ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានសម្រេចកែតម្រូវទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋបានចំនួន ១៨១ ៨៥៩នាក់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈកំពុងបន្តពិនិត្យ និងដោះស្រាយករណីស្មុគស្មាញផ្សេងទៀតតាមនីតិវិធីច្បាប់។
ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តការងារអត្តសញ្ញាណកម្ម និងការដោះស្រាយបញ្ហាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា ការដោះស្រាយកំហុសទិន្នន័យដែលបានកើតឡើងរួចហើយ គឺជារឿងចាំបាច់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺការទប់ស្កាត់កុំឱ្យកំហុសថ្មីៗកើតមានបន្តទៀត។

ឯកឧត្តមបានបញ្ជាក់ថា តាមការអនុវត្តជាក់ស្តែង កំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ កើតឡើងដោយសារកត្តាជាច្រើន ក្នុងនោះមានទាំងកំហុសដោយអចេតនា ការធ្វេសប្រហែស ឬខ្វះការយកចិត្តទុកដាក់របស់មន្ត្រីផ្តល់សេវា និងការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មាន ឬពិនិត្យផ្ទៀងផ្ទាត់ឯកសាររបស់ខ្លួន។
ជាមួយគ្នានេះ ក៏មានករណីបុគ្គលមួយចំនួនផ្តល់ព័ត៌មានមិនត្រឹមត្រូវ ឬកែប្រែទិន្នន័យដោយចេតនា ដើម្បីបម្រើគោលបំណងផ្ទាល់ខ្លួន ដូចជាការកែប្រែអាយុសម្រាប់ការងារ ការចូលនិវត្តន៍ និងការស្នើសុំទិដ្ឋាការទៅក្រៅប្រទេស ព្រមទាំងករណីប្រើប្រាស់សំបុត្រកំណើតតែមួយដោយមនុស្សពីរនាក់ ឬច្រើននាក់ផងដែរ។
ពាក់ព័ន្ធនឹងដើមចមនៃបញ្ហានេះ ឯកឧត្តម តុប នេត បានរំឭកថា ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅខែមករា ឆ្នាំ១៩៧៩ ឯកសារសម្គាល់អត្តសញ្ញាណ និងលិខិតស្នាមរបស់ប្រជាពលរដ្ឋជាច្រើនត្រូវបានបាត់បង់ ឬខូចខាត ដែលធ្វើឱ្យការរៀបចំឯកសារឡើងវិញនាពេលនោះ ភាគច្រើនផ្អែកលើការចងចាំ និងព័ត៌មានដែលបុគ្គលបានផ្តល់ ដោយខ្វះឯកសារសម្អាងច្បាស់លាស់។
ដើម្បីពង្រឹងការគ្រប់គ្រងការងារអត្តសញ្ញាណកម្ម និងធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) ដើម្បីគ្រប់គ្រងលេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) និងធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (CRS) និងប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល។
តាមផែនការដែលបានដាក់ចេញ ប្រព័ន្ធ CRS គ្រោងនឹងពង្រីកការអនុវត្តជាបីដំណាក់កាល រួមមាន ដើមឆ្នាំ២០២៧ នៅគ្រប់រដ្ឋបាលសង្កាត់ក្នុងរាជធានីភ្នំពេញ ឆមាសទី២ ឆ្នាំ២០២៧ នៅគ្រប់សង្កាត់នៃក្រុងទីរួមខេត្តទាំង២៤ និងដើមឆ្នាំ២០២៨ ពង្រីកទៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស តាមយុទ្ធសាស្ត្រផ្ការីក។




ក្នុងឱកាសនោះ ឯកឧត្តមក៏បានជំរុញឱ្យមន្ត្រីផ្តល់សេវាគ្រប់លំដាប់ថ្នាក់ បង្កើនការប្រុងប្រយ័ត្នក្នុងការបញ្ចូល និងផ្ទៀងផ្ទាត់ទិន្នន័យ ព្រមទាំងពង្រឹងការទទួលខុសត្រូវតាមតួនាទីរៀងៗខ្លួន ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាអត្តសញ្ញាណកម្មប្រកបដោយភាពត្រឹមត្រូវ ឆាប់រហ័ស និងមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងតំណាងអង្គភាពពាក់ព័ន្ធ សរុបចំនួន ៧ ៧៣៤រូប ទាំងដោយផ្ទាល់នៅទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់គុណភាពសេវាអត្តសញ្ញាណកម្ម និងប្រកាន់ខ្ជាប់ទិសស្លោក «ប្តេជ្ញាបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ»។




