

កាលពីថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះក៏មាន កម្ពុជា ផងដែរ។ ដូច្នេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។
បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសព្យួរការអនុវត្តពន្ធគយបដិការ, នៅថ្ងៃព្រហស្បតិ៍ ទី ១០ ខែមេសានេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាម៉េរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា។
ក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាម៉េរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ។
សូមជម្រាបថា បន្ទាប់ពីលោក Donald J. Trump ប្រកាសដំឡើងបន្ទាត់ពន្ធគយ ដើម្បីឆ្លើយតបទៅនឹងឱនភាពពាណិជ្ជកម្មរបស់ខ្លួន ប្រទេសដែលនាំទំនិញចូលទៅសហរដ្ឋអាមេរិកចំនួន ៧២ប្រទេស បានស្នើសុំចរចាបន្ថយអត្រាពន្ធគយបដិការនេះ ដែលជាការឆ្លើយតបយ៉ាងឆាប់រហ័ស។ ដោយឡែកប្រទេសចិន បានឆ្លើយតបទៅសហរដ្ឋអាមេរិក ដោយការដំឡើងពន្ធគយជាបន្តបន្ទាប់ ដោយគិតមកដល់ពេលនេះគឺអត្រាពន្ធគយដែលចិនកំណត់លើទំនិញនាំចូលពីសហរដ្ឋអាមេរិកឡើងដល់ ៨៤%។ ដើម្បីឆ្លើយតបនឹងចិន Trump បានដំឡើងអត្រាពន្ធគយសម្រាប់ចិនពី១០៤% ទៅ ១២៥% វិញ៕

