
ជប៉ុនផ្ដល់ឥណទាន ៤៦ លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងការពារទឹកជំនន់ កែលម្អប្រព័ន្ធបង្ហូរទឹកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទឹកប្រាក់សរុបនេះមានចំនួន ៦.៩០៨.០០០.០០០ យ៉េន ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកក្នុងទីក្រុងឱ្យកាន់តែមានប្រសិទ្ធភាព។ ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនៃគម្រោងដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ពិធីចុះហត្ថលេខានេះ ត្រូវបានអនុវត្តដោយផ្ទាល់រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា។ កញ្ចប់ឥណទាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងគោលដៅយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងពង្រឹងសមត្ថភាពប្រព័ន្ធបង្ហូរទឹក ដែលជាកង្វល់ចម្បងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក។ កិច្ចព្រមព្រៀងនេះ ក៏បានឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពរស់នៅ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា៕

