ក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ និងអនាម័យដ៏ល្បីល្បាញរបស់ជប៉ុន Lion Corporation បានបង្ហាញបំណងសិក្សាលម្អិតដើម្បីបោះទុនវិនិយោគបង្កើតរោងចក្រផ្ទាល់ខ្លួននៅកម្ពុជា បន្ទាប់ពីមើលឃើញពីសក្តានុពល និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញឱ្យក្រុមហ៊ុនសម្រេចចិត្តឱ្យបានឆាប់ និងស្វែងរកទីតាំងសមស្របនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ការបង្ហាញពីបំណងបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជារបស់ក្រុមហ៊ុន Lion Corporation នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង លោក Takenobu Yamamoto នាយកផ្នែកធុរកិច្ចអន្តរជាតិ នៃក្រុមហ៊ុន Lion Corporation កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
Lion Corporation គឺជាក្រុមហ៊ុនជប៉ុនដ៏ធំមួយដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨១ ដោយផលិតសាប៊ូកក់សក់ សាប៊ូបោកខោអាវ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ និងផលិតផលថែរក្សាសម្ផស្ស និងអនាម័យផ្សេងៗទៀត។ បច្ចុប្បន្ន នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុនមានមូលដ្ឋានផលិតកម្មរួចជាស្រេចនៅក្នុងប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវក្តីរីករាយក្រៃលែង និងថ្លែងអំណរគុណដល់គណៈប្រតិភូក្រុមហ៊ុនដែលបានសម្លឹងឃើញកម្ពុជាជាគោលដៅសម្រាប់ពង្រីកការវិនិយោគរបស់ខ្លួន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ចេញនូវវិធានការគាំទ្រនានាដល់វិស័យឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន។
ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តឱ្យបានឆាប់ក្នុងការវិនិយោគនៅកម្ពុជា ដោយគួរពិចារណាជ្រើសរើសទីតាំងសមស្របណាមួយ ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដើម្បីទទួលបាននូវលក្ខខណ្ឌអនុគ្រោះ និងកិច្ចសម្របសម្រួលនានា៕



