
បើនិយាយពីបទឧក្រិដ្ឋនៅឆ្នាំ ២០២៤ បទល្មើសលួចមានស្ថានទម្ងន់ទោស បានហក់ឡើងមកលំដាប់ទី១ ចំណែកបទល្មើសគ្រឿងញៀន បានធ្លាក់ទៅនៅលំដាប់ទី៣ ខណៈបទល្មើសរំលោភសេពសន្ថវៈឈរនៅលំដាប់ទី២ដដែល បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្ដម សេង ឌីណា បញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥។ ឯកឧត្ដមក៏បានបញ្ជាក់ថា បទល្មើសឧក្រិដ្ឋជាបទល្មើសឈរនៅលំដាប់ទី២ គិតជាមធ្យមមានប្រមាណ ១៥% បន្ទាប់ពីបទល្មើសមជ្ឈឹមដែលដល់ទៅ ៨៤% ឯបទលហុឈរនៅលំដាប់ទី៣, ២% សម្រាប់សំណុំរឿងព្រហ្មទណ្ឌសរុបជាង ១១០ ០០០ នៅឆ្នាំ ២០២៤។
សូមជម្រាបបន្ថែមថា បទឧក្រិដ្ឋ ជាបទល្មើសដែលអតិបរមានៃទោសដាក់ពន្ធនាគារមានរយៈពេលលើសពី ៥ឆ្នាំ ដល់ក្រោម ឬស្មើនឹង៣០ឆ្នាំ។ ឬត្រូវដាក់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ចំណែកឯបទមជ្ឈិម ជាបទល្មើសដែលត្រូវជាប់ពន្ធនាគារលើសពី៦ថ្ងៃ ដល់ក្រោម ឬស្មើនឹង៥ឆ្នាំ។ មួយទៀត បទលហុ ដែលជាបទល្មើសស្រាល ជាបទល្មើសដែលប្រឈមនឹងជាប់ពន្ធនាគារក្រោមមួយថ្ងៃ។ ហើយបទល្មើសទាំងបីកម្រិតនេះ ក៏ត្រូវរងពិន័យជាប្រាក់ទៅតាមច្បាប់កំណត់ផងដែរ។ នេះបើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៦, ៤៧ និង ៤៨ ។
មួយវិញទៀតអំពើឆក់ ប្លន់ កាប់គាស់ទម្លុះទម្លាយ ដើម្បីយកទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានចាត់ចូលជាជំពូកបទល្មើសលួច ដែលមានស្ថានទម្ងន់ទោស។ លួចមានស្ថានទម្ងន់ទោស មាន៤កំណត់សម្គាល់ស្របតាមមាត្រា ៣៥៧, ៣៥៨, ៣៥៩ និង ៣៦០ នៃក្រមព្រហ្មទណ្ឌ ដែលចែងថា ទី១. អំពើលួចដោយប្រើហិង្សា (ទាញកន្ត្រាក់ ឆក់ ទះតប់ យកដោយបង្ខំ…) និងការកាប់គាស់ទម្លុះទម្លាយ (គាស់ផ្ទះ កាច់កម៉ូតូ គាស់ទ្វារឡាន…) ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ១០ឆ្នាំ។ ទី២. អំពើលួចដោយប្រើហិង្សាបណ្ដាលឲ្យមានការកាត់អវយវៈ ឬពិការភាពជាអចិន្ត្រៃយ៍ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ ទៅ ២០ ឆ្នាំ។ ទី៣ អំពើលួចដោយការធ្វើទារុណកម្ម ឬអំពើឃោរឃៅ (ចាប់ចង ប្រើហិង្សាលើរូបរាងកាយបណ្ដាលឲ្យភ័យខ្លាច ឈឺចាប់ និងរងទុក្ខវេទនាហួសហេតុ) ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ។ ទី៤. ក្នុងករណីអំពើទាំងអស់ខាងលើនេះ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សដោយអចេតនា ក៏ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ ទៅ៣០ ឆ្នាំផងដែរ៕
អត្ថបទ៖ ឈិន ធារ៉ាត់

