- សន្តិភាពយូរអង្វែងមិនអាចកើតមានឡើយ ប្រសិនបើគ្មានយុត្តិធម៌សង្គម
- ផ្លាស់ប្តូរឋានៈរបស់កម្មករពី “កម្លាំងបម្រើផលិតកម្ម” ឱ្យមកជា “ម្ចាស់សិទ្ធិ” ដែលមានសេចក្តីថ្លៃថ្នូរ។
- កិច្ចព្រមព្រៀងរួមអំពីលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលកែប្រែទំនាក់ទំនង “ម្ចាស់ និងអ្នកបម្រើ” មកជា “ដៃគូសង្គម” ដែលមានសំឡេងស្មើភាពគ្នានៅលើតុចរចា។
- ការសម្រាក គឺជាសិទ្ធិមនុស្សជាសកលសម្រាប់ការស្តារកម្លាំងពលកម្ម វាមិនមែនជាការអនុគ្រោះពីម្ចាស់រោងចក្រ សហគ្រាសឡើយ
- គោលការណ៍សន្តិសុខការងារត្រូវបានពង្រឹងយ៉ាងខ្លាំងតាមរយៈការបង្កើតច្បាប់ “ការពារការបញ្ឈប់ពីការងារដោយអយុត្តិធម៌”
- ការកំណត់ប្រាក់ឈ្នួលអប្បបរមាបានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រ និងគម្លាតសង្គម

សករាជថ្មី នៃសេចក្ដីថ្លៃថ្នូរការងារបានចាប់លេចរូបរាងឡើងយ៉ាងពិតប្រាកដនៅក្រោយឆ្នាំ ១៩៤៥ គឺនៅពេលដែលពិភពលោកបានដឹងខ្លួនយ៉ាងច្បាស់ថា សន្តិភាពយូរអង្វែងមិនអាចកើតមានឡើយ ប្រសិនបើគ្មានយុត្តិធម៌សង្គម។ យុត្តិធម៌សង្គម សំដៅដល់សេចក្ដីថា មនុស្សគ្រប់រូបត្រូវបានទទួលស្គាល់នូវសិទ្ធិ និងសេចក្តីថ្លៃថ្នូរដូចៗគ្នា ដោយគ្មានការរើសអើង។ ក្នុងបរិបទនេះ អង្គការពលកម្មអន្តរជាតិ (ILO) បានដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការបង្កើតបទដ្ឋានគតិយុត្តសកល ដែលផ្លាស់ប្តូរឋានៈរបស់កម្មករពី “កម្លាំងបម្រើផលិតកម្ម” ឱ្យមកជា “ម្ចាស់សិទ្ធិ” ដែលមានសេចក្តីថ្លៃថ្នូរ។ ក្នុងចំណោមលិខិតុបករណ៍ជាច្រើន អនុសញ្ញាលេខ ៨៧ ដែលត្រូវបានអនុម័តនៅឆ្នាំ ១៩៤៨ ស្តីពីសេរីភាពសហជីព គឺជាមូលដ្ឋានគ្រឹះដំបូងគេបង្អស់។ អនុសញ្ញានេះបានកំណត់ថា កម្មករ និយោជិត និងនិយោជកមានសិទ្ធិពេញលេញក្នុងការបង្កើត និងចូលរួមក្នុងអង្គការចាត់តាំងដែលខ្លួនពេញចិត្ត ដោយពុំចាំបាច់មានការអនុញ្ញាតជាមុនពីរដ្ឋាភិបាលឡើយ ដែលនេះគឺជាការបំបែកសិទ្ធិសេរីភាពបុគ្គលចេញពីការត្រួតត្រាផ្ដាច់មុខរបស់រដ្ឋ និងម្ចាស់សហគ្រាស។
បន្ទាប់ពីការបង្កើតសេរីភាពក្នុងការចងក្រងគ្នា, អនុសញ្ញាលេខ ៩៨ ដែលត្រូវបានអនុម័តនៅឆ្នាំ ១៩៤៩ បានចូលមកបំពេញបន្ថែមនូវសិទ្ធិក្នុងការចរចារួម។ លិខិតុបករណ៍អន្តរជាតិនេះខែលការពារក្រុមកម្មករ និយោជិតប្រឆាំងនឹងការរើសអើងសហជីព ជាពិសេសការការពារមិនឱ្យមានការបញ្ឈប់ពីការងារដោយសារការចូលរួមសកម្មភាពសហជីព។ សំខាន់ជាងនេះទៅទៀត វាក៏បានជំរុញឱ្យមានយន្តការចរចាដោយស្ម័គ្រចិត្តរវាងភាគីនិយោជក និងសហជីពកម្មករ ដើម្បីរួមគ្នាកំណត់លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលតាមរយៈកិច្ចព្រមព្រៀងរួម។ ការវិវឌ្ឍនេះបានធ្វើឱ្យទំនាក់ទំនងរវាងម្ចាស់រោងចកក្រ សហគ្រាស អាជីវកម្ម និងកម្មករ នយោជិត ប្រែពីទំនាក់ទំនង “ម្ចាស់និងអ្នកបម្រើ” មកជា “ដៃគូសង្គម” ដែលមានសំឡេងស្មើភាពគ្នានៅលើតុចរចា។
ទន្ទឹមនឹងការរីកចម្រើននៃច្បាប់អន្តរជាតិ នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០ ដែលគេចាត់ទុកថា ជាសម័យកាលមាសនៃសេដ្ឋកិច្ចសកល គេបានឃើញនូវការលេចរូបរាងឡើងនៃ “រដ្ឋសុខុមាលភាព” (Welfare State) យ៉ាងរឹងមាំនៅតំបន់អឺរ៉ុបខាងលិច។ រដ្ឋសុខុមាលភាព សំដៅដល់រដ្ឋ ដែលរស់នៅដោយស្រណុកសុខស្រួល។ ក្នុងសម័យកាលនេះ ច្បាប់ការងារបានវិវឌ្ឍហួសពីការការពារសុវត្ថិភាពរូបរាងកាយធម្មតា ដោយបានឈានទៅដល់ការធានានូវគុណភាពជីវិត និងសន្តិសុខសង្គម។ ក្នុងន័យនេះ គោលការណ៍នៃការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលត្រូវបានបង្កើតឡើង ដើម្បីធានាថាការសម្រាក គឺជាសិទ្ធិមនុស្សជាសកលសម្រាប់ការស្តារកម្លាំងពលកម្មមិនមែនជាការអនុគ្រោះពីម្ចាស់រោងចក្រ សហគ្រាសឡើយ។
ជាមួយគ្នានេះដែរ គោលការណ៍សន្តិសុខការងារត្រូវបានពង្រឹងយ៉ាងខ្លាំងតាមរយៈការបង្កើតច្បាប់ “ការពារការបញ្ឈប់ពីការងារដោយអយុត្តិធម៌” ដែលតម្រូវឱ្យនិយោជកត្រូវតែមានមូលហេតុច្បាស់លាស់ និងសមស្រប ព្រមទាំងត្រូវអនុវត្តតាមនីតិវិធីច្បាប់មុននឹងបញ្ឈប់កម្មករណាម្នាក់។


នៅដំណាក់កាលចុងសតវត្សទី២០, ការវិវឌ្ឍនៃប្រាក់ឈ្នួលអប្បបរមាបានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រ និងគម្លាតសង្គម។ រដ្ឋជាច្រើន ក្នុងនេះក៏មានកម្ពុជាផងដែរ បានចាប់ផ្ដើមដើរតួនាទីជាអ្នកកំណត់កម្រិតឈ្នួលទាបបំផុត ដែលនិយោជកត្រូវតែផ្តល់ឱ្យ កម្មករ និយោជិត ដើម្បីធានាបាននូវការរស់នៅដោយសមរម្យ។
មកដល់សតវត្សទី ២១ នេះ ច្បាប់ការងារនៅតែបន្តវិវឌ្ឍបន្ថែមទៀតដើម្បីឆ្លើយតបនឹងការប្រឈមថ្មីៗ ដូចជាការរក្សាតុល្យភាពរវាងជីវិតឯកជននិងការងារ ការលុបបំបាត់ការបៀតបៀនគ្រប់ទម្រង់នៅកន្លែងធ្វើការ និងការសម្របខ្លួនទៅនឹងសេដ្ឋកិច្ចឌីជីថល។ ជារួម ដំណើរវិវឌ្ឍពីក្រោយសង្គ្រាមលោកទី ២ រហូតមកដល់បច្ចុប្បន្ន គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងជាសកលក្នុងការធ្វើឱ្យ “ពលកម្ម” មិនមែនជាទំនិញ ប៉ុន្តែគឺជា សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
ប្រភពឯកសារយោង៖
- សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR 1948), មាត្រា ២៣។
- សេចក្តីប្រកាស Philadelphia ឆ្នាំ ១៩៤៤ នៃអង្គការពលកម្មអន្តរជាតិ (ILO)។
- The Three Worlds of Welfare Capitalism ដោយ Gøsta Esping-Andersen (1990) ។
- បណ្ណសារប្រវត្តិសាស្ត្រនៃអង្គការពលកម្មអន្តរជាតិ (ILO Historical Archives)។

