រដ្ឋធម្មនុញ្ញ ដែល​ជា​កំពូល​នៃ​ច្បាប់​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​លេច​ជា​រូបរាង​ឡើង​ដំបូង​នៅ​ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ ១៩៤៧ ។ បច្ចុប្បន្ន​នេះ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ប្រើ​រដ្ឋធម្មនុញ្ញ​លើក​ទី​៦ ដែល​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ហើយ​ត្រូវបាន​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ប្រកាស​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ។ បុព្វហេតុ​នេះ​ហើយ​ទើប​បាន​ជា​ព្រះរាជាណាចក្រ​កម្ពុជា លើក​យក​ថ្ងៃ​ទី ២៤ កញ្ញា ជា​រៀងរាល់​ឆ្នាំ​ប្រារព្ធ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​។

បន្ត​ទៅ​នេះ អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ត្រយង​បង្ហាញ​ពី​ប្រវត្តិ​ត្រួសៗ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ទាំង​៦​៖

រដ្ឋធម្មនុញ្ញទី១ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ដែលមាន ១២ជំពូក និង ១២២មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧នេះជារដ្ឋធម្មនុញ្ញអាស្រ័យធម្មនុញ្ញតែរដ្ឋធម្មនុញ្ញនេះមិនមានផ្លាស់បប្តូរទម្រង់នៃការដឹកនាំនោះទេ គឺគ្រាន់តែមានការប្រែប្រួលខ្លះៗ យើងទៅតាមសភាពការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។

រដ្ឋធម្មនុញ្ញលើកទី២ គឺជារដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ ដែលមាន១១ ជំពូក និង១២១ មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែឧសភា ១៩៧២ ។ តាមរយៈរដ្ឋធម្មនុញ្ញនេះ បានធ្វើឲ្យមានការផ្លាស់ប្តូររបបនយោបាយ ពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ទៅជារបបសាធារណរដ្ឋ បែបសហរដ្ឋអាមេរិកាំង។

រដ្ឋធម្មនុញ្ញលើកទី៣ គឺជារដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ របស់ពួកខ្មែរក្រហម ដែលមាន១៦ជំពួក និង ២១មាត្រា។ រដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័តនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ បានផ្លាស់ប្តូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសកម្ពុជា ពីរបបសារធារណរដ្ឋ ប្រែទៅជារសង្គមនិយម ផ្តាច់ការ សម្លាប់រង្គាលលើប្រជាជនខ្លួនឯង ក្នុងកំឡុងពេល៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។

ក្រោយរំដោះជាតិចេញពីរបបប៉ុលពត, រដ្ឋធម្មនុញ្ញលើកទី ៤ គឺជារដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ ក៏ចប់បដិសន្ធិឡើងជំនួសវិញ។ រដ្ឋធម្មនុញ្ញនេះ មាន១០ជំពូក និង ៩៣ មាត្រា ហើយត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យ លេខ ១ ក្រ ចុះថ្ងៃទី ២៥ ខែមថុនា ឆ្នាំ ១៩៨១ ។

នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៨៩ រដ្ឋសភានៃរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ១៩៨១ ដោយកែឈ្មោះប្រទេសកម្ពុជាពី សាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជា រដ្ឋកម្ពុជា ហើយការប្ដូរឈ្មោះប្រទេសនេះហើយ ដែលនាំឲ្យមានឈ្មោះថា រដ្ឋធម្មនុញ្ញទី៥ ។ មិនគ្រាន់តែដូរឈ្មោះប្រទេសប៉ុណ្ណោះទេ មាត្រា៤ នៃវិសោធនកម្មរដ្ឋធម្មនុញ្ញនេះក៏បានកែប្រែ ពីរបបគ្រប់គ្រងដោយបក្សតែមួយ ទៅជារបបនយោបាយពហុបក្សផងដែរ។ រដ្ឋធម្មនុញនេះ មាន១០ជំពូក និង ៩៣ មាត្រា។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ១៩៩១ ដែល​មាន​ភាគី​ជម្លោះ​កម្ពុជា​ទាំង ៤ បាន​ចុះ​ហត្ថលេខា ដោយ​មាន​វត្តមាន​សាក្សី​មក​ពី ១៨ ប្រទេស រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) ផង​ដែរ ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា បាន​នាំ​ឲ្យ​កម្ពុជា​ឈាន​ចូល​សម័យ​អន្តរកាល នឹង​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​បាន​ចូល​មក​រៀបចំ​ប្រទេស​កម្ពុជា​ឡើង​វិញ ក្រោម​ឈ្មោះ​ថា UNTAC (United Nation Transitional Authority in Cambodia)។ UNTAC មាន​បេសកកម្ម​៣ នៅ​កម្ពុជា គឺ​ទី១ រក្សា​សន្តិភាព​, ទី២ រៀបចំ​ការ​បោះឆ្នោត​, ទី៣ ជួយ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ស្រប​ច្បាប់ ឲ្យ​កម្ពុជា​។

តាម​រយៈ​បេសកកម្ម​ទី​២ របស់ UNTAC​, នៅ​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ១៩៩៣ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​សភាធម្មនុញ្ញ​ចំនួន ១២០ រូប តំណាង​ឲ្យ​ទូទាំង​ប្រទេស​។ ការ​បោះឆ្នោត​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​សមាមាត្រ ដែល​ពេល​នោះ​មាន​គណបក្ស​ចំនួន ២០ ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​។ ជា​លទ្ធផល​ចុង​ក្រោយ​គឺ គណបក្សហ្វ៊ុន ស៊ិនប៉ិច ទទួលបានចំនួន ៥៨ អាសនៈ គណបក្សប្រជាជន​ទទួល​បាន​ចំនួន ៥១​អាសនៈ គណបក្ស​សេរីនិយម​ព្រះពុទ្ធសាសនា​ទទួល​បាន ១០ អាសនៈ និង គណបក្ស​មូលីណាការ​ទទួល​បាន ១ អាសនៈ​។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣ បាន​បង្កើត​ឡើង​នូវ​សភា​ធម្មនុញ្ញ ដែល​មាន​តួនាទី​រៀបចំ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ទៀត ដែល​មាន​ឈ្មោះថា «រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា» និងធ្វើការអនុម័តនៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ហើយ​ត្រូវបាន​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ប្រកាស​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ។

អនុលោម​តាម​មាត្រា ១៥៧ ថ្មី នៃរដ្ឋធម្មនុញ្ញ  ក្រោយ​ពី​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ប្រកាស​ឲ្យ​ជា​ធរមាន សភាធម្មនុញ្ញ បាន​ក្លាយ​ទៅ​ជា​រដ្ឋសភា​។

កើគិតប្រៀបធៀបអាយុកាលនៃរដ្ឋធម្មនុញ្ញទាំង៦ គឺ មានតែរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទេដែលមានអាយុកាលវែងជាងគេ ពោលបើគិតត្រឹមឆ្នាំ ២០២៣ គឺ ៣០ ឆ្នាំគត់។ ហើយក្នុងយរៈពេល៣០ឆ្នាំនេះ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើវិសោធនកម្ម៩លើកហើយ។

លើកទី១៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ ដើម្បីធ្វើប្រតិភូកម្មព្រះហស្តលេខាព្រះមហាក្សត្រជូនទៅប្រមុខរដ្ឋស្ដីទី។

លើកទី២៖ ថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា

លើកទី៣៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១ ដើម្បីថ្វាយព្រះរាជសិទ្ធិដល់ព្រះមហាក្សត្រក្នុងការបង្កើត និងប្រទានគ្រឿងឥស្សរិយយស ឬមេដាយជាតិ

លើកទី៤៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ដើម្បីកែសម្រួលកូរ៉ុមប្រជុំរបស់រដ្ឋសភា និងព្រឹទ្ធសភាដើម្បីសម្រួលដល់ដំណើរការរដ្ឋបាលរបស់ស្ថាប័នទាំងពីរ

លើកទី៥៖ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ ដើម្បីកែសម្រួលនីតិវិធីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាល

លើកទី៦៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីកែសម្រួលការគ្រប់គ្រងរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជា

លើកទី៧៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដើម្បីផ្ដល់ឋានៈជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

លើកទី៨៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីលើកស្ទួយនូវតម្លៃជាតិខ្មែរក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងឯកភាពជាតិប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ

និងលើកទី៩៖ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីកំណត់ឱ្យឥស្សរជនជាន់ខ្ពស់ដែលជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមាន«សញ្ជាតិខ្មែរតែមួយគត់»៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.