នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ និងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថាជា «ផ្លូវនៃឱកាស» និង «ស្ពាននៃកិច្ចសហប្រតិបត្តិការ» យ៉ាងពិតប្រាកដ។

នៅក្នុងសុន្ទរកថានាឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានដើរតួនាទីក្នុងការជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយបានជួយសាងសង់ផ្លូវថ្នល់ប្រវែងសរុបជាង ៤,០០០ គីឡូម៉ែត្រ និងស្ពានធំៗចំនួន ១១ ខ្សែ។ លោកបានរំឮកផងដែរអំពីវត្តមានជាសក្ខីភាពរបស់លោកកាលពីខែមីនាកន្លងទៅ ក្នុងពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ។
ឯកឧត្តមទូតបានមានប្រសាសន៍ថា៖ «ផ្លូវថ្នល់ខ្វាត់ខ្វែងតភ្ជាប់គ្រប់ទិសទី និងស្ពានជាច្រើនដែលឆ្លងកាត់ទន្លេមេគង្គ និងទន្លេបាសាក់ បានបង្កលក្ខណៈងាយស្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ព្រមទាំងបានចាក់បញ្ចូលនូវកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ទម្រង់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ នេះមិនត្រឹមតែជាការបង្ហាញពីភាពរស់រវើកនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជានោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃផ្លែផ្កានៃមិត្តភាពរវាងចិន និងកម្ពុជាផងដែរ»។


ឯកឧត្តមបានបន្ថែមថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជា គឺជាមិត្តភាពដែកថែបដែលឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំ និងជាគំរូឈានមុខគេសម្រាប់ទំនាក់ទំនងអន្តរជាតិរវាងប្រទេសធំ និងប្រទេសតូច ដោយឈរលើគោលការណ៍រាប់អានគ្នាដោយស្មើភាព ជឿជាក់គ្នា និងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ។ ទោះបីជាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ ឯកឧត្តមអគ្គរដ្ឋទូតចិនបានរំឮកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជិនភីង កាលពីឆ្នាំមុន ក៏ដូចជាដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសចិនកាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ដែលដំណើរទស្សនកិច្ចទាំងនេះបានចាក់បញ្ចូលនូវកម្លាំងចលករក្នុងការបើកទំព័រថ្មីនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
ជាទីបញ្ចប់ ឯកឧត្តម វ៉ាង វិនពីន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ភាគីចិន ក្នុងការបន្តធ្វើការងាររួមគ្នាជាមួយភាគីកម្ពុជា ដើម្បីអនុវត្តនូវរាល់កិច្ចព្រមព្រៀង និងចំណុចឯកភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ភាគីចិននឹងបន្តជំរុញការអភិវឌ្ឍ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ» ឱ្យទទួលបានលទ្ធផលជាក់ស្តែងកាន់តែច្រើនឡើង ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនដល់ប្រជាជននៃប្រទេសទាំងពីរ និងបង្កើតជាគំរូក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ៕



