បារមីប្រាសាទតាក្របីធ្លាប់បន្លាចទាហានថៃឲ្យឃើញពស់ ហើយថៃភ័យងើបបាញ់ពស់តែមិនត្រូវ ឯទាហានខ្មែរបារមីប្រាសាទតាក្របីធ្លាប់ឲ្យឃើញក្នុងសុបិនមកក្នុងន័យថែរក្សាកងទ័ព ហើយប្រាប់ថាប្រាសាទនេះជារបស់ខ្មែរឲ្យទាហានទាំងអស់ជួយថែរក្សាការពារ។ នេះជាការលើកឡើងរបស់ អនុសេនីយ៍ឯក កុល វន មេបញ្ជាការរងវរសេនាតូច លេខ៤៤៤ ប្រចាំទិសប្រាសាទតាក្របី។

អនុសេនីយឯក កុល វន បានឲ្យដឹងទៀតថា ទាំងប្រជាជន និងកងទ័ពជឿលើបារមី ប្រាសាទតាក្របី ហើយមានអ្នកបន់ស្រន់តែងបានជោគជ័យទើបមានអ្នកមកបន់ស្រន់ហូរហែផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានស្ដ្រីម្នាក់មកថតរូបនៅលើប្រាសាទ ឈរថតតែម្នាក់ឯងហើយគ្មាននរណានោះទេ បែរនៅក្នុងរូបថតមានមនុស្សទៅវិញ។

អនុសេនីយ៍ឯក កុល វន ដែលបានឈរជើងនៅប្រាសាទតាក្របី១៥ឆ្នាំមកនេះបានអះអាងទៀតថា កងទ័ពក៏ធ្លាប់សុបិនឃើញតែការផ្ដល់សុបិននោះដូចជាការផ្ដល់ភាពកក់ក្ដៅ និងមកថែរក្សាកងទ័ពខ្មែរប៉ុណ្ណោះ រីឯទាហានថៃវិញបានសុបិននិងធ្លាប់ឃើញដែរតែក្នុងន័យបារមីប្រាសាទតាក្របីបន្លាច។

គេនៅចាំបានថាជម្លោះព្រំដែនកម្ពុជានិងថៃបានផ្ដើមពីការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣ នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារ ប៉ុន្ដែនៅពេលនោះក៏ជម្លោះរាលដល់ដល់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ហើយមានទាហានខ្មែរថៃ នៅឈរលើបរិវេណប្រាសាទទាំងសងខាងរហូតដល់មកដល់សព្វថ្ងៃនេះ។
ភាពតានតឹងបានចាប់ផ្ដើមសាជាថ្មី នៅពេលទាហានថៃបានលបបាញ់កងទ័ពកម្ពុជានៅមុំបី កាលពីព្រឹកថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥។ ជម្លោះកាន់តែរីករាលដាលពីការប្រឈមកងកម្លាំងទាំងសង បានសាយភាយដល់សេដ្ឋកិច្ចដោយស្ថានភាពព្រំដែនទាំងសងខាងបានបិទការនាំចេញចូលទំនិញ ដែលផ្ដើមឡើងដោយភាគីថៃ។ មិនអាចចរចាជាទ្វេរភាគីបាន កម្ពុជាបានសម្រេចចិត្តលើកសំណុំរឿងមុំបី ប្រាសាតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ៕





