ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ លើកទី៣ ដើម្បីរៃអង្គាសថវិកាសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ ផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់យុទ្ធនាការនៅថ្ងៃទី ១ ខែកក្កដា នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ឯកឧត្តម ចន ណារិទ្ធ នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានបង្ហាញនូវលទ្ធផលនៃយុទ្ធនាការថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ លើកទី៣ មានរយៈពេល ៣៤ថ្ងៃ, មានអ្នកចូលរួមបរិច្ចាគសរុប ២៣១ ៥០០ នាក់ ទទួលបានថវិកាសរុប ៣ ៣០៥ ៧២៤ ដុល្លារ (ឬ ៣,៣លានដុល្លារ) ក្នុងនោះបែងចែកជាប្រាក់រៀល ចំនួន ៦ ៥៤៧ ០០០ ០០០ រៀល (៦ពាន់ ៥រយ ៤៧លានរៀល) និងប្រាក់ដុល្លារ ចំនួន ១ ៦៦៨ ៨៤៣ ដុល្លារ»។
ឯកឧត្ដមបញ្ជាក់ថា លទ្ធផលនៃយុទ្ធនាការលើកទី៣ នៅឆ្នាំ ២០២៤ មានភាពប្រសើរឡើងច្រើនជាងកាលពីយុទ្ធនាការលើកទី២ នាឆ្នាំ ២០២៣។ ប្រសិនបើធ្វើការប្រៀបធៀបទៅនឹងយុទ្ធនាការឆ្នាំ ២០២៣ ក្នុងរយៈពេល១ខែដូចគ្នា មានអ្នកចូលរួមបរិច្ចាគចំនួន ២២០ ០៧៣ នាក់ ទទួលបានថវិកាប្រមាណ ២,៤ លានដុល្លារ។
យុទ្ធនាការនេះទទួលបានលទ្ធល្អប្រសើរ ដោយសារមានការចូលរួមផ្សព្វផ្សាយយ៉ាងផុលផុសពីសំណាក់ស្ថាប័នរដ្ឋ និងឯកជន សមាគម សិល្បករសិល្បការិនី ប្រព័ន្ធផ្សព្វផ្សាយនានា និងសាធារណជនទូទៅ ដោយបំផុសឲ្យមានចលនាបរិច្ចាគយ៉ាងគួរឲ្យចាប់អារម្មណ៍ពីសប្បុរសជននានាទាំងក្នុង និងក្រៅស្រុក។

ការបរិច្ចាគថវិកាពីសប្បុរសជនទោះតិចក្ដី ច្រើនក្ដី មកឲ្យមូលនិធិគន្ធបុប្ផាកម្ពុជា គឺពិតជាមានសារសំខាន់ណាស់សម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ដើម្បីជួយសង្គ្រោះ និងព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ និងគ្មានការរើសអើង ប្រកបដោយគុណភាព។ នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផាត្រូវការចំណាយថវិកាខ្ទង់ ១សែន ២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ ឬស្មើនឹង ៤៣លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីដំណើរការប្រតិបត្តិការរបស់ខ្លួន។

អត្ថបទ៖ ឈិន ធារ៉ាត់

