អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអង្គការម៉ារីស៊ី និងរដ្ឋបាលខណ្ឌជ្រោយចង្វារ រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធ» ជូនដល់ម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តមនុស្សពេញវ័យ និងហាងម៉ាស្សា-ស្ប៉ា ដើម្បីបង្ការទុកជាមុននូវការកេងប្រវ័ញ្ចផ្លូវភេទកុមារ និងពង្រឹងការអនុវត្តច្បាប់នៅតាមមូលដ្ឋាន។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានសហការជាមួយអង្គការម៉ារីស៊ី រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធ» ជូនដល់ម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងហាងម៉ាស្សា-ស្ប៉ា ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ។ នេះជាលើកទី៧ ហើយ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអង្គការម៉ារីស៊ី បានរៀបចំវគ្គបណ្ដុះបណ្ដាលនៅតាមរដ្ឋបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដល់ម្ចាស់ទីតាំងកម្សាន្ត ដើម្បីយល់ដឹងបន្ថែមពីបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង «បង្ការទុកជាមុន» នូវសកម្មភាពជួញដូរមនុស្ស ជាពិសេសការកេងប្រវ័ញ្ចផ្លូវភេទកុមារនៅតាមទីតាំងអាជីវកម្មកម្សាន្តសប្បាយ ដែលជាការឆ្លើយតបយ៉ាងសកម្មនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការណែនាំដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងបើកកម្មវិធី លោក ឌី នឿត នាយកប្រតិបត្តិអង្គការម៉ារីស៊ី ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា អង្គការម៉ារីស៊ី បន្តសហការជាមួយស្ថាប័នរដ្ឋក្នុងការគាំទ្រគោលនយោបាយការពារកុមាររបស់រាជរដ្ឋាភិបាល និងលើកកម្ពស់ការចូលរួមពីសហគមន៍ និងវិស័យឯកជន ដើម្បីរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស។

នាឱកាសនោះដែរ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌជ្រោយចង្វារ បានមានប្រសាសន៍ថា ខណ្ឌជ្រោយចង្វារ ជាតំបន់ដែលកំពុងមានការរីកចម្រើនលើវិស័យទេសចរណ៍ និងសេវាកម្ម។ ដូច្នេះ ការធានាឱ្យអាជីវកម្មទាំងអស់អនុវត្តស្របតាមច្បាប់ និងគ្មានការពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចកុមារ គឺជាអាទិភាពរបស់រដ្ឋបាលខណ្ឌ។

ក្នុងនាមជាមន្ត្រីជំនាញជាន់ខ្ពស់នៃស្ថាប័នអនុវត្តច្បាប់ ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានមានប្រសាសន៍ថា អំពើជួញដូរមនុស្សកំពុងមានទម្រង់កាន់តែស្មុគស្មាញ ដោយជនល្មើសប្រើប្រាស់បច្ចេកវិទ្យា និងមធ្យោបាយថ្មីៗ។ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានសង្កត់ធ្ងន់ថា ការជួញដូរមនុស្ស ពេស្យាចារ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ គឺជាបទឧក្រិដ្ឋដែលត្រូវផ្ដន្ទាទោសដោយពុំមានការលើកលែងឡើយ ដូច្នេះសូមកុំឱ្យជាប់ពាក់ព័ន្ធដាច់ខាត។ លោកបានអំពាវនាវឱ្យស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋបន្តពង្រឹងកិច្ចសហការ ដើម្បីបង្ការ ទប់ស្កាត់ និងរាយការណ៍ករណីសង្ស័យឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍រាល់ករណីសង្ស័យពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៨៨ ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបានភ្លាមៗ និងបន្តរួមគ្នាការពារកុមារពីការកេងប្រវ័ញ្ចគ្រប់រូបភាព៕

Share.