បន្ទាប់​ពី​ថ្លែង​កោតសរសើរ ពី​ភាព​ឈ្លាសវៃ​របស់​ស្ថាប័ន​អយ្យកា ដែល​បំបែក​សំណុំ​រឿង​ឃាតកម្ម​ទៅ​ជា​ពីរ​បទល្មើស​ផ្សេង​គ្នា គឺ​បទ​ឃាតកម្ម និង​ប៉ុនប៉ង​ឃាតកម្ម ដោយ​បន្ថែម​ស្ថាន​ទោស​ឲ្យ​កាន់​តែ​ធ្ងន់​ដល់​ឃាតក ស្រី ស៊ីណា ដែល​មាន​អត្តចរិត​សាហាវ​ឃោរឃៅ មិន​ញញើត​បន្តិច​សោះ​ក្នុង​ការ​ប្រហារ​ជីវិត​មនុស្ស រដ្ឋមន្ត្រី​យុត្តិធម៌ ឯកឧត្ដម កើត រិទ្ធ ស្នើ​តុលាការ​កុំ​បញ្ចូល​សំណុំ​រឿង​ទាំង​២​របស់​ឃាតក​រូប​នេះ ចូល​គ្នា​តែ​មួយ​, មួយ​ទៀត គឺ​កុំ​អនុវត្ត​វិធាន​ស្រូប​ទោស បាន​ន័យ​ថា បទ​ល្មើស​ដែល​មាន​ស្ថាន​ទោស​ដូច​គ្នា ប្រព្រឹត្ត​ក្នុង​ពេល​វេលា និង​ទី​កន្លែង​តែ​មួយ (​ករណី​តែ​មួយ​) ត្រូវ​បញ្ចូល​ទៅ​ឲ្យ​ជាប់​ទោស​ដែល​មាន​ស្ថាន​ធ្ងន់​ជាង​។ ហើយ​ជា​មួយ​គ្នា​នេះ លោក​នឹង​ស្នើ​បញ្ចូល​ឈ្មោះ​ឃាតក​នេះ​ទៅ​ក្នុង​បញ្ជី​ឧក្រិដ្ឋជន​សាហាវ​ៗ ដោយ​មិន​អាច​ឲ្យ​ស្នើ​សុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​បាន​ជា​ដាច់​ខាត​បន្ទាប់​ពី​តុលាការ​សម្រេច​ផ្ដន្ទាទោស​ជា​ស្ថាពរ​។

ទាំងអស់​នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រី​យុត្តិធម៌ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នាទី​ស្ដីការ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០២៤ នេះ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ផ្អែក​តាម​អង្គហេតុ និង​ភស្តុតាង​ដែល​ជា​លទ្ធផល នៃ​ការ​ស្រាវជ្រាវ ស៊ើបអង្កេត​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ និង​អយ្យការ និង​ពិនិត្យ​ឃើញ​ព្យសនកម្ម​ទៅ​លើ​ជន​រងគ្រោះ ស្លាប់​ពីរ​នាក់ និង​របួស​ពីរ​នាក់ តំណាង​អយ្យការ បាន​ចោទ​ប្រកាន់​ករណី​នេះ​ជា ២ សំណុំរឿង​ដោយ​៖

  • សំណុំ​រឿង​ទី​១ (​ជន​រង​គ្រោះ​ស្លាប់​ពីរ​នាក់​) បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ឈ្មោះ ស្រី ស៊ីណា ពី​បទ “​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​” ដែល​ទណ្ឌកម្ម​ក្នុង​សំណុំរឿង​នេះ ជន​ត្រូវ​ចោទ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស រហូត​ដល់ ១៥ (​ដប់ប្រាំ​) ឆ្នាំ​។
  • សំណុំ​រឿង​ទី ២ (​ជន​រងគ្រោះ​របួស​ពីរ​នាក់​) បាន​ធ្វើ​ការ​ចោទប្រកាន់​ឈ្មោះ ស្រី ស៊ីណា ពី​បទ “​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​” ដែល​ទណ្ឌកម្ម​ក្នុង​សំណុំរឿង​នេះ ជន​ត្រូវ​ចោទ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស រហូត​ដល់ ១៥ (​ដប់ប្រាំ​) ឆ្នាំ​។

ក្រោយ​ពី​ទទួល​បាន​សំណុំ​រឿង​ខាង​លើ ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ស្រី ស៊ីណា តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

តាម​ការ​ពន្យល់​របស់​រដ្ឋមន្ត្រី​យុត្តិធម៌ ប្រសិនបើ​សំណុំរឿង​នេះ​ត្រូវ​បាន​បំបែក​ជា​ពីរ គឺ​បាន​ន័យ​ថា តុលាការ​នឹង​ជំនុំជម្រះ​លើ​សំណុំ​រឿង​ទី​មួយ ដោយ​ចេញ​សាលក្រម​ផ្ដន្ទាទោស​រួច​ហើយ និង​បន្ត​ជំនុំជម្រះ​លើ​សំណុំរឿង​ទី​ពីរ ដោយ​ចេញ​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​មួយ​ទៀត​។ ដូច្នេះ​ឃាតក​អាច​នឹង​ជាប់​ទោស​១៥​ឆ្នាំ​២​ដង (​ស្មើ​៣០​ឆ្នាំ​)។

សូម​រំឭក​ថា កាលពីថ្ងៃ១៧ ខែ​មិថុនា ឆ្នាំ​២០២៤ ដោយសារ​ជម្លោះ​ព្រំ​ដី​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ក្នុង​ខណ្ឌ​ច្បារអំពៅ ឃាតក​ឈ្មោះ ស្រី ស៊ីណា ដែល​កាល​នោះ​មាន​ងារ​ជា​ឧកញ៉ា​ផង បាន​ប្រើ​កាំភ្លើង​ខ្លី​បាញ់​ទៅ​លើ​មនុស្ស​៤​នាក់ បណ្ដាល​ឲ្យ​ជន​រងគ្រោះ​២​នាក់ ដែល​ជា​គូរ​ដណ្ដឹង​បាត់បង់​ជីវិត និង​២​នាក់​ទៀត​រង​របួស​ដើម​ដៃ និង​ភ្លៅ​។ តាម​រយៈ​វីដេអូ​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ដ៏​ព្រៃផ្សៃ​របស់​ឃាតក ដែល​ផ្ដាច់​ជីវិត​មនុស្ស​គ្មាន​ញញើត​ដៃ​សោះ​ឡើយ គឺ​បាញ់​ម្នាក់​ដួល​ហើយ បាញ់​ម្នាក់​ទៀត​ជា​ច្រើន​គ្រាប់ ហើយ​បន្ត​ទៅ​រក​ម្នាក់​ជា​ពីរ​នាក់​ទៀត ដើម្បី​សម្លាប់​ទាំងអស់​តែម្ដង​។ សកម្មភាព​នេះ​ត្រូវ​បាន​មហាជន​ចង​កំហឹង និង​ថ្កោលទោស​ឃាតក​យ៉ាង​ខ្លាំង​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.