ក្រោយមានការណែនាំពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញ អាជីវករដែលធ្លាប់លក់ដូរតាមចិញ្ចើមផ្លូវបានសម្រេចចិត្តផ្លាស់ទីមកលក់នៅក្នុងផ្សារតាម៉ាប់ព្រែកជ្រៃយ៉ាងកកកុញ ដែលធ្វើឱ្យបរិមាណទំនិញជាបន្លែ និងផ្លែឈើ ហក់ឡើងដល់ចន្លោះពី ៣០ ទៅ ៤០ តោនក្នុងមួយថ្ងៃ។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ លោក ខាវ ថន ហៅតាម៉ាប់ ដែលជាប្រធានផ្សារបានបញ្ជាក់ឱ្យដឹងពីការរៀបចំតូបលក់ដូរយ៉ាងមានរបៀបរៀបរយ ដោយបែងចែកជាខ្នាតស្តង់ដារផ្សេងៗគ្នា រួមមានតូបទំហំ ៣ ម៉ែត្រគុណនឹង ៥ ម៉ែត្រ ខ្នាត ៣ ម៉ែត្រគុណនឹង ៩ ម៉ែត្រ និងខ្នាតធំ ៣ ម៉ែត្រគុណនឹង ១២ ម៉ែត្រ។ ក្រៅពីតូបស្តង់ដារទាំងនេះ ម្ចាស់ផ្សារក៏មានលទ្ធភាពរៀបចំជាឃ្លាំងធំៗតាមតម្រូវការជាក់ស្តែងរបស់អាជីវករបោះដុំ និងមានកន្លែងធំទូលាយសម្រាប់អាជីវកររាយដែលអាចដាក់លក់តាមកញ្ជើ ឬល្អី បានយ៉ាងងាយស្រួលបំផុត។

ពាក់ព័ន្ធនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធវិញ ប្រធានផ្សារបានផ្ដោតសំខាន់លើការសម្រួលចរាចរណ៍ផ្ទៃក្នុង ដើម្បីបង្កលក្ខណៈងាយស្រួលដល់រថយន្តដឹកទំនិញធុនធំដែលចេញចូលក្នុងផ្សារ។ ក្នុងនោះ ផ្លូវមេនៅក្នុងផ្សារមានទទឹងរហូតដល់ ២០ ម៉ែត្រ ខណៈផ្លូវរងទំហំ ១៥ ម៉ែត្រ និងផ្លូវកាត់ទទឹងមានទំហំ ១២ ម៉ែត្រ  ព្រមទាំងមានចំណតរថយន្តនៅជុំវិញផ្សារ ដែលជួយឱ្យការផ្ទេរទំនិញមិនកកស្ទះឡើយ។ ចំពោះបញ្ហាដីហុយដែលអាជីវករមួយចំនួនមានការបារម្ភ ប្រធានផ្សារ បានសុំការយោគយល់ និងបញ្ជាក់ថា ក្រុមការងារកំពុងខិតខំសាងសង់ដំបូលរោងបន្ថែម ដោយក្នុងមួយថ្ងៃអាចសម្រេចបានរហូតដល់ ៤ អគារ ដើម្បីផ្តល់ម្លប់ និងជម្រកសមរម្យដល់អ្នកលក់ដូរ។

អ្នកស្រី ស្រិន សារ៉ាន់ បានរៀបរាប់ថា កាលពីមុននៅផ្សារដើមគរ អ្នកស្រីត្រូវលក់ដូរតាមចិញ្ចើមផ្លូវដែលមានភាពចង្អៀត និងពិបាកក្នុងជញ្ជូនទំនិញ ប៉ុន្តែនៅទីនេះត្រូវបានរៀបចំឡើងយ៉ាងមានសណ្ដាប់ធ្នាប់។ អ្នកស្រីក៏បានអំពាវនាវដល់ម៉ូយចាស់ៗ និងអាជីវករដទៃទៀត ឲ្យមកជួយគាំទ្រ និងលក់ដូរនៅទីតាំងថ្មីនេះ ដើម្បីឲ្យផ្សារកាន់តែមានភាពអ៊ូអរ។

ស្រដៀងគ្នានេះដែរ លោក អេន អន ជាអាជីវករលក់បន្លែគ្រប់មុខ (ដូចជា ស្ពៃក្តោប ការ៉ុត ដំឡូងបារាំង និងម្ទេស) ក៏បានលើកឡើងពីភាពវិជ្ជមាននៃទីតាំងថ្មីនេះផងដែរ។ លោកបានកត់សម្គាល់ថា ទោះបីជាមានការយល់ឃើញថាទីតាំងនេះហាក់នៅឆ្ងាយបន្តិច ប៉ុន្តែតាមពិតទៅវាមានភាពងាយស្រួលជាងការលក់ដូរដែលប៉ះពាល់ដល់ផ្លូវសាធារណៈ។

ទន្ទឹមនឹងការអភិវឌ្ឍនេះ ខាងផ្សារក៏កំពុងត្រៀមលក្ខណៈចាក់បេតុង និងរៀបចំប្រព័ន្ធលូខ្នាតធំផងដែរ។ លោក ខាវ ថន បានបញ្ជាក់ថា បច្ចុប្បន្នកំពុងរង់ចាំការពិនិត្យកម្រិតកម្ពស់ដីពីក្រសួងសាធារណការ និងរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីធានាថាការរៀបចំប្រព័ន្ធបង្ហូរទឹកមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជៀសវាងការលិចទឹកនៅរដូវវស្សា។ ក្រៅពីនេះ ផ្សារក៏នឹងមានការបំពាក់បង្គោលភ្លើងបំភ្លឺច្បាស់លាស់ ដើម្បីធានាសន្តិសុខ និងភាពងាយស្រួលទាំងអ្នកលក់ និងអ្នកទិញ។ ជាចុងក្រោយ លោក តាម៉ាប់ បានអំពាវនាវដល់បងប្អូនកសិករ និងអាជីវករមកពីគ្រប់បណ្តាខេត្ត ឱ្យដឹកកសិផលមកលក់នៅទីនេះបានយ៉ាងពេញចិត្ត ដោយលោកសន្យានឹងផ្តល់នូវទីតាំងល្អ ផ្លូវធំទូលាយ និងបរិយាកាសលក់ដូរប្រកបដោយផាសុកភាព។

សូមជម្រាបថា អាជ្ញាធររាជធានីភ្នំពេញ បានហាមឃាត់ ឈប់ឱ្យអ្នកលក់បន្លែផ្លែឈើ នៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ចាប់ពីថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦។ ក្រុមអ្នកលក់ដូរបន្លែផ្លែឈើ នៅតាមចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវទាំងនោះ ត្រូវផ្លាស់ប្ដូរទៅលក់ដូរនៅទីតាំងថ្មី គឺផ្សារបោះដុំបន្លែផ្លែឈើ ឬផ្សារដើមគរថ្មី ឬទីតាំងឯកជនណាមួយ សមស្រប។ ពោលគឺលែងឱ្យមានអ្នកលក់ យកផ្លូវធ្វើកន្លែងលក់ដូរតទៅទៀត នៅតំបន់ជុំវិញផ្សារដើមគ ដែលបង្កការកកស្ទះ មិនអាចធ្វើដំណើរ ឆ្លងកាត់កន្លែងលក់ដូរ នៅផ្សារដើមគនោះ រាប់ឆ្នាំមកហើយ៕

អត្ថបទ និងរូបភាព៖ ឈិន ធារ៉ាត់

Share.