ក្នុងឱកាសនៃកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សកាន់អំណាចនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ នាដើមខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយសមភាគីឡាវ និងវៀតណាម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។


នៅក្នុងជំនួបជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី៧ ខែកុម្ភៈ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមកឱ្យកាន់តែរលូន។ ក្នុងក្របខ័ណ្ឌនេះ កម្ពុជាអាចប្រើប្រាស់ទឹកដីឡាវជាផ្លូវឆ្លងកាត់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ប្រទេសទីបី ខណៈដែលឡាវអាចប្រើប្រាស់ទឹកដី និងភស្តុភារកម្មសមុទ្ររបស់កម្ពុជា ដើម្បីនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយឡាវពីប្រទេសគ្មានព្រំដែនជាប់សមុទ្រ ទៅជាប្រទេសដែលមានការតភ្ជាប់តាមផ្លូវគោក។ ទន្ទឹមនឹងការតភ្ជាប់នេះ មេដឹកនាំទាំងពីរក៏បានកំណត់គោលដៅរួមគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានដល់ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០ ខាងមុខ។
ដោយឡែក ក្នុងជំនួបជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី០៦ ខែកុម្ភៈ សម្តេចធិបតី និងសមភាគីវៀតណាម បានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យហក់ឡើងដល់គោលដៅ ២០ ពាន់លានដុល្លារ នាពេលខាងមុខ។ ដើម្បីសម្រេចបាននូវមហិច្ឆតាសេដ្ឋកិច្ចនេះ ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសការជំរុញគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ ដែលនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការតភ្ជាប់រវាងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបីក៏បានឯកភាពគ្នាបន្តពង្រឹងសន្តិសុខតាមព្រំដែន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធឆ្លងដែនជាមួយទាំងឡាវ និងវៀតណាម ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងតំបន់ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកកាលានុវត្តភាពសេដ្ឋកិច្ចតាមរយៈភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ៕

