
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាកសិករជុំវិញផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលបង្កឱ្យមានការហក់ឡើងនៃថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម។ យោងតាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងបាននិងកំពុងចាត់វិធានការយ៉ាងសកម្មក្នុងកិច្ចការងារអន្តរាគមន៍ចំនួនពីរចំណុចធំៗ គឺការធានាស្ថិរភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការគ្រប់គ្រងតម្លៃជីកសិកម្មនៅលើទីផ្សារ។
ពាក់ព័ន្ធនឹងបញ្ហាប្រេងឥន្ធនៈ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរួមគ្នាធានាថាការផ្គត់ផ្គង់ប្រេងសម្រាប់គាំទ្រដល់វិស័យកសិកម្មនឹងមិនមានការរអាក់រអួលឡើយ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានចេញសេចក្តីណែនាំផ្លូវការ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយតម្រូវឱ្យមន្ទីរកសិកម្មគ្រប់រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់តាមដានស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ក្នុងករណីមានការឡើងថ្លៃប្រេងខុសប្រក្រតី ឬមានការខ្វះខាតការផ្គត់ផ្គង់ មន្ទីរកសិកម្មត្រូវសហការជាបន្ទាន់ជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីផ្តល់ការអន្តរាគមន៍ដោះស្រាយជូនកសិករឱ្យបានទាន់ពេលវេលា សំដៅធានាឱ្យដំណើរការគ្រឿងចក្រកសិកម្ម និងការដឹកជញ្ជូនកសិផលអាចប្រព្រឹត្តទៅបានជាធម្មតា។
ដោយឡែក ចំពោះបញ្ហាជីកសិកម្មវិញ ក្រសួងបានជួបប្រជុំវាយតម្លៃជាមួយក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មធំៗនៅក្នុងប្រទេស ដើម្បីពិនិត្យមើលលទ្ធភាពនៃការផ្គត់ផ្គង់។ ជាលទ្ធផល ក្រសួងបានវាយតម្លៃជាបឋមថា កម្ពុជានឹងមិនប្រឈមមុខនឹងបញ្ហាខ្វះខាតជីកសិកម្មនោះទេ ជាពិសេសប្រភេទជីអ៊ុយរ៉េដែលជាតម្រូវការចាំបាច់បំផុត។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាអាចនឹងរងសម្ពាធខ្លះៗពីការកើនឡើងនៃតម្លៃនៅលើទីផ្សារសកល ប៉ុន្តែក្រសួងបានទទូចស្នើសុំឱ្យក្រុមហ៊ុនឯកជនទាំងអស់ខិតខំរក្សាតម្លៃក្នុងកម្រិតសមរម្យបំផុត ដែលកសិករអាចទទួលយកបានសម្រាប់រដូវដាំដុះខាងមុខនេះ។
បន្ថែមលើវិធានការសេដ្ឋកិច្ច ក្រសួងកសិកម្មក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យជួយផ្សព្វផ្សាយ និងអប់រំកសិករអំពីការប្រើប្រាស់មធ្យោបាយស្តុកទុកប្រេងឥន្ធនៈឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងមានសុវត្ថិភាព ដើម្បីជៀសវាងគ្រោះថ្នាក់អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ។ វិធានការទាំងនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍របស់កសិករ និងការធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចដ៏ស្មុគស្មាញ៕


