យោងតាមការចេញផ្សាយព័ត៌មានពីក្រសួងការពារជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា នាដើមឆ្នាំ២០២៦នេះ បានឱ្យដឹងថា ភាគីកម្ពុជាកំពុងបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនជាមួយភាគីថៃឱ្យមានវឌ្ឍនភាពទៅមុខ ទោះបីជាមានការស្នើសុំពន្យារពេលកិច្ចប្រជុំកម្រិតគោលនយោបាយពីសំណាក់ភាគីថៃក៏ដោយ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង និងកងទ័ពភូមិភាគទី២ ភាគីថៃ ដឹកនាំដោយឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាលើការពង្រឹងការអនុវត្តខ្លឹមសារសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីចុងឆ្នាំ២០២៥។

ការជួបប្រជុំគ្នារបស់ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នាឱកាសនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជាបានដាក់សំណើតាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដោយជំរុញឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះទៅបំពេញការងារលើដីជាក់ស្តែងឡើងវិញ។ ទន្ទឹមនឹងនោះ កម្ពុជាក៏បានស្នើបន្ថែមទៀតឱ្យបញ្ជូនក្រុមការងារវាស់វែងចម្រុះ ចុះទៅសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ ដើម ឱ្យស្របតាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា ដែលកិច្ចការនេះត្រូវបានស្នើឱ្យអនុវត្តនៅចន្លោះថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ខាងមុខ។

ក្នុងជំនួបនោះ ក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងស្មោះត្រង់ ក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់សេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសន្តិភាពនានា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់រវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ បើទោះបីជាភាគីថៃបានស្នើសុំពន្យារពេលកិច្ចប្រជុំ JBC ដោយលើកហេតុផលរង់ចាំការបោះឆ្នោតសភា និងការតែងតាំងសមាសភាពថ្មីក៏ដោយ ក៏កម្ពុជាបានតបតវិញថា យន្តការ JBC គឺជាយន្តការរដ្ឋដែលតំណាងឱ្យនីតិបុគ្គល មិនមែនតំណាងឱ្យបុគ្គល ឬរដ្ឋាភិបាលអាណត្តិណាមួយឡើយ ដូច្នេះការផ្លាស់ប្តូរនយោបាយមិនគួរជាឧបសគ្គដល់ការងារបច្ចេកទេសនោះទេ។

ជំហរដ៏រឹងមាំ និងការជំរុញការងារបច្ចេកទេសយ៉ាងប្រកៀកជាប់ រួមទាំងការស្នើបន្តបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលលេខ ៤២-៤៧ និង ៥២-៥៩ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រ “ដេញទាន់ជាន់កែង” របស់កម្ពុជា ដើម្បីទប់ស្កាត់រាល់ការព្យាយាមប្រើលេសពន្យារពេលរបស់ភាគីថៃ ដែលអាចនាំឱ្យមានការអូសបន្លាយពេលវេលាសម្រាប់ការគ្រប់គ្រង ឬការសាងសង់សំណង់ខុសច្បាប់ផ្សេងៗនៅលើទឹកដីកម្ពុជា។ ឆ្លងតាមរយៈសកម្មភាពទាំងនេះ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងពីរ៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.