ផ្អែកតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក (World Bank) ដែលបានចេញផ្សាយក្នុងខែមិថុនា ឆ្នាំ២០២៦ នេះ វិស័យកសិកម្ម សន្តិសុខស្បៀង និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទនៃប្រទេសកម្ពុជា កំពុងតែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីខាងក្រៅ។ វិបត្តិនេះបណ្តាលមកពីការហក់ឡើងខ្ពស់ នៃតម្លៃថាមពលសកល ដែលរុញច្រានដោយជម្លោះភូមិសាស្ត្រនយោបាយ និងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលបង្កជាផលប៉ះពាល់ជាខ្សែច្រវាក់ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល ជាពិសេសគ្រួសារកសិករ ដែលងាយរងគ្រោះបំផុត។

របាយការណ៍បានគូសបញ្ជាក់ថា វិបត្តិភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា បានរុញច្រានឱ្យតម្លៃថាមពលកើនឡើងយ៉ាងគំហុក។ បើគិតត្រឹមខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងម៉ាស៊ូតបានហក់ឡើងជាង ៧០ ភាគរយ ខណៈដែលប្រេងសាំងបានកើនឡើង ៤៥ ភាគរយ។ ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនេះ បានទម្លាក់បន្ទុកយ៉ាងធ្ងន់ធ្ងរមកលើវិស័យ ដែលងាយរងគ្រោះបំផុត ហើយក្នុងនោះ ថ្លៃដើមនៃការផលិតនៅក្នុងវិស័យកសិកម្មបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ កសិករកម្ពុជានៅតាមជនបទកំពុងប្រឈមមុខនឹងការចំណាយខ្ពស់ជ្រុលលើសម្ភារធាតុចូលកសិកម្មចាំបាច់ រួមមាន ប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនបូមទឹក និងត្រាក់ទ័រ ព្រមទាំងតម្លៃជី និងថ្នាំសម្លាប់សត្វល្អិត ដែលកត្តាទាំងនេះកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទិន្នផលដំណាំ និងប្រាក់ចំណូលរបស់ពួកគេ។

ជាមួយគ្នានេះដែរ សម្ពាធអតិផរណាដែលបានកើនឡើងដល់ ៥,៨ ភាគរយ គិតត្រឹមខែមេសា ឆ្នាំ២០២៦ កំពុងតែធ្វើឱ្យអំណាចទិញរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះនៅជនបទធ្លាក់ចុះយ៉ាងខ្លាំង។ ដោយសារតែបន្ទុកចំណាយលើម្ហូបអាហារកាន់តែធ្ងន់ធ្ងរនៅក្នុងរចនាសម្ព័ន្ធចំណាយសរុបរបស់គ្រួសារជនបទ ការកើនឡើងនៃថ្លៃទំនិញ និងសេវាកម្មនេះ កំពុងតែក្លាយជារបាំងរារាំង និងគំរាមកំហែងដល់សមិទ្ធផល នៃការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ព្រមទាំងបង្កជាក្តីបារម្ភកាន់តែខ្លាំងឡើងៗ ដល់សន្តិសុខស្បៀងជាតិ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ និងដើម្បីត្រៀមខ្លួនសម្រាប់រដូវដាំដុះ ដែលកំពុងឈានចូលមកដល់នៅខែឧសភា និងខែមិថុនា កុំឱ្យមានការរំខានដល់ចង្វាក់ផលិតកម្ម ធនាគារពិភពលោកបានផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត “ផែនការបន្ទាន់លើបញ្ហាជីកសិកម្ម” ដោយបង្កើនការសម្របសម្រួលជិតស្និទ្ធជាមួយក្រុមហ៊ុននាំចូល និងអ្នកចែកចាយធាតុចូលកសិកម្ម ដើម្បីធានាឱ្យចរន្តភស្តុភារកម្មប្រព្រឹត្តទៅដោយរលូន។ ទន្ទឹមនឹងនេះ រដ្ឋបាលគយ និងស្ថាប័នពាក់ព័ន្ធត្រូវពន្លឿនយន្តការរដ្ឋបាល និងកាត់បន្ថយភាពយឺតយ៉ាវ នៃនីតិវិធីផ្សេងៗ ក្នុងការផ្តល់អាជ្ញាប័ណ្ណ ពិសេសសម្រាប់ការនាំចូលជី ថ្នាំ និងសារធាតុបំប៉នដីកសិកម្ម។ ជាមួយគ្នានេះ ត្រូវផ្ដល់ការផ្តល់ការណែនាំបច្ចេកទេសកសិកម្មចំគោលដៅក៏ត្រូវតែធ្វើឡើងយ៉ាងសកម្ម ដើម្បីជួយកសិករឱ្យចេះប្រើប្រាស់ជីប្រកបដោយប្រសិទ្ធភាព និងជំរុញការប្រើប្រាស់ជីចម្រុះ ឬជីជីវសាស្ត្រក្នុងគោលបំណងកាត់បន្ថយថ្លៃដើម។

លើសពីនេះ អាជ្ញាធរត្រូវតែគ្រប់គ្រងទីផ្សារឱ្យបានតឹងរ៉ឹងតាមរយៈការផ្សព្វផ្សាយទិន្នន័យតម្លៃធាតុចូលកសិកម្មប្រចាំសប្តាហ៍តាមបណ្តាខេត្ត ដើម្បីទប់ស្កាត់ការស្តុកទុកទំនិញធ្វើអាជីវកម្មមិនស្មោះត្រង់ និងការបំប៉ោងតម្លៃទីផ្សារពីសំណាក់ជនឱកាសនិយម។ ក្នុងពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលគួរតែពិចារណាដាក់ចេញនូវកម្មវិធីគាំទ្រសាច់ប្រាក់ចំគោលដៅ និងមានកំណត់ពេលច្បាស់លាស់ តាមរយៈប្រព័ន្ធប័ណ្ណសមធម៌ នៃមូលនិធីគាំពារសង្គម និងបណ្តាញគាំទ្រពលករចំណាកស្រុកដែលត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួយពួកគេឱ្យមានលទ្ធភាពទប់ទល់នឹងសម្ពាធទ្វេដងនៃការកើនឡើងថ្លៃប្រេង និងការធ្លាក់ចុះនៃប្រាក់បញ្ជូនពីក្រៅប្រទេស។

បន្ទាប់ពីវិធានការការពារការដាំដុះ បង្កបង្កើនផលចំពោះមុខត្រូវបានដាក់ចេញរួចរាល់ របាយការណ៍បានណែនាំឱ្យរាជរដ្ឋាភិបាលបង្វែរទិសដៅគោលនយោបាយទៅរកការបង្កើនភាពធន់នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ និងការកាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូនកសិផលពីកសិដ្ឋានទៅកាន់ទីផ្សារក្នុងរយៈពេលពី ៩ ដល់ ១៥ ខែខាងមុខ។ ក្នុងន័យនេះ ការផ្តល់អាទិភាពលើការជួសជុល និងថែទាំផ្លូវលំជនបទ និងការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធានាបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលគ្រប់រដូវកាល។

របាយការណ៍កម្រាសជាង ៤០ទំព័ររបស់ធនាគារពិភពលោកក៏បានលើកឡើងផងដែរ អំពីការពង្រីកលទ្ធភាពទទួលបានឥណទាន ឬហិរញ្ញប្បទានបៃតងតាមរដូវកាល ដែលមានតម្លៃសមរម្យ រួមផ្សំនឹងការវិនិយោគលើប្រព័ន្ធស្រោចស្រព ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងជួយកាត់ផ្តាច់ការពឹងផ្អែកទាំងស្រុងរបស់វិស័យកសិកម្មពីថាមពលហ្វូស៊ីល (ប្រេងឥន្ធនៈ) ដែលមានភាពប្រែប្រួលខ្ពស់ និងមិនស្ថិតស្ថេរ។ លើសពីនេះ ស្ថាប័នរដ្ឋពាក់ព័ន្ធត្រូវតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងទីផ្សារយ៉ាងសកម្មដើម្បីជំរុញការលើកកម្ពស់ខ្សែច្រវាក់តម្លៃ តាមរយៈការផ្លាស់ប្តូរទៅរកការដាំដុះដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដែលជាគន្លឹះដ៏សំខាន់ក្នុងការធានានិរន្តរភាពនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅជនបទ និងការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត៕

Share.