បើទោះបីជាស្ថានភាពនៅតាមព្រំដែនមានភាពតានតឹង ដោយសារការឈ្លានពាន ដោយខុសច្បាប់ពីសំណាក់ប្រទេសថៃយ៉ាងណាក្តី ប៉ុន្តែសកម្មភាពការទូតសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ និងឥតឈប់ឈរ។ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តួអង្គដ៏សំខាន់គឺក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការបើកច្រកសេដ្ឋកិច្ចកម្ពុជាទៅកាន់ពិភពលោក។ ជាក់ស្តែង នៅដើមខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសន៍ជាបន្តបន្ទាប់ដល់ភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ច និងនយោបាយលំដាប់ពិភពលោកចំនួនពីរគឺ Bloomberg និង Nikkei Asia ដើម្បីផ្សព្វផ្សាយពីសក្ដានុពល និងភាពជឿជាក់របស់កម្ពុជា។

នៅក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារ Bloomberg កាលពីថ្ងៃទី ៨ ខែមករា ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងច្បាស់អំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងយុទ្ធសាស្ត្រពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។ កិច្ចពិភាក្សាប្រកបដោយថាមវន្តនេះមានគោលបំណងបង្កើនការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស និងពង្រឹងទំនុកចិត្តវិនិយោគិនសកល ដោយបង្ហាញថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍រាល់គម្រោងវិនិយោគទាំងអស់ តាមរយៈការផ្តល់នូវបរិយាកាសវិនិយោគដែលប្រកបដោយចីរភាព និងផលចំណេញខ្ពស់។ កិច្ចសម្ភាសន៍នេះមិនត្រឹមតែជាវេទិកាបង្ហាញពីភាពចាស់ទុំនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារផ្ញើទៅកាន់អ្នកតាមដានសេដ្ឋកិច្ចរាប់លាននាក់នៅទូទាំងពិភពលោកអំពីសក្តានុពលពិតប្រាកដរបស់កម្ពុជា។

ដោយឡែក នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយទៀតជាមួយ Nikkei Asia កាលពីថ្ងៃទី ១៣ ខែមករា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តរំលេចពីរបត់ថ្មីនៃចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានលើកឡើងពីភាពរឹងមាំនៃស្ថិរភាពនយោបាយ និងច្បាប់វិនិយោគដែលមានភាពបត់បែន រួមជាមួយយុទ្ធសាស្ត្រធ្វើពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្ម ដោយបង្វែរពីការកាត់ដេរទៅកាន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ដូចជា ការបង្គុំគ្រឿងអេឡិចត្រូនិក យានយន្ត និងការកែច្នៃចំណីអាហារ។ លើសពីនេះ កម្ពុជាបានបង្ហាញពីភាពធន់តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ និងការធ្វើឌីជីថលូបនីយកម្មលើសេវាសាធារណៈ។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមក៏បានបញ្ជាក់ពីជំហរការទូតច្បាស់លាស់ក្នុងការប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព និងសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍រួម។

សរុបមក សកម្មភាពដ៏មមាញឹកនៃកិច្ចសម្ភាសន៍ជាមួយស្ថាប័នព័ត៌មានឥទ្ធិពលទាំងពីរនេះ គឺជាសក្ខីភាពនៃការបើកចំហ និងការត្រៀមខ្លួនជាស្រេចរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ តាមរយៈការបញ្ជូនសារស្តីពីភាពជឿជាក់ និងកាលានុវត្តភាពនេះ កម្ពុជារំពឹងថានឹងទាក់ទាញបាននូវទុនវិនិយោគប្រកបដោយគុណភាពបន្ថែមទៀតក្នុងឆ្នាំ២០២៦ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងនាមជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគត។

ស្ថានភាពពាណិជ្ជកម្មឆ្នាំ ២០២៥

ឥឡូវយើងងាកទៅមើល ស្ថានភាពពាណិជ្ជកម្មរបស់កម្ពជាកាលពីឆ្នាំ ២០២៥៖

នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងនូវការកោតសរសើរ និងមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលបានបោះជំហានយ៉ាងលឿនក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ។ តាមរយៈរបាយការណ៍បូកសរុប ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានហក់ឡើងដល់ ៦២,២៤ ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះឆ្លុះបញ្ចាំងពីការកើនឡើងក្នុងរង្វង់ ១៨% បើធៀបទៅនឹងឆ្នាំ២០២៤។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺភាពខ្លាំងក្លានៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។ ឯកឧត្តមបានបញ្ជាក់ថា ការនាំចេញសរុបសម្រេចបានទឹកប្រាក់ចំនួន ៣១,២៨ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧% ដែលក្នុងនោះទីផ្សារសហរដ្ឋអាមេរិកនៅតែជាគោលដៅធំជាងគេមានរហូតដល់ ៤១% បន្ទាប់មកគឺទីផ្សារអាស៊ាន ១៨% និងសហភាពអឺរ៉ុប ១៦%។ ឯកឧត្តមបានគូសបញ្ជាក់ដោយក្តីរំភើបថា នេះគឺជាបម្រែបម្រួលជាប្រវត្តិសាស្ត្រនៃជញ្ជីងពាណិជ្ជកម្មកម្ពុជា ដ្បិតកាលពីមុនកម្ពុជាមានតែការនាំចូលច្រើនលើសលប់ និងនាំចេញបានតិចតួចប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នទំហំនាំចេញ និងនាំចូលបានស្ថិតក្នុងកម្រិតប្រហាក់ប្រហែលគ្នា ពោលគឺការនាំចេញមានជាង ៣១ ពាន់លានដុល្លារ ខណៈការនាំចូលមានជាង ៣៣ ពាន់លានដុល្លារ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាត្រូវបន្តបញ្ជាទិញសម្ភារៈ និងបរិក្ខារចាំបាច់ពីក្រៅប្រទេសច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែការដែលយើងអាចរក្សាបាននូវជញ្ជីងពាណិជ្ជកម្មមានតុល្យភាពបែបនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសផលិតសម្រាប់នាំចេញយ៉ាងពិតប្រាកដ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនត្រឹមតែបង្ហាញពីភាពជោគជ័យនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាក្នុងការបន្តពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ខ្លួនក្នុងទីផ្សារអន្តរជាតិសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.