
ក្រោយពេលកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ត្រូវបានបិទបញ្ចប់ទៅ ភាគីថៃតាមរយៈលោក សីហាស័ក្ដិ ភួងកេតកែវ បានបន្តប្រើយុទ្ធសាស្ត្រវោហារសាស្ត្រក្រឡិចក្រឡុច ដោយព្យាយាមទម្លាក់កំហុសមកលើកម្ពុជា និងប្រកែកដោះសាជុំវិញសមត្ថកិច្ចរបស់គណៈកម្មការ។
ទោះបីជាសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់គណៈកម្មការផ្សះផ្សាមិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការក៏ដោយ ប៉ុន្តែលោក ស៊ីហាសាក់ បានឆ្លើយតបក្នុងបទសម្ភាសន៍ទាំងបដិសេធ ដោយចោទប្រកាន់ថា កម្ពុជានៅតែបន្តលើកយកបញ្ហា ឬចោទប្រកាន់ថៃនៅលើវេទិកាអន្តរជាតិ រួមទាំងការលើកឡើងដោយប្រមុខដឹកនាំកម្ពុជា។ ភាគីថៃបានអះអាងដដែលៗថា ខ្លួនចង់បានការកសាងទំនុកចិត្ត ប៉ុន្តែបែរជាទាមទារឱ្យភាគីកម្ពុជាបិទមាត់ និងហាមឃាត់ការប្រើប្រាស់វេទិកាអន្តរជាតិដើម្បីតវ៉ា ឬបកស្រាយការពិត ដោយថៃចាត់ទុកថាបញ្ហាដែនសមុទ្រគឺជាអាទិភាពចម្បង ខណៈបញ្ហាដទៃទៀតមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការសម្រុះសម្រួលឡើយ។

ផ្ទុយពីការឡើងលាបពណ៌របស់ភាគីថៃ សេចក្តីប្រកាសព័ត៌មានរបស់ភាគីកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្នុងអំឡុងពេលកិច្ចប្រជុំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីជំរុញភាពជឿជាក់ទៅវិញទៅមក។ ជាពិសេស គណៈកម្មការផ្សះផ្សាបានទទួលស្គាល់យ៉ាងច្បាស់ថា ភាគីទាំងពីរមានសិទ្ធិពេញលេញក្នុងការធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់ ដែលនេះគឺជាការទះកំផ្លៀងយ៉ាងដំណំចំពោះការប៉ុនប៉ងបិទបាំងការពិតរបស់រដ្ឋមន្ត្រីការបរទេសថៃ។
ជាងនេះទៅទៀត គណៈកម្មការផ្សះផ្សាក៏បានកត់សម្គាល់យ៉ាងសំខាន់ផងដែរថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃបានឯកភាពពីមុនមក គឺ «មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ» ពីសំណាក់ភាគីថៃ ដែលចំណុចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពយឺតយ៉ាវ និងការខកខានរបស់ថៃក្នុងការគោរពការសន្យា ព្រមទាំងបានជំរុញឱ្យភាគីទាំងពីរគោរពអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការចរចា។

ទោះបីជាភាគីថៃព្យាយាមបកស្រាយបំភាន់សាធារណជនរបស់ខ្លួនថា យន្តការរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនេះមិនមានសាលក្រមចងកាតព្វកិច្ចផ្លូវច្បាប់ និងព្យាយាមរឹតត្បិតដែនសមត្ថកិច្ចក៏ដោយ ក៏គណៈកម្មការផ្សះផ្សានឹងបន្តរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីបន្តទៀត ដើម្បីរកដំណោះស្រាយដោយសមហេតុផល និងស្របតាមច្បាប់អន្តរជាតិ ខណៈកម្ពុជានៅតែបន្តរឹងមាំក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននៅលើឆាកអន្តរជាតិយ៉ាងខ្ជាប់ខ្ជួន។
សូមជម្រាបថា នៅក្នុងជុំវិញកិច្ចប្រជុំលើកទី ២ នេះប្រសិនបើមើលទៅលើ «ភាពស្របច្បាប់ ច្បាប់អន្តរជាតិ និងភាពត្រឹមត្រូវ» នោះគឺកម្ពុជាមានប្រៀបជាងភាគីថៃយ៉ាងច្បាស់លាស់ ព្រោះថាកម្ពុជាឈរលើតែគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការពហុភាគីស្របច្បាប់។ ប៉ុន្តែប្រសិនបើមើលទៅលើ «ការអនុវត្តជាក់ស្តែង និងល្បែងនយោបាយ» ថៃនៅតែព្យាយាមប្រើប្រាស់ចំណុចខ្សោយនៃយន្តការសម្រុះសម្រួលដើម្បីពន្យារពេល និងការពារផលប្រយោជន៍របស់ខ្លួនជាកំហិត។ ដូច្នេះការបន្តឈរជើងយ៉ាងរឹងមាំរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងការបង្ហាញភស្តុតាងជាក់ស្តែង គឺជាអាវុធដ៏មានមុខស្រួចបំផុតក្នុងការកៀបសង្កត់ថៃឱ្យដើរតាមប្រព័ន្ធច្បាប់អន្តរជាតិ៕

