នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយទីភា្នក់ងារសារព័ត៌មាន REUTER អំឡុពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៃ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) របស់លោក Trump នៅសប្តាហ៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការចូលរុករានយ៉ាងជ្រៅមកលើទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ។ «កងទ័ពថៃនៅឈ្លានពានចូលកាន់តែជ្រៅមកក្នុងទឹកដីកម្ពុជាជាច្រើនកន្លែង។ ហើយវាចូលជ្រៅលើសពីខ្សែបន្ទាត់ព្រំដែនដែលថៃអះអាងជាឯកតោភាគីទៅទៀត។»

សម្ដេចបានបន្ថែមថា ទាហានថៃបានដាក់របាំងទូកុងតឺន័រ និងរបងលួសបន្លានៅក្នុងតំបន់ដែលថៃធ្លាប់បានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះវិញបានទេ។ នៅចំពោះមុខកាសែតអន្តរជាតិសម្ដេចបញ្ជាក់ច្បាស់ៗថា «នេះមិនមែនគ្រាន់តែជាការចោទប្រកាន់ទេ ប៉ន្តែជាស្ថានការណ៍ជាក់ស្ដែងនៅលើដីតែម្ដង»

សម្ដេចធិបតីមានប្រសាសន៍ថា កម្ពុជាមិនអាចទទួលយកបាននូវអ្វីដែលលោកហៅថាជា «ការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង» នោះទេ។

«មធ្យោបាយតែមួយគត់ ដើម្បីផ្ទៀងផ្ទាត់រឿងនោះ គឺការប្រើប្រាស់យន្តការបច្ចេកទេស ដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់។ ដូច្នេះ កម្ពុជាសង្ឃឹមថាភាគីថៃនឹងយល់ព្រម និងចាប់ផ្តើមអនុញ្ញាតឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះជាការលើកឡើងរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ។ សម្ដេចបានដេញដោលថា កន្លងមកថៃបានលើកយកការបោះឆ្នោតថ្ងៃទី ៨ ខែកុម្ភៈ ជាហេតុផល ដើម្បីជាលេសមិនព្រមចាប់ផ្តើមការងារបោះបង្គោលព្រំដែន។ ឥឡូវនេះការបោះឆ្នោតជាតិថៃបានបញ្ចប់ ហើយលទ្ធផលឆ្នោតបានបង្ហាញជាផ្លូវការ ដោយលោក អាណុទីន ឆានវីរៈកុល (Anutin Charnvirakul) បានទទួលការគាំទ្រយ៉ាងខ្លាំងពីចរន្តជាតិនិយម ដែលមានជម្លោះព្រំដែនជាឈ្នាន់។ «ឥឡូវនេះការបោះឆ្នោតបានបញ្ចប់ហើយ យើងសង្ឃឹមថាថៃអាចចាប់ផ្តើម យ៉ាងហោចណាស់ក្នុងកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់ផ្តើមបោះបង្គោលក្នុងតំបន់ក្តៅ ដើម្បីឱ្យយើងអាចត្រឡប់ទៅរកជីវភាពធម្មតាវិញ»

ជាមួយនឹងក្ដីបារម្ភ ស្លោស្លន់ស្ទើរតែស្លឈាមរបស់កក្រុមមេដឹកនាំថៃ ដែលស្ទុះស្ទាឆ្ការដៃឆ្ការជើងចង្អុរឲ្យអ្នកកាសែតក្នុងស្រុករបស់ខ្លួនតាមដានឲ្យបានជាប់កុំឲ្យរំលង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញ នៅយប់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ទៅកាន់រដ្ឋវ៉ាស៊ីងតុន ឌីស៊ី ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) ដែលដឹកនាំដោយលោកប្រធានាធិបតី Donald J. Trump ហើយកិច្ចប្រជុំនេះប្រព្រឹទ្ធិទៅនៅ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក។

ក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យផែនការសន្តិភាពនៅហ្គាហ្សា (Gaza) ប៉ុន្តែលោកប្រធានាធិបតី Trump ធ្លាប់បានលើកឡើងថា វាអាចដើរតួនាទីកាន់តែទូលំទូលាយជាងនេះ។ ដោយឡែកសម្ដេចធិបតី បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះស្ថាប័នថ្មីនេះ ដោយសង្ឃឹមថាវាអាចដើរតួនាទីក្នុងការកាត់បន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន “ដ៏ផុយស្រួយ” រវាងកម្ពុជា និងថៃផងដែរ៕

Share.