ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក និងរំពឹងថានឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ៣.៥០០កន្លែង។

កិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ នេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

តាមការបញ្ជាក់ពី CDC គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ៩ នេះ ត្រូវបានបែងចែកជាពីរវិស័យសំខាន់ៗ គឺវិស័យកសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមាន គម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ និងគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។ ដោយឡែក វិស័យឧស្សាហកម្មមានចំនួន ៧គម្រោង រួមមាន គម្រោងរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់, គម្រោងរោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ, គម្រោងរោងចក្រផលិតអំពូលភ្លើង និងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ, គម្រោងរោងចក្រផលិតមី និងគ្រឿងផ្សំ, គម្រោងរោងចក្រផលិតសម្ភារៈបន្ទាប់បន្សំពីប្លាស្ទិក (សម្រាប់សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងសម្ភារៈសត្វចិញ្ចឹម), គម្រោងរោងចក្រកែច្នៃអំបិល ព្រមទាំងគម្រោងអាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ។

គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគទាំង ៩ ខាងលើនេះ នឹងត្រូវបោះទីតាំងនៅក្នុងរាជធានី-ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តក្រចេះ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

Share.