នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលអំណោយរបស់អ្នកឧកញ៉ា លី យូគៀក នូវសៀវភៅ “រៀនពីហ៊ុនសែនដើម្បជោគជ័យ” ចំនួន ២ 000ក្បាល។

ពិធីនេះប្រព្រឹត្តទៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) ដែលជាអ្នកនិពន្ធសៀវភៅខាងលើនេះ។

សូមចុចអាន៖ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បង្រ្កាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសសរុប៤៧ករណី ឃាត់ខ្លួន៦៤នាក់ ត្រឹមរយៈពេល៧ថ្ងៃ

ក្នុងពិធីជួបសវនាការ និងទទួលអំណោយខាងលើនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា លី យូគៀក ដែលជាអ្នកឧបត្ថម្ភការបោះពុម្ពសៀវភៅដ៏មានសារៈសំខាន់ខាងលើនេះ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា តែងតែបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះបានចំនួន ៤លើករួចមកហើយ សរុបថវិកាចំនួន ៦៥.០០០ ដុល្លារអាម៉េរិក។

ទន្ទឹមគ្នានេះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត ទូច សុឃៈ ដែលបាននិពន្ធសៀវភៅ “រៀនពីហ៊ុនសែនដើម្បីជោគជ័យ” នេះឡើង ដើម្បីជាប្រយោជន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសក្នុងស្រទាប់យុវជន ដែលគប្បីត្រូវសិក្សាស្វែងយល់ពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំយើង។ ជាក់ស្តែងសៀវភៅនេះមានមេរៀនចំនួន២៥ ដែលបានសរសេររំលេចពីជីវិតពិត គំរូវីរភាព ភាពបត់បែន ភាពច្បាស់លាស់ បទពិសោធន៍ជ្រៅជ្រះ ដែលថ្នាក់ដឹកនាំដ៏ឆ្នើមរបស់យើងគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានឆ្លងកាត់ការដឹកនាំប្រទេសជាតិយើងចាប់តាំងពីបាតដៃទទេ តស៊ូរំដោះប្រទេសជាតិពីរបបប៉ុលពត រហូតដល់ទទួលបានសុខសន្តិភាព ស្ថិរភាពក្នុងប្រទេស និងរៀបចំអ្នកបន្តវេន ដើម្បីធ្វើយ៉ាងណាឱ្យព្រះរាជាណាចក្រកម្ពុជាយើង នៅតែបន្តស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមានចីរភាព។

ចំពោះសៀវភៅដ៏មានសារៈសំខាន់នេះ កាកបាទក្រហមកម្ពុជា នឹងបន្តចែកជូនដល់សាខារាជធានីខេត្តទាំង២៥, ក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា និងចែកជូនដល់សប្បុរសជនរបស់កាកបាទក្រហមកម្ពុជា។

ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានថ្លែងអំណរគុណយ៉ាងជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែលើកទឹកចិត្តដល់កូនខ្មែរគ្រប់រូប ជាពិសេសយុវជនឱ្យខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាជំរុញលើកទឹកចិត្តដល់អ្នកនិពន្ធដើម្បីបន្តកសាងស្នាដៃសម្រាប់ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវគ្រប់ៗគ្នា។ ឯកឧត្តមបណ្ឌិត ក៏បានប្រសាសន៍ថា នឹងនាំយកសៀវភៅនេះមកជូនកាកបាទក្រហមកម្ពុជា បន្ថែមទៀត ដើម្បីបានចែកចាយកាន់តែទូលំទូលាយ ជាពិសេសក្នុងជួរយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា៕

Share.