កណ្តាល៖ មនុស្សម្នាក់បានស្លាប់យ៉ាងអណោចអធ័ម ដោយកៀបជាប់ក្នុងកាប៊ីនរថយន្តកុងតឺន័រ និងត្រូវអណ្តាតភ្លើងឆាបឆេះ ខណៈអ្នកបើកបររថយន្តមួយគ្រឿងទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តធុនធំពីរគ្រឿងបុកគ្នាពេញទំហឹងនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង ១០៖១៥ នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
សូមចុចអាន៖ រថយន្តកុងតឺន័របុ.ករថយន្ត Tacoma បណ្តាលឱ្យបុរសម្នាក់ស្លា.ប់ភ្លាមៗ នៅខេត្តកំពង់ធំ

តាមសមត្ថកិច្ច រថយន្តកុងតឺន័រ ម៉ាក FUSO ពាក់ស្លាកលេខ ភ្នំពេញ 3A-9781 សណ្តោងរ៉ឺម៉កលេខ ភ្នំពេញ 4A-5638 បើកពីទិសកើតទៅលិច បានបុកជាមួយរថយន្តទ្រុង ម៉ាក Hyundai ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-9627 ដែលបើកបញ្ច្រាសទិសគ្នា។ កម្លាំងបុកបានធ្វើឱ្យរថយន្ត Hyundai ក្រឡាប់ និងអ្នកបើកបររងរបួសធ្ងន់ ខណៈរថយន្តកុងតឺន័រខ្ទេចយ៉ាងដំណំ ហើយផ្ទុះឆេះភ្លាមៗ។
ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានព្យាយាមជួយគាស់យកអ្នកបើកបររថយន្តកុងតឺន័រចេញពីកាប៊ីន ប៉ុន្តែមិនទាន់ពេលវេលា ដោយសារអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំង បណ្តាលឱ្យជនរងគ្រោះស្លាប់ក្នុងកាប៊ីន។







ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច អាជ្ញាធរស្រុក និងរថយន្តពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ បញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបាញ់ទឹកពន្លត់ភ្លើង។ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកសាច់ញាតិជនរងគ្រោះ ដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈរថយន្តទាំងពីរត្រូវបានស្ទូចយកទៅរក្សាទុក ដើម្បីបន្តនីតិវិធីស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់។
