មន្ត្រីកសិកម្មឃុំ ១៦០០នាក់ ទទួលាបាន Tablet ពីក្រសួងកសិកម្ម បន្ទាប់ពីបញ្ចប់ដោយជោគជ័យ វគ្គបណ្ដុះបណ្ដាល ស្ដីពីការតម្រង់ទិសដំបូងនិងជំនាញឌីជីថល និងពិធីដាក់ឱ្យប្រើប្រាស់ FARM BOOK APP នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចម្ការដូង)។

នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farm book App និងពិធីប្រគល់កុំព្យូទ័របន្ទះ (Tablet) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងទៅកាន់សិក្ខាកាម ជាមន្ត្រីឃុំសង្កាត់ថា ការបណ្ដុះបណ្ដាលជំនាញឌីជីថល និងការផ្ដល់ធនធានទាំងនេះ គឺជាការជួយសម្រួលដល់ការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំក្នុងការគាំទ្រនិងបម្រើប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមស្មារតី «មានហូប មានបាន មានប្រើ និងមានរហូត» នៃគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំមន្ត្រីកសិកម្មឃុំឱ្យប្រើប្រាស់ធនធានទាំងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផ្តល់សេវាប្រឹក្សាយោបល់ជូនប្រជាកសិករទាំងបច្ចេកទេសកសិកម្ម ទីផ្សារ និងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើឱ្យប្អូនៗមន្ត្រីកសិកម្មឃុំបន្តជ្រោមជ្រែងនិងប្រមូលផ្តុំកសិករឱ្យចូលរួមការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើម និងការធានាទីផ្សារតម្លៃទុកមុន។

សូមជម្រាបថា ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App និងពិធីប្រគល់កុំព្យូទ័របន្ទះ (Tablet) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ទទួលបានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម អ៊ីហ្គ័រ ឌ្រាស្មានស៍ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឯកឧត្តម ស្ទេហ្វាន មេស្សឺរើ (Stefan Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងឯកឧត្តមរដ្ឋលេខាធិការ​ គង់​ ម៉ារី​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការបណ្ដុះបណ្ដាលជំនាញឌីជីថល គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពមន្ត្រីកសិកម្មឃុំ ក្នុងការប្រមូលព័ត៌មានពីកសិករនិងតួអង្គពាក់ព័ន្ធ សិក្សាប៉ាន់ស្មានផែនការតាមតំបន់ និងទំហំផលិតកម្ម សិក្សាពីតម្រូវការនិងព័ត៌មានរបស់ឣ្នកប្រមូលទិញធៀបនឹងទិន្នផល ប៉ាន់ស្មានតម្រូវការធាតុចូលកសិកម្ម និងដឹងពីស្ថានភាពភូមិសាស្ត្រតាមតំបន់។ ព័ត៌មានដែលទទួលបានទាំងនេះ នឹងត្រូវចងក្រង ដើម្បីរាជរដ្ឋាភិបាលរៀបចំផែនការយុទ្ធសាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានបញ្ហាប្រឈម៕

Share.