
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញទៅកាន់សហភាពអឺរ៉ុប (EU) ក្នុងតម្លៃសរុបប្រមាណ ៥,០១ ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះមានការកើនឡើង ១៣,៥ ភាគរយ (13.5%) បើធៀបនឹងឆ្នាំ២០២៤។
កំណើននៃការនាំចេញនេះ ត្រូវបានជំរុញជាចម្បងដោយវិស័យកម្មន្តសាល កសិ-ឧស្សាហកម្ម និងផលិតផលឧស្សាហកម្មដែលកំពុងមានសក្តានុពល រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ កង់ សំបកកង់រថយន្ត ព្រមទាំងផលិតផលកសិកម្មដែលអនុលោមតាមស្តង់ដារសហភាពអឺរ៉ុប ដូចជាអង្ករ និងដំឡូងមីជាដើម។
ក្នុងឆ្នាំ២០២៥ ដដែលនេះ ទីផ្សារសហភាពអឺរ៉ុបមានចំណែកស្មើនឹង ១៦ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា។ គោលដៅនាំចេញសំខាន់ៗរបស់កម្ពុជាក្នុងសហភាពអឺរ៉ុប រួមមាន ប្រទេសអេស្ប៉ាញ ហូឡង់ អាល្លឺម៉ង់ បារាំង និងប៊ែលហ្សិក។
របាយការណ៍ដដែលបានបង្ហាញលម្អិតថា កម្ពុជាបាននាំចេញទៅកាន់៖
- ប្រទេសអេស្ប៉ាញ៖ ១,១៩ ពាន់លានដុល្លារ (កើនឡើង ១១,៥ %)
- ប្រទេសហូឡង់៖ ១,០១ ពាន់លានដុល្លារ (កើនឡើង ២០,៦ %)
- ប្រទេសបារាំង៖ ៥៦៨ លានដុល្លារ (កើនឡើង ១២,៥ %)
- ប្រទេសប៊ែលហ្សិក៖ ៥០៣ លានដុល្លារ (កើនឡើង ២០,៧ %)
ដោយឡែក ការនាំចេញទៅកាន់ ប្រទេសអាល្លឺម៉ង់ មានការធ្លាក់ចុះបន្តិចបន្តួចប្រមាណ ០,៨ ភាគរយ ក្នុងទំហំទឹកប្រាក់ ១,១០ ពាន់លានដុល្លារ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់ការលើកឡើងរបស់ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថា កំណើននៃការនាំចេញនេះ គឺជាលទ្ធផលនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងការពង្រីកលទ្ធភាពទទួលបានទីផ្សារ និងការបង្កើនជំនួយបច្ចេកទេសដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម។ ឯកឧត្តមបានបញ្ជាក់ថា៖
សន្ទុះពាណិជ្ជកម្មវិជ្ជមាននេះ ត្រូវបានគាំទ្រដោយប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដែលផ្តល់នូវការនាំចូលដោយមិនជាប់ពន្ធ និងមិនមានការកំណត់កូតា សម្រាប់ផលិតផលភាគច្រើនរបស់កម្ពុជា។
ជាមួយគ្នានេះដែរ សម្រាប់ការនាំចូលវិញ កម្ពុជាបាននាំចូលទំនិញពីសហភាពអឺរ៉ុបក្នុងតម្លៃ ៨៦៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ដែលចំនួននេះមានការធ្លាក់ចុះ ៥,៨ ភាគរយ (5.8%) បើធៀបនឹងឆ្នាំ២០២៤។ ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហភាពអឺរ៉ុប រួមមាន គ្រឿងចក្រ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឱសថ យានយន្ត គ្រាប់ពេជ្រ និងត្បូងមានតម្លៃ វាយនភណ្ឌ និងឧបករណ៍អគ្គិសនី ជាដើម៕

