ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗចំនួន ៤ចំណុច ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងភាគីពាក់ព័ន្ធ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សមធម៌ និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការទីផ្សារការងារក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ នេះ។
នៅក្នុងប្រសាសន៍សំណេះសំណាល សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារសំខាន់នៃការលើកកម្ពស់ការអប់រំឌីជីថល (Digital Education) ដោយបានណែនាំឱ្យមានការកែទម្រង់ និងអភិវឌ្ឍវេទិកាឌីជីថល បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផលិតវីដេអូបង្រៀនមុខវិជ្ជាស្នូល ព្រមទាំងថ្នាក់ប្រឡង។ ទន្ទឹមនឹងនេះ សម្តេចបានជំរុញឱ្យមានការបញ្ជ្រាបបច្ចេកវិទ្យាឌីជីថលទៅក្នុងការបង្រៀន និងការរៀន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមគ្រឹះស្ថានសិក្សា និងការរៀបចំកម្មវិធីសិក្សាទាន់សម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ កាអភិវឌ្ឍសង្គមសេដ្ឋកិច្ច បរិវត្តកម្មបច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល។
ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការកសាងសមត្ថភាពពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកំពុងមាននិន្នាការទៅរកការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនភាពធន់ និងកសាងគ្រឹះសេដ្ឋកិច្ចឌីជីថលឱ្យបានរឹងមាំសម្រាប់ប្រទេសជាតិ។
បន្ថែមពីលើនេះ សម្តេចធិបតីបានសង្កត់ធ្ងន់លើការកសាង «ពលរដ្ឋឌីជីថល» និងការជំរុញការសិក្សាពេញមួយជីវិត (Lifelong Learning) ដោយបានណែនាំឱ្យពង្រឹងកិច្ចសហការជិតស្និទ្ធរវាងក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ីនធឺណិត និងប្រព័ន្ធអនឡាញនៅតាមសាលារៀន ព្រមទាំងជំរុញវប្បធម៌ស្វ័យសិក្សា និងការស្រាវជ្រាវរបស់សិស្ស-និស្សិតប្រកបដោយបរិយាបន្ន និងនិរន្តរភាព។
ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យមានការលើកកម្ពស់គុណភាពអប់រំដោយផ្តើមចេញពីគ្រូបង្រៀន និងការដឹកនាំរបស់នាយកសាលា ដោយផ្តោតលើវិធីសាស្ត្របង្រៀន កម្មវិធីសិក្សា និងសម្ភារឧបទេសឱ្យសមស្របតាមចក្ខុវិស័យអប់រំសតវត្សរ៍ទី២១។ សម្តេចក៏បានណែនាំឱ្យរៀបចំបណ្ណាល័យទំនើបដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានិងមានឯកសារគ្រប់គ្រាន់នៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ព្រមទាំងបានរំលេចអំពីតួនាទីដ៏សំខាន់របស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងបុគ្គលិកសិក្សា ដែលត្រូវធ្វើជាអ្នកតម្រង់ទិស អ្នកស្រាវជ្រាវ និងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ ដើម្បីភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងឱ្យមានប្រសិទ្ធភាពខ្ពស់៕



