ខេត្តកំពត៖ គម្រោងធ្វើទំនើបកម្ម និងបំប្លែងមុខមាត់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលនៅខេត្តកំពត បានឈានដល់ដំណាក់កាលអនុវត្តជាក់ស្តែងហើយ ដោយនៅព្រឹកនេះ ពិធីក្រុងពាលី និងបុកគ្រឹះសាងសង់អគារ «ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសង្កែ» ស្ថិតក្នុងស្រុកទឹកឈូ បានប្រព្រឹត្តទៅផ្លូវការ។ នេះគឺជាអគារគំរូដំបូងគេបង្អស់ ដែលទទួលបានការឧបត្ថម្ភគាំទ្រ និងជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។
ការចាប់ផ្តើមសាងសង់អគារគំរូដំបូងនេះ គឺធ្វើឡើងស្របតាម ទិសដៅណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែជម្រុញ និងណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ ការរស់នៅ និងលក្ខខណ្ឌបំពេញការងាររបស់មន្ត្រីនគរបាលនៅថ្នាក់មូលដ្ឋាន ជាពិសេសការស្ដារ និងកសាងឡើងវិញនូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានសភាពទ្រុឌទ្រោម ដើម្បីធានានូវកិត្តិយស សេក្ដីថ្លៃថ្នូរ និងប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ។
ជុំវិញការរៀបចំទម្រង់អគារស្តង់ដារថ្មីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា៖
«២១ ប៉ុស្តិ៍ ដែលយើងរៀបចំហ្នឹង គឺខ្នាត ទំហំ អីហ្នឹងដូចគ្នាទាំងអស់បង មានបន្ទប់ទឹក កន្លែង… គឺមានទាំងអស់»។




លោកស្នងការបានបន្ថែមថា ផែនការសាងសង់ទាំង ២១ប៉ុស្តិ៍នេះ នឹងត្រូវអនុវត្តជាជំហានៗ ដោយចាប់ផ្តើមចេញពីបណ្តាប៉ុស្តិ៍នៅតាមដងផ្លូវជាតិ និងទីប្រជុំជន មុននឹងបន្តលាតសន្ធឹងទៅដល់តំបន់ខាងក្នុងជាបន្តបន្ទាប់។ ជាមធ្យម ការសាងសង់អគារនីមួយៗប្រើប្រាស់រយៈពេលប្រមាណ ៣ខែ ដើម្បីធានាឱ្យគ្រប់ប៉ុស្តិ៍នគរបាលទាំងអស់ក្នុងខេត្តកំពត មានទីតាំងបំពេញការងារដ៏សមរម្យ និងមានស្តង់ដាររួមមួយច្បាស់លាស់។
គំនិតផ្ដួចផ្ដើមនេះ ទទួលបានការវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដោយលោកបានគូសបញ្ជាក់ថា អគារស្តង់ដារថ្មីនេះមិនត្រឹមតែផ្តល់នូវសុភ័ណភាព និងបរិយាកាសធ្វើការងារដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតកម្លាំងចិត្តយ៉ាងស្វាហាប់ជូនមន្ត្រីនគរបាលជួរមុខ ក្នុងការបម្រើសេវា និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ទិសដៅនេះ គឺជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ «បង្រួមក្បាល ពង្រីកខ្លួន» ដោយពង្រឹងកម្លាំង និងហេដ្ឋារចនាសម្ព័ន្ធនៅជើងក្រោមឱ្យកាន់តែរឹងមាំ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕




