ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ដោយ​សត្វ​មាន​ម្ចាស់ តែង​កើត​មាន​ឡើង​ជា​បន្តបន្ទាប់​នៅ​លើ​ផ្លូវ​ថ្នល់ ដូច​ជា​ករណី​បុក​គោ និង បុក​ឆ្កែ​ជាដើម ដែល​តែង​កើត​មាន​ច្រើន​ជាង​គេ នៅ​តាម​ភូមិស្រុក​។

តើ​ជា​កំហុស​នរណា ហើយ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ និង​ទទួល​ខុស​ត្រូវ​ដូចម្ដេច​?

មុន​ដំបូង​យើង​ត្រូវ​ដឹង​ថា ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវថ្នល់ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​ ស្ដីពី ចរាចរណ៍​ផ្លូវ​គោក ដែល​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពី ខែ​មករា ឆ្នាំ​២០១៥ ។ ច្បាប់​នេះ​ពុំ​បាន​ចែង​លម្អិត​អំពី​ការ​គ្រប់គ្រង​សត្វ​ចិញ្ចឹម​ចំពោះ​ពលរដ្ឋ​ដែល​មាន​លំនៅឋាន ទ្រង់ ឬ​ក្រោល​នៅ​ជាប់ ឬ​ជិត​ផ្លូវ​ថ្នល់ និង​ការ​ដឹក បណ្ដើរ បរ​តាម​ផ្លូវ​ថ្នល់​នោះ​ទេ​។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​មាន​ចែង​ពាក់ព័ន្ធ​នឹង​ការ​ជិះ ដឹក ឬ​បរ​សត្វ នៅ​មាត្រា ៣៣ ដែល​វាក្យ​ខណ្ឌ​១​បញ្ជាក់​ថា អ្នក​ជិះ អ្នក​ដឹក ឬ​អ្នក​បរ​សត្វ មិន​ត្រូវ​ឲ្យ​មាន​ឧបសគ្គ ឬ​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត ដោយ​ត្រូវ​ដាក់​ចំនួន​មនុស្ស​ដឹក​ឲ្យ​សមស្រប​នឹង​ចំនួន​សត្វ​ដែល​អ្នក​បញ្ជា​សត្វ​ឲ្យ​ទៅ ឬ​ឈប់​បាន​គ្រប់គ្រាន់ និង​ទាន់​ពេលវេលា​។ ឯក​វាក្យ​ខណ្ឌ​៥ ហាម​លែង​សត្វ​ឲ្យ​ដើរ​រហេតរហូត​លើ​ផ្លូវ​។

ចំណែក​ឯ​ទោស​ទណ្ឌ​វិញ ច្បាប់​នេះ​ពុំ​ឃើញ​មាន​ចែង​ឲ្យ​ចំ​អំពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​គ្រប់គ្រង​សត្វ​នោះ​ទេ​។ មាត្រា ៧២ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក បញ្ជាក់​ថា​អ្នក​បើកបរ​ត្រូវ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស​ដែល​ខ្លួន​ប្រព្រឹត្ត​ក្នុង​ការ​បើកបរ​យាន​ជំនិះ​។ ជា​មួយ​គ្នា​នេះ អ្នក​គ្រប់គ្រង ឬ​កម្មសិទ្ធិករ ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​រដ្ឋប្បវេណី ក្នុង​ករណី​យាន​ជំនិះ​របស់​ខ្លួន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។

មាត្រា ៨៣ ចែងថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​តម្រូវ បណ្ដាល​ឲ្យ​មាន​របួស​ដល់​អ្នក​ដទៃ ហើយ​បណ្ដាល​ឲ្យ​អ្នក​រងគ្រោះ​អសមត្ថភាព ធ្វើ​ការងារ​ក្នុង​រយៈពេល​ស្មើ ឬ​លើស​ពី ៨​ថ្ងៃ គិត​ពី​ថ្ងៃ​កើតហេតុ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀល ទៅ ១០​លាន​រៀល​។ ហើយ​បើ​រត់​គេច​ខ្លួន​ក្នុង​គោល​បំណង​គេចវេះ​មិន​ទទួល​ខុសត្រូវ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១៥​លាន​រៀល​។

ក្នុង​ករណី​បង្ក​ឲ្យ​អ្នក​ដទៃ​ស្លាប់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន ទៅ ១៥​លាន​រៀល​។ ហើយ​បើ​រត់​គេច​ខ្លួន​ក្នុង​គោល​បំណង​គេចវេះ​មិន​ទទួល​ខុសត្រូវ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន ទៅ ២៥​លាន​រៀល​។ (​មាត្រា៨៥)

ដូច្នេះ ការ​ជិះ ដឹក ឬ​បរ​សត្វ​ដោយ​ធ្វេស​ប្រហែស និង​ការ​លែង​សត្វ​ឲ្យ​ដើរ​រហេតរហូត ដូច​មាន​ចែង​នៅ​មាត្រា ៣៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ ម្ចាស់​សត្វ ឬ​អ្នក​គ្រប់គ្រង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​។

តែ​កាល​ណា​គេ​ចង្អុល​បង្ហាញ​អំពី​ការ​ទទួល​ខុសត្រូវ​ផ្នែក​រដ្ឋប្បវេណី គឺ​សំដៅ​ដល់​ការ​អនុវត្ត​ករណីកិច្ច​តាម​ក្រម​រដ្ឋប្បវេណី​ខ្មែរ​។ ក្រមរដ្ឋប្បវេណី​ខ្មែរ មាត្រា ៧៥០ ចែងថា បុគ្គល​ដែល​កាន់កាប់​សត្វ ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​សង​ការ​ខូចខាត​ដែល​កើតឡើង​ដល់​អ្នក​ដទៃ ដោយ​សត្វ​ដែល​ខ្លួន​កាន់កាប់​។ អ៊ីចឹង បើ​និយាយ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​សត្វ​មាន​ម្ចាស់ ម្ចាស់​សត្វ​ត្រូទ​ទួល​ខុសត្រូវ​សងសំណង​ខូចខាត​ដល់​ជន​រងគ្រោះ​ទៅ​តាម​ការ​ព្រមព្រៀង ដោយ​ការ​សម្រុះសម្រួល​គ្នា ឬ​តាម​ការ​សម្រេច​របស់​តុលាការ​។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា រួច​ខ្លួន​ពី​ការ​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​នោះ​ទេ​។

សូម​ទាញ​ចំណាប់​អារម្មណ៍​បន្តិច ត្រង់​ពាក្យ​ថា ជិះ គឺ​សំដៅ​ដល់​ការ​ប្រើ​សត្វ​ធ្វើ​ជា​យាន​ជំនិះ​។ ពាក្យ​ថា ដឹក មាន​ន័យ​២​បែប​៖ ១. កាន់​ខ្សែ​បណ្ដើរ (ដឹក​សេះ ឬ​ដឹក​គោ​…)​, ២. ដាក់​លើ​យាន​នាំ​យក​ទៅ (ដឹក​ស្រូវ ដឹក​ពោត…)​។ ពាក្យ​ថា បរ មាន​ន័យ​ច្រើន​យ៉ាង ម្យ៉ាង​គឺ​ដូច​នឹង​ពាក្យ​ដឹង​ដែរ ឯ​ម្យ៉ាង​ទៀត​សំដៅ​ដល់​ការ​ដើរ​កាល់ អម​តាម ដើរ​តាម​តម្រង់​ឲ្យ​ត្រង់​តាម​ផ្លូវ​។ នេះ​បើ​យោង​ទៅ​តាម​វចនានុក្រម​ខ្មែរ​សម្ដេច​ជួន ណាត​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.