃ​ផ្ទះ​ប្រណីត​ខ្ពស់​ផុត​ត្រឹម ៣សែន ៥ម៉ឺន​ដុល្លារ ដែល​ជា​ចំនួន​មិន​ច្រើន​ប៉ុន្មាន​ទេ​សម្រាប់​ពួក​អ្នក​មាន​ស្រុក​ខ្មែរ។

ជាមួយ​គ្នា​នេះ គម្រោង​មួយ​ទៀត​គឺ បុរី​ម៉ោន ស៊ីវីយូ បូកគោ ស្ថិត​ក្នុង​ភាព​មិនទាន់​ច្បាស់​ការណ៍​នៅ​ឡើយ។

ក្រុមហ៊ុន​សុខា​បាន​ទទួល​សិទ្ធ​អភិវឌ្ឍន៍​លើ​កំពូល​ភ្នំ​បូកគោ​ក្រោម​រូបភាព​សម្បទាន​រយៈ​ពេល ៩៩​ឆ្នាំ ពី​រាជរដ្ឋាភិបាល នៅ​ឆ្នាំ ២០០៨ លើ​ផ្ទៃ​ដី ៤១ ១៤៨ ហិកតារ នៃ​ផ្ទៃ​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​សរុប ១៥៤ ៤៥៩ ហិកតារ​។ យោង​តាម​បទ​បង្ហាញ​របស់​ឧកញ៉ា សាយ សុភ័ត្រា នាយក​ផ្នែក​លក់ និង​ទីផ្សារ ក្រុមហ៊ុន​សុខា អូតែល និង​ក្រុមហ៊ុន សុខា រៀល អ៊ីស្តេត, ផ្ទៃដី​ប្រមាណ​ជាង ៩ពាន់ ទៅ១ម៉ឺន​ហិកតារ នឹង​ត្រូវ​ប្រែ​ក្លាយ​ទៅ​ជា​ទីក្រុង​ឈ្លាសវៃ ដោយ​គម្រោង​នេះ​សង្កត់​ធ្ងន់​លើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ការ​អភិវឌ្ឍន៍​ទេសចរណ៍ ​ជាមួយ​និង​ការ​អភិរក្ស​បរិស្ថាន​ធម្មជាតិ។ គម្រោង​ទីក្រុង​ឈ្លាសវៃ​លើ​ភ្នំ​បូកគោ រួមមាន លំនៅឋាន អគារ​ពាណិជ្ជកម្ម​ពហុ​បំណង តំបន់​សេដ្ឋកិច្ច ផ្សារ​ទំនើប ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស ដូចជា រោងចក្រ​សម្អាត​ទឹក​កខ្វក់ និង​កាក​សំណល់ ទឹក​ស្អាត អគ្គិសនី អ៊ិនធឺណិត និង​ប្រព័ន្ធ​ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​សេវា​សាធារណៈ ដូចជា​អគារ​រដ្ឋបាល អគារ​សន្ដិសុខ មន្ទីរពេទ្យ និង​សាលារៀន (កម្រិត​ក្រោយ​មធ្យម​សិក្សា​ទុតិយភូមិ) ជាដើម។

តំបន់​ភ្នំ​បូក​គោ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បង្កើត​ទៅ​ជា​ក្រុង​បូក​គោ​តាម​រយៈ​អនុក្រឹត្យ​លេខ ៣៨ អ​ន​ក្រ. បក ចុះ​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០២១ ហើយ​ក្រុង​នេះ​ឋិត​ក្រោម​រដ្ឋបាល​ខេត្ត​កំពត​។ តំបន់​ភ្នំ​បូកគោ​ត្រូវ​បាន​អ្នក​ជំនាញ​កំណត់​ពី​សក្ដានុពល​ធំៗ​ចំនួន​៤ រួមមាន ទី១ ជា​តំបន់​ប្រវត្តិសាស្ត្រ ដែល​ធ្លាប់​បាន​អភិវឌ្ឍ​តាំង​ពី​ជាង ១០០​ឆ្នាំ​មុន បើ​និយាយ​ឲ្យ​លម្អិត​គឺ ថ្ងៃ​ទី ១៣ ខែ​មេសា ឆ្នាំ ១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ។ ទី២ ជា​តំបន់​សុខាភិបាល​ធម្មជាតិ បាន​ន័យ​ថា អាកាសធាតុ បរិស្ថាន ធម្មជាតិ ជា​ឱសថ​ព្យាបាល​ជំងឺ​បាន​រាប់​សិប​មុខ ហើយ​ក៏​ជា​ឱសថ​ព្យាបាល​សភាព​ផ្លូវ​ចិត្ត​ផង​ដែរ​។ ទី៣ បណ្ដាញ​គមនាគមន៍​ខ្វាត់ខ្វែង​ទាំង ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក ដែល​អាច​ដឹក​នាំ​ទេសចរ​មក​ដល់​តំបន់​ភ្នំ​បូកគោ​នេះ​បាន​។ បើ​ទោះ​បី​ជា​បច្ចុប្បន្ន មាន​ផ្លូវ​តែ​មួយ​ខ្សែ​ដែល​អាច​ឲ្យ​ទេសចរ​មក​ដល់​លើ​កំពូល​ភ្នំ​បាន ប៉ុន្តែ​គម្រោង​ផ្លូវ​ថ្មី​កំពុង​ស្ថាបនា ដោយ​ត​ភ្ជាប់​ផ្លូវ​ចាស់​លើ​កំពូល​ភ្នំ ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៤ មួយ​ខ្សែ​ទៀត​មាន​ប្រវែង ៦១ គីឡូម៉ែត្រ​។ ទី៤ កំពូល​ភ្នំ​បូកគោ គឺ​ជា​បណ្ដុំ​ទីតាំង​ទេសចរណ៍​បែប​ជំនឿ សាសនា ដ៏​មាន​ប្រជាប្រិយ មិន​ត្រឹមតែ​ប្រជាជន​ក្នុង​ស្រុក​ទេ ទី​នេះ​ក៏​ទាក់ទាញ​ទេសចរ​ពី​ក្រៅ​ប្រទេស​ផង​ដែរ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.