អគ្គនាយក​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​ណែនាំ​ឲ្យ​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​ចេញ​ចូល​តែ​មួយ​ពង្រឹង​សមត្ថភាព​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ឲ្យ​បាន​រឹងមាំ ដើម្បី​ធានា​បាន​នូវ​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់​រហ័ស មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។

ឯកឧត្ដម សួស ប្រថ្នា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ តាម​រយៈ​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​បាន​ណែនាំ​ទៅ​កាន់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ដែល​បម្រើការ​នៅ​ច្រកចេញ​ចូល​តែ​មួយ​ថា ទន្ទឹម​នឹង​ការ​កសាង​សមត្ថភាព​ក្នុង​ការ​ឈ្វេងយល់​អំពី​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​ជា​កិច្ចការ​ដ៏​សំខាន់ និង​ចាំបាច់​ត្រូវ​ប្រើ​ជា​ប្រចាំ ថ្នាក់​ដឹកនាំ ក៏​ដូច​ជា​មន្ត្រី​ទទួល​បន្ទុក​ក្នុង​ការ​ផ្ដល់​សេវា​ក៏​ត្រូវ​សិក្សា​ឈ្វេង​យល់​បន្ថែម​ទៀត​ទៅ​លើ​ការ​ប្រើប្រាស់​កម្មវិធី​ព័ត៌មាន​វិទ្យា​សម្រាប់​ការ​គ្រប់គ្រង​ទិន្នន័យ និង​ផ្ដល់​សេវា​តាម​ប្រព័ន្ធ​អនឡាញ​។ លោក​បញ្ជាក់​ថា «​ប្រការ​នេះ​សំខាន់​ណាស់ ព្រោះ​រាជរដ្ឋាភិបាល​យើង​បាន​ដាក់​គោលដៅ ក្នុង​ការ​កសាង​រដ្ឋាភិបាល​ឌីជីថល ហើយ (​ប្រសិនបើ​) មន្ត្រី​ថ្នាក់​ក្រោម (​ជាតិ​) ក៏​នៅ​មិន​ទាន់​យល់ដឹង​បាន​ទូលំទូលាយ ទៅ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ក៏​មាន​ការ​លំបាក​ដែរ​។ ដូច្នេះ ខ្ញុំ​សូម​ស្នើ​ដល់​មន្ត្រី​ដែល​ទទួល​បន្ទុក​នៅ​តាម​ច្រក​ចេញចូល​តែ​មួយ ឲ្យ​ឈ្វេង​យល់​ឲ្យ​បាន​ជ្រៅជ្រះ​ពី​ប្រព័ន្ធ​ឌីជីថល​ក្នុង​ការ​ផ្ដល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​»​។

ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នេះ លោក​បណ្ឌិត​ទូច សុឃៈ (សុខៈ) អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ និង​ជា​អ្នក​សម្របសម្រួល​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចែក​ជូន​សាធារណជន​ថា ដើម្បី​ឲ្យ​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ឌីជីថល​នៅ​ក្នុង​វិស័យ​រដ្ឋបាល​សាធារណ​ដំណើរការ​ទៅ​រលូន ទាមទារ​ឲ្យ​មាន​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់ ទំនើប និង​ទាន់​សម័យកាល (Up to Date & Up Grade) ជា​មួយ​គ្នា​នេះ មន្ត្រី និង​បុគ្គលិក​ក៏​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​សម្ភារៈ​ទាំង​នោះ​ផង​ដែរ​។

លោក​បណ្ឌិត​បន្ថែម​ថា ប្រជាពលរដ្ឋ​ក៏​ត្រូវ​ចូលរួម​ឈ្វេងយល់​ឲ្យ​បាន​ទូលំទូលាយ​អំពី​បច្ចេកវិទ្យា​ឌីជីថល​នេះ​ផង​ដែរ ទើប​ដើរ​ទាន់​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ ហើយ​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស​ក្នុង​ការ​ទទួល​សេវា​នានា​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.