ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកសាងរដ្ឋបាលសាធារណៈដែលមានសមត្ថភាព រឹងមាំ ឈ្លាសវៃ និងស្អាតស្អំជាងមុន រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តនូវវិធានការកែទម្រង់សំខាន់ៗចំនួន៣។ ការថ្លែងនេះបានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈអាស៊ានបូក៣ (ACCSM+3) ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅក្នុងខេត្តសៀមរាប។

ថ្លែងទៅកាន់អង្គពិធី សម្តេចធិបតីបានលើកឡើងពីវិធានការគន្លឹះទាំង៣ រួមមាន៖
ទី១. ការពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ៖ ផ្តោតលើការអនុវត្តប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដោយផ្អែកលើបទដ្ឋាន និងនីតិវិធីប្រតិបត្តិជាក់លាក់។
ទី២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន៖ ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព តាមរយៈការវិភាគមុខងារ ការកែសម្រួលរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការបង្កើតបណ្តាញអគ្គលេខាធិការដ្ឋានអន្តរក្រសួង-ស្ថាប័ន ដើម្បីពង្រឹងយន្តការសម្របសម្រួល។
ទី៣. ការកែទម្រង់ប្រព័ន្ធលើកទឹកចិត្ត៖ ការកំណត់សូចនាករសមិទ្ធកម្មច្បាស់លាស់ ដើម្បីលើកទឹកចិត្តមន្ត្រីរាជការឱ្យបំពេញការងារបានកាន់តែលឿន មានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងវិស័យអាទិភាពដូចជា អប់រំ និងសុខាភិបាល។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ហើយវាជាការកែទម្រង់អន្តរវិស័យដ៏សំខាន់មួយ ក្នុងចំណោមការកែទម្រង់សំខាន់ៗទាំង៥ របស់រាជរដ្ឋាភិបាល ដែលរួមមាន៖ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងច្បាប់ និងការកែទម្រង់រដ្ឋបាលសាធារណៈ។ ការកែទម្រង់ទាំងនេះ សុទ្ធសឹងតែជាបុរេលក្ខខណ្ឌ និងជាគ្រឹះយ៉ាងសំខាន់ ក្នុងការដឹកនាំប្រទេសឈានទៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ប្រកបដោយចីរភាព៕

