ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបន្តជំរុញការពង្រឹងវិន័យមន្ត្រីរាជការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពសេវាសាធារណៈ ខណៈដែលនៅមានមន្ត្រីមួយចំនួនតូច មិនទាន់គោរពវិន័យបានម៉ឺងម៉ាត់។

នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានធនធានមនុស្ស បានរៀបចំកិច្ចប្រជុំស្តីពី «ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការ» ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គស្នងការនគរបាលជាតិ អភិបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធ ប្រមាណ៧០០រូប ទាំងចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom។

សូមចុចអាន៖ ដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (CRS) នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ

ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកធនធានមនុស្ស បានបញ្ជាក់ថា កិច្ចប្រជុំមានគោលបំណងសំខាន់៤ រួមមាន៖ ពង្រឹងវិន័យមន្ត្រី លើកកម្ពស់សីលធម៌ និងកិត្តិយស បង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់មនសិការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្តថា ការកែទម្រង់ធនធានមនុស្សកន្លងមក ទទួលបានលទ្ធផលវិជ្ជមាន ដោយមន្ត្រីមានវិន័យ និងស្មារតីទទួលខុសត្រូវកាន់តែប្រសើរ ការជ្រើសរើស និងបណ្តុះបណ្តាលអនុវត្តតាមស្តង់ដារ និងការគ្រប់គ្រងវត្តមានកាន់តែមានប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ នៅមានមន្ត្រីមួយចំនួនតូច នៅតែមានអវត្តមាន អាកប្បកិរិយាមិនសមរម្យ និងការស្លៀកពាក់ឯកសណ្ឋានមិនបានត្រឹមត្រូវ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានសម្តែងការកោតសរសើរចំពោះការខិតខំរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងអង្គភាពពាក់ព័ន្ធ ក្នុងការពង្រឹងវិន័យ និងគ្រប់គ្រងធនធានមនុស្ស ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

ឯកឧត្តមក៏បានណែនាំឲ្យបន្តពង្រឹងវិន័យមន្ត្រីរាជការ ដោយគ្រប់គ្រងវត្តមានតាមប្រព័ន្ធឌីជីថល អនុវត្តទណ្ឌកម្មវិន័យយ៉ាងតឹងរឹង លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តុះបណ្តាលជំនាញបន្ថែម ព្រមទាំងត្រួតពិនិត្យការស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ។

ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា «មនុស្ស» គឺជាគន្លឹះសំខាន់ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងការផ្តល់សេវាសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ជាកិច្ចបញ្ចប់ ឯកឧត្តមបានលើកទឹកចិត្តឱ្យគ្រប់អង្គភាព បន្តសហការយ៉ាងជិតស្និទ្ធ ខិតខំអនុវត្តតួនាទីភារកិច្ច ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលឲ្យកាន់តែប្រសើរឡើង។

Share.