ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា បាន និងកំពុងដើរតួនាទីជាកាតាលីករយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមុខមាត់សេដ្ឋកិច្ច-សង្គម តាមរយៈការនាំចូលមកនូវ «ចង្កោមឧស្សាហកម្មថ្មីៗ» ដែលមានតម្លៃបន្ថែមខ្ពស់ និងការបង្កើតឱកាសការងាររាប់សែនកន្លែងជូនប្រជាពលរដ្ឋ។

ក្នុងដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត និង ហ្វ័រសុន ហ្គីហ្គា ក្នុងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចពិសេស បានប្រែក្លាយដីវាលស្រែឱ្យទៅជាមជ្ឈមណ្ឌលឧស្សាហកម្មទំនើបៗ ដោយទាក់ទាញបាននូវខ្សែច្រវាក់ផលិតកម្មបច្ចេកវិទ្យាខ្ពស់ជាច្រើន។ ចង្កោមឧស្សាហកម្មថ្មីៗទាំងនោះ រួមមាន ឧស្សាហកម្មផលិតសំបកកង់រថយន្ត ការផ្គុំនិងដំឡើងយានយន្ត ការដំឡើងកង់ ការផលិតសម្ភារអេឡិចត្រូនិក និងការផលិតគ្រឿងសង្ហារិមជាដើម។

ជាក់ស្តែង គណៈប្រតិភូបានចុះពិនិត្យដោយផ្ទាល់នូវខ្សែច្រវាក់ផលិតកម្មធំៗពីរ គឺក្រុមហ៊ុន ZODO TIRE (CAMBODIA) ដែលមានសមត្ថភាពផលិតសំបកកង់រថយន្ត ២៦ ០០០ សំបកក្នុងមួយថ្ងៃ (និងអាចកើនដល់ ៤៥,០០០ សំបកពេលពេញសមត្ថភាព) និងក្រុមហ៊ុន HAIZHIGUAN (CAMBODIA) INDUSTRIAL ដែលផលិតគ្រឿងបង្គុំប្រព័ន្ធហ្រ្វាំងរថយន្ត (Brake Drum) ដោយច្នៃចេញពីលោហធាតុ និងកាកសំណល់ដែក។

ទោះបីជាសេដ្ឋកិច្ចសកលស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជា ក៏ជំនឿទុកចិត្តរបស់វិនិយោគិនមកលើកម្ពុជានៅតែបន្តកើនឡើងយ៉ាងរឹងមាំ ដែលស្តែងចេញតាមរយៈតួលេខកំណើនជាក់ស្តែងទាំងនៅទូទាំងប្រទេស និងក្នុងខេត្តស្វាយរៀង។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសបានកើនដល់ ៦៥ តំបន់ (ក្នុងនោះ ៣៩ តំបន់កំពុងដំណើរការយ៉ាងសកម្ម) ដោយបានស្រូបទាញកម្លាំងពលកម្មសរុបជាង ២៥ម៉ឺននាក់ និងកំពុងមានតម្រូវការពលកម្មបន្ថែមជាង ៣៥ ០០០ នាក់ទៀត។ ដោយឡែក សម្រាប់ខេត្តស្វាយរៀង ដែលជាបេះដូងឧស្សាហកម្មព្រំដែន មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣ តំបន់ ហើយកំពុងដំណើរការទាំង ១៣ ដោយទាក់ទាញគម្រោងវិនិយោគសរុប ៤២១ គម្រោង និងបង្កើតការងារបានប្រមាណ ១១៥ ០០០ កន្លែង ហើយសេដ្ឋកិច្ចពិសេសទាំងពីរដែលបានចុះទស្សនកិច្ច ផ្ទាល់ ក៏កំពុងប្រកាសរើសកម្មករនិយោជិតបន្ថែមប្រមាណ ៤ ០០០ នាក់ផងដែរ។

ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងនេះកើតចេញពីផ្លែផ្កានៃគំនិតផ្តួចផ្តើមបង្កើត សេដ្ឋកិច្ចពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ហើយបន្តទទួលបានការយកចិត្តទុកដាក់ គាំទ្រ និងតាមដានយ៉ាងដិតដល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនីតិកាលទី៧នេះ ដើម្បីធានាថាការអភិវឌ្ឍវិស័យឧស្សាហកម្មនៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ និងផ្តល់ប្រាក់បៀវត្សសមរម្យជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

Share.