ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយលោកអធិការរងនគរបាលក្រុងប៉ោយប៉ែត ដែលលោក ផែង វណ្ណៈ បានបង្ហោះសារចោទប្រកាន់ថា លោកអធិការរងរូបនោះបានបើករថយន្តគ្មានស្លាកលេខបុកគេ ព្រមទាំងសង្ស័យមានសារធាតុញៀន ក្នុងពេលដែលលោកអធិការក្រុងប៉ោយប៉ែតបានចេញមុខច្រានចោលការបិទបាំងព័ត៌មាន និងបញ្ជាក់ថា ជនបង្កត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីរួចហើយ។

លោក ផែង វណ្ណៈ ដែលជាអ្នកសកម្មនៅលើបណ្ដាញផ្សព្វផ្សាយសង្គម Facebook បានបង្ហោះសារមួយនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លើទំព័រហ្វេសប៊ុករបស់ខ្លួនថា «មហាជនឆ្ងល់ថា ហេតុអ្វីរថយន្តរបស់លោកអធិការរងក្រុងប៉ោយប៉ែតដែលកំពុងប្រើប្រាស់រាល់ថ្ងៃគ្មានស្លាកលេខ? ព្រោះរថយន្តគ្មានស្លាកលេខ មិនអាចធ្វើចរាចរណ៍លើដងផ្លូវបានទេ»។
លោក ផែង វណ្ណៈ បានអះអាងបន្តថា «រឿងហេតុម្សិលមិញ (ថ្ងៃទី១៣ ខែកញ្ញា) រថយន្តលោកអធិការរងក្រុងប៉ោយប៉ែត មុននឹងបុកម៉ូតូជនរងគ្រោះ គឺបានបើកបុករថយន្តដែលម្ចាស់ចតស្ងៀមម្តងហើយ នេះបើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍។ លោកអធិការរងដូចជាមានអារម្មណ៍រវើរវាយខ្លាំង (សង្ស័យប្រើប្រាស់គ្រឿងញៀន)»។ តាមសំណេរដដែលនោះ លោកបានបន្ថែមថា សមត្ថកិច្ចគួរតែអញ្ជើញអធិការរងក្រុងប៉ោយប៉ែតរូបនោះមកតេស្តទឹកនោម ព្រមទាំងបានចោទប្រកាន់លោកអធិការក្រុងប៉ោយប៉ែតថា មានជំនាញខាងបិទបាំងព័ត៌មាន និងការពារអំពើអាក្រក់របស់កូនចៅជាច្រើនលើកច្រើនសារ រហូតដល់ករណីគ្រោះថ្នាក់ចរាចរណ៍នេះទៀតផង។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ លោក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឆ្លើយបំភ្លឺថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយអធិការរងក្រោមឱវាទរបស់លោក ពិតជាបានកើតឡើងមែន ហើយលោកបានបញ្ជាឱ្យមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាត់បញ្ជូនជនបង្កទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរួចរាល់ហើយ។ ដោយឡែក ករណីសង្ស័យថាមានប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹងនោះ គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ មិនទាន់មានលទ្ធផលបញ្ជាក់នៅឡើយទេ។
ដោយឡែក ចំពោះការលើកឡើងថា អធិការរងរូបនោះបានបង្កគ្រោះថ្នាក់ចរាចរណ៍ពីរដង និងប្រើប្រាស់រថយន្តគ្មានស្លាកលេខ លោកអធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ថា លោកពុំធ្លាប់បានដឹងនោះឡើយ ដោយលោកកត់សម្គាល់ឃើញថារថយន្តនោះតែងមានស្លាកលេខធម្មតា។ ប៉ុន្តែនៅថ្ងៃកើតហេតុ លោកមិនបានដឹងច្បាស់លម្អិតនោះទេ ដោយសារលោកជាប់បំពេញភារកិច្ចនៅក្រៅអធិការដ្ឋាន៕

