កណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវគោលការណ៍គន្លឹះសំខាន់ៗចំនួន ៧ចំណុច សំដៅដោះស្រាយ និងលុបបំបាត់ការកកស្ទះក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល» កាលពីព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីនោះ សម្តេចធិបតីបានគូសបញ្ជាក់ពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្ត្រ ដោយចាប់ផ្តើមពីចំណុចទី១ គឺការជំរុញបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្តាល (Central Database Management System) និងប្រព័ន្ធ Ecosystem API ដើម្បីភ្ជាប់ទិន្នន័យរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយអគ្គនាយកដ្ឋានពន្ធដារ។ ប្រព័ន្ធឌីជីថលនេះ នឹងជួយសម្រួលដល់ការផ្ទៀងផ្ទាត់ និងដំណើរការឯកសារបានឆាប់រហ័ស ដោយពលរដ្ឋមិនចាំបាច់កាន់ឯកសារស្មុគស្មាញច្រើនស្ថាប័ន ហើយថែមទាំងអាចបង់ពន្ធតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីទទួលប័ណ្ណបានដោយផ្ទាល់ទៀតផង។
ចំពោះចំណុចទី២ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យរដ្ឋបាលសុរិយោដី បង្កើនសកម្មភាពទំនាក់ទំនង និងជូនដំណឹងផ្ទាល់ទៅកាន់ម្ចាស់អចលនទ្រព្យដែលខកខានមិនបានមកដកយកឯកសារ ឬមិនទាន់បានផ្តល់ឯកសារគ្រប់គ្រាន់ ដើម្បីឱ្យពួកគាត់មកបំពេញនីតិវិធីឱ្យបានលឿន។ ដោយឡែកចំណុចទី៣ គឺជាការដោះស្រាយករណីឯកសារ ឬប័ណ្ណចាស់កំពុងជាប់បន្ទុកនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសម្តេចបានចាត់ឱ្យក្រសួងរៀបចំដែនដី ពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីសម្រួលឱ្យមានការផ្លាស់ប្តូរប័ណ្ណ ឬឯកសារធានាកម្ចីបាន ដោយមិនទុកឱ្យកកស្ទះនៅរដ្ឋបាលសុរិយោដីឡើយ។
ការសម្រួលបន្ទុកផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ គឺជាជំហានដ៏សំខាន់មួយទៀត ដោយក្នុងចំណុចទី៤ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចព្យួរការអនុវត្តទោសពិន័យពន្ធបន្ថែម ១០០% ចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា (លើសពី ៣ខែ) ដោយអនុញ្ញាតឱ្យបង់ត្រឹមតែប្រាក់ពន្ធដើមប៉ុណ្ណោះ រហូតដល់ដាច់ឆ្នាំ២០២៧។ បន្ថែមលើនេះ ក្នុងចំណុចទី៥ សម្តេចធិបតីបានសម្រេចអនុគ្រោះការបង់ពន្ធប្រថាប់ត្រាច្រើនដំណាក់កាល សម្រាប់ដីដែលបានផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាជាច្រើនដងចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ចុងខែកក្កដា ឆ្នាំ២០២៦ នេះ ដោយតម្រូវឱ្យគិត និងបង់ពន្ធប្រថាប់ត្រាតែមួយដំណាក់កាលចុងក្រោយប៉ុណ្ណោះ។
ចំពោះចំណុចទី៦ ពាក់ព័ន្ធនឹងដីដែលបានផ្ទេរសិទ្ធិតៗគ្នា ហើយទើបតែមានការសាងសង់សំណង់ ឬផ្ទះសម្បែងនៅពេលក្រោយ រាជរដ្ឋាភិបាលបានសម្រេចឱ្យគិតពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យលើសំណង់ ចាប់ផ្តើមពីឆ្នាំដែលបានសាងសង់ជាក់ស្តែង (ដែលមានការបញ្ជាក់ពីអាជ្ញាធរ) ដោយមិនតម្រូវឱ្យគិតពន្ធលើសំណង់ថយក្រោយទៅដល់ពេលផ្ទេរសិទ្ធិដីដំបូងឡើយ។ ជាចុងក្រោយ ក្នុងចំណុចទី៧ សម្តេចនាយករដ្ឋមន្ត្រីបានចាត់ឱ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលលទ្ធភាពក្នុងការពន្យារពេល ឬសម្រួលកម្រិតសេវាសុរិយោដីឱ្យមកនៅកម្រិតទាប សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាតលទ្ធភាព ដើម្បីឱ្យពួកគាត់អាចបន្តនីតិវិធីទទួលបានប័ណ្ណកម្មសិទ្ធិបានគ្រប់ៗគ្នា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិធានការអនុគ្រោះ និងការកែទម្រង់ទាំងនេះ ធ្វើឡើងដើម្បីជួយសម្រាលបន្ទុក និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រញាប់ប្រញាល់មកទទួលយកប័ណ្ណកម្មសិទ្ធិ។ សម្តេចក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដោយប្រញាប់មកបំពេញនីតិវិធី និងដកយកប័ណ្ណកម្មសិទ្ធិឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់លើអចលនទ្រព្យរបស់ខ្លួន និងបញ្ចប់បញ្ហាកកស្ទះឯកសារជាស្ថាពរ៕

