ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់មន្ទីរជំនាញរាជធានី-ខេត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឱ្យរួមគ្នាចាត់វិធានការថែរក្សាប្រភពទឹកទុក និងប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់បំផុត ខណៈរដូវវស្សាឆ្នាំ២០២៦ ត្រូវព្យាករថានឹងបញ្ចប់នៅត្រឹមសប្តាហ៍ទី៣ នៃខែតុលានេះ ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងបន្តមានឥទ្ធិពលក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

ផ្អែកលើការព្យាករ និងការវិភាគស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីឥទ្ធិពលរបបខ្យល់មូសុងនិរតីត្រូវបានបញ្ចប់ និងជំនួសមកវិញដោយខ្យល់មូសុងឦសាន កម្ពុជានឹងមានបរិមាណទឹកភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ អមដោយរលកខ្យល់ត្រជាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀតនៅតាមតំបន់មួយចំនួន។ ស្ថានភាពប្រែប្រួលអាកាសធាតុនេះ ទាមទារឱ្យមានការគ្រប់គ្រង និងបែងចែកប្រភពទឹកឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុតសម្រាប់ប្រើប្រាស់ក្នុងអំឡុងរដូវប្រាំងខាងមុខ។

ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ ក្រសួងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការរក្សាប្រភពទឹកតាមអាងទឹក និងបឹងបួរនានា ព្រមទាំងវាយតម្លៃលើសក្ដានុពលទឹកដែលមានស្រាប់ ដើម្បីរៀបចំផែនការប្រើប្រាស់ជាពីរផ្នែកអាទិភាព។ ក្នុងនោះ ការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រូវចាត់ជាអាទិភាពទី១ និងទី២ ជាបន្តបន្ទាប់ គឺសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានស្នើសុំកិច្ចសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមប្រើប្រាស់ទឹកដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមបណ្តាតំបន់ជនបទដាច់ស្រយាលដែលស្ថិតនៅឆ្ងាយពីប្រភពទឹកដើម ដើម្បីធានាថាមានទឹកប្រើប្រាស់គ្រប់គ្រាន់ពេញមួយរដូវប្រាំង។

សូមជម្រាបថា ការកើនឡើងកម្តៅខុសប្រក្រតីនៃផ្ទៃទឹកសមុទ្រនៅមហាសមុទ្រប៉ាស៊ីហ្វិក បានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្រព្រមានពីការកើតឡើងបាតុភូតអាកាសធាតុក្តៅខ្លាំង El Niño ក្នុងឆ្នាំ ២០២៦  ដែលអាចនឹងរុញច្រានសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន។

ទីភ្នាក់ងារគ្រប់គ្រងបរិយាកាស និងមហាសមុទ្រអាម៉េរិក (NOAA) បានព្យាករថា មានឱកាសរហូតដល់៨២ភាគរយ ដែល El Niño នឹងលេចឡើងនៅចន្លោះខែឧសភា ដល់កក្កដា និងមានលទ្ធភាពដល់ទៅ៩៦ភាគរយ៕

Share.