ហិរញ្ញវត្ថុបៃតង (Green Finance) ដែលជាយន្តការ និងឧបករណ៍ហិរញ្ញវត្ថុបង្កើតឡើងដើម្បីគាំទ្រដល់បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព កំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាជំរុញយ៉ាងសកម្ម តាមរយៈការសម្រេចបង្កើត «ក្រុមការងារហិរញ្ញវត្ថុបៃតង» (ក.ហ.ប.) ដើម្បីដឹកនាំ រៀបចំគោលនយោបាយ និងកៀរគរប្រភពទុនបៃតងសម្រាប់ឆ្លើយតបទៅនឹងគោលដៅអាកាសធាតុជាតិ។




យោងតាមសេចក្ដីសម្រេច ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានសម្រេចបង្កើត «ក្រុមការងារហិរញ្ញវត្ថុបៃតង» ដែលមានអក្សរកាត់ថា «ក.ហ.ប.» ដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សំដៅគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្រុមការងារ ក.ហ.ប. ត្រូវបានប្រគល់ភារកិច្ចសំខាន់ៗជាច្រើន រាប់ចាប់ពីការដឹកនាំ និងសម្របសម្រួលការរៀបចំ និងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងទិសដៅការងារអាទិភាពសម្រាប់ការអភិវឌ្ឍ និងកៀរគរហិរញ្ញវត្ថុបៃតងនៅកម្ពុជា ការជំរុញ និងគាំទ្រការរៀបចំយន្តការ និងបណ្តាញពាក់ព័ន្ធដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបៃតង រហូតដល់ការជំរុញការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយចំណេះដឹងស្របតាមនវានុវត្តន៍ថ្មីៗ។ បន្ថែមពីនេះ ក្រុមការងារនេះក៏មានភារកិច្ចសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងជំរុញការអភិវឌ្ឍគម្រោង និងឧបករណ៍ហិរញ្ញវត្ថុបៃតង ព្រមទាំងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីប្រមុខរាជរដ្ឋាភិបាលផងដែរ។
យោងតាមគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum – WEF) ហិរញ្ញវត្ថុបៃតង ក្នុងន័យសាមញ្ញ គឺជាទម្រង់សកម្មភាព ផលិតផល ឬសេវាកម្មហិរញ្ញវត្ថុដែលរៀបចំឡើងដើម្បីធានាផលវិជ្ជមាន ឬធ្វើឱ្យប្រសើរឡើងដល់បរិស្ថាន។ វារួមបញ្ចូលទាំងឥណទាន យន្តការបំណុល និងការវិនិយោគផ្សេងៗ ដែលប្រើប្រាស់ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍគម្រោងបៃតង ឬកាត់បន្ថយផលប៉ះពាល់លើអាកាសធាតុពីគម្រោងធម្មតា។
ដោយឡែក សម្រាប់អង្គការសហប្រជាជាតិ (UN) ហិរញ្ញវត្ថុបៃតងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយក្រុមការងារបរិស្ថានរបស់អង្គការកំពូលមួយនេះ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋ និងវិស័យឯកជន ដើម្បីតម្រង់ទិសប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិឱ្យស្របទៅតាមរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាព។
WEF បានបង្ហាញថា សកម្មភាពចម្បងៗរួមមាន ការជួយកែសម្រួលក្របខ័ណ្ឌបទប្បញ្ញត្តិនានាដើម្បីឱ្យឥណទានបៃតងអនុវត្តបានត្រឹមត្រូវតាមច្បាប់ និងការជួយតម្រង់ទិសការរៀបចំផែនការរដ្ឋឱ្យកាន់តែមានមេត្រីភាពជាមួយបរិស្ថាន។ លើសពីនេះ ការរួមបញ្ចូលគ្នារវាងការអនុម័តផែនការអាទិភាពយុទ្ធសាស្ត្រ និងដើមទុន អាចប្រែក្លាយប្រភពថាមពលស្អាតឱ្យលេចចេញជាផ្លែផ្កា ដោយគម្រោងទាំងនេះអាចទទួលបានការអនុគ្រោះពិសេស ដើម្បីទាក់ទាញជាងហេដ្ឋារចនាសម្ព័ន្ធថាមពលដែលកើតចេញពីឥន្ធនៈផូស៊ីល។
ជាទូទៅ គម្រោងដែលស្ថិតនៅក្រោមឆ័ត្រនៃហិរញ្ញវត្ថុបៃតង រួមមាន៖ ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ការពារ និងទប់ស្កាត់ការបំពុល ការអភិរក្សជីវចម្រុះ គំនិតផ្តួចផ្តើមសេដ្ឋកិច្ចវិលជុំ (Circular Economy) ព្រមទាំងការប្រើប្រាស់ធនធានធម្មជាតិ និងដីធ្លីប្រកបដោយចីរភាព។
បើតាម WEF ចំណាប់អារម្មណ៍ជាអន្តរជាតិលើហិរញ្ញវត្ថុបៃតងកំពុងកើនឡើងយ៉ាងខ្លាំង ដែលក្នុងនោះ «ប័ណ្ណបំណុលបៃតង» (Green Bond) គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏ប្រជាប្រិយមួយ។ ដើម្បីអាចចាត់ទុកជាប័ណ្ណបំណុលបៃតងបាន ស្ថាប័នចេញលក់ត្រូវអនុវត្តតាមក្រមសីលធម៌ និងលក្ខខណ្ឌវិនិច្ឆ័យច្បាស់លាស់ រាប់ចាប់ពីគោលបំណងនៃការប្រើប្រាស់ប្រាក់ចំណូល ដំណើរការវាយតម្លៃ និងជ្រើសរើសគម្រោង ការគ្រប់គ្រងមូលនិធិឱ្យបានត្រឹមត្រូវ រហូតដល់ការរាយការណ៍លម្អិត។
បច្ចុប្បន្ន សហរដ្ឋអាមេរិក ចិន និងបារាំង គឺជាប្រទេសបញ្ចេញប័ណ្ណបំណុលបៃតងធំបំផុតទាំងបី ខណៈដែលធនាគារកណ្តាលអឺរ៉ុបបច្ចុប្បន្នកំពុងក្តោបក្តាប់ប្រមាណ ២០% នៃបំណុលបៃតងគិតជាប្រាក់អឺរ៉ូទាំងអស់ បើទោះបីជាស្ថាប័ននេះទើបតែចាប់ផ្តើមទិញប័ណ្ណបំណុលក្រុមហ៊ុនក្នុងឆ្នាំ២០១៦ ក៏ដោយ។
ក្រឡេកមកមើលកម្ពុជាវិញ ការសម្រេចបង្កើត «ក្រុមការងារហិរញ្ញវត្ថុបៃតង» គឺជាការគិតគូរដ៏ត្រឹមត្រូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមើលឃើញយន្តការនេះជាមាគ៌ាដ៏មានប្រសិទ្ធភាពក្នុងការរុញច្រានផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួនឱ្យកាន់តែជឿនលឿន។
ធនាគារ វីង (Wing Bank) បានចុះផ្សាយអត្ថបទមួយលើគេហទំព័ររបស់ខ្លួនកាលពីខែតុលា ឆ្នាំ២០២៥ ដោយគូសរំលេចថា ទោះបីជាកម្ពុជាកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបៃតង ប៉ុន្តែការសម្រេចឱ្យបាននូវគោលដៅអាកាសធាតុជាតិ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ គឺទាមទារកញ្ចប់ថវិការហូតដល់ ៣២.២ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ អ្នកជំនាញយល់ថា នេះជារឿងដែលអាចទៅរួចតាមរយៈគម្រោង «ហិរញ្ញប្បទានបៃតង» ខណៈដែលធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុនានាកំពុងពង្រឹងក្របខ័ណ្ឌការងារនេះឱ្យកាន់តែរឹងមាំ។ ក្នុងន័យនេះ វិស័យហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ ដោយចាប់យកហិរញ្ញប្បទានបៃតងជាជំហានចាប់ផ្តើម ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន អាចដើរទន្ទឹមគ្នាបានប្រកបដោយចីរភាព។
ថ្លែងទៅកាន់សារព័ត៌មាន Kiripost កាលពីខែតុលា ឆ្នាំ២០២៥ លោក សុខ ចាន់ ប្រធានផ្នែកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា (ABC) បានកត់សម្គាល់ថា កម្ពុជាមានផលិតផលហិរញ្ញវត្ថុបៃតងសំខាន់ៗចំនួនពីរប្រភេទ។ ទីមួយ គឺឥណទានបៃតង សម្រាប់គាំទ្រការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ និងការដឹកជញ្ជូនដោយអគ្គិសនី និងទីពីរ គឺសញ្ញបណ្ណបៃតង (ប័ណ្ណបំណុល) សម្រាប់គាំទ្រគម្រោងវិនិយោគធំៗ ដើម្បីផ្តល់នូវមូលនិធិគាំទ្របរិវត្តកម្មថាមពលរបស់កម្ពុជា។
លោក សុខ ចាន់ បានបន្តថា៖ «ឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានសារៈសំខាន់ណាស់ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងបៃតងគ្រប់វិស័យសំខាន់ៗនៅកម្ពុជា»។ ទោះជាយ៉ាងណា លោកបានបន្ថែមថា នៅមានបញ្ហាប្រឈមមួយចំនួន រួមទាំងការខ្វះការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ការអនុវត្តគោលការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ពីសំណាក់ម្ចាស់ភាគហ៊ុន នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅឡើយ៕
