ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្មគ្រប់លំដាប់ថ្នាក់ ពង្រឹងការទទួលខុសត្រូវ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ឆាប់រហ័ស និងស្របតាមនីតិវិធី ជាពិសេសការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានរយៈពេលផ្តល់សេវាកំណត់ត្រឹម ២១ថ្ងៃ នៃថ្ងៃធ្វើការ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋរង់ចាំរហូតដល់ ៣ខែ ឬ ៦ខែ ដោយគ្មានមូលដ្ឋានត្រឹមត្រូវឡើយ។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តការងារអត្តសញ្ញាណកម្ម និងការដោះស្រាយបញ្ហាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ដែលរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

សូមចុចអាន៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កែតម្រូវទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋបានជាង ១៨ម៉ឺននាក់ និងជំរុញទប់ស្កាត់កំហុសថ្មីៗ


ក្នុងសុន្ទរកថាបិទកិច្ចប្រជុំ ឯកឧត្តម ប៉ាវ ហមផាន បានសង្កត់ធ្ងន់ថា មន្ត្រីទទួលពាក្យសុំ មិនត្រូវទាមទារឯកសារយោង ឬដាក់លក្ខខណ្ឌបន្ថែមខុសពីបែបបទ និងនីតិវិធីដែលបានកំណត់ឡើយ។ ក្នុងករណីមន្ត្រីផ្តល់ការណែនាំមិនត្រឹមត្រូវ កំណត់រយៈពេលផ្តល់សេវាខុសពីការកំណត់ ឬទាមទារឯកសារលើសពីតម្រូវការ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋ មន្ត្រីរូបនោះត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិ និងវិន័យរដ្ឋបាលជាធរមាន។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការងារអត្តសញ្ញាណកម្ម រួមមានការចុះបញ្ជីអត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការគ្រប់គ្រងការស្នាក់នៅ មិនមែនគ្រាន់តែជាការងាររដ្ឋបាលធម្មតានោះទេ ប៉ុន្តែជាការងារដែលពាក់ព័ន្ធដោយផ្ទាល់នឹងអត្តសញ្ញាណ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋម្នាក់ៗ។ ដូច្នេះ ការចុះបញ្ជី និងការកែតម្រូវទិន្នន័យត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងឯកសារភស្តុតាងច្បាស់លាស់។

ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្ហាញថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបានសម្រេចកែតម្រូវទិន្នន័យជូនប្រជាពលរដ្ឋបានចំនួន ១៨១ ៨៥៩នាក់រួចមកហើយ និងកំពុងបន្តពិនិត្យដោះស្រាយករណីស្មុគស្មាញផ្សេងទៀតតាមនីតិវិធីច្បាប់។

ឯកឧត្តមបានលើកឡើងថា កំហុសទិន្នន័យមួយចំនួនកើតឡើងដោយអចេតនា ខណៈមួយចំនួនទៀតបណ្តាលមកពីការធ្វេសប្រហែស ឬខ្វះការយកចិត្តទុកដាក់របស់មន្ត្រីផ្តល់សេវា និងប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មាន និងពិនិត្យផ្ទៀងផ្ទាត់ឯកសារ។ ក៏មានករណីបុគ្គលមួយចំនួនផ្តល់ព័ត៌មានមិនត្រឹមត្រូវ ឬកែប្រែទិន្នន័យដោយចេតនា ដើម្បីបម្រើគោលបំណងផ្ទាល់ខ្លួនផងដែរ។

ឯកឧត្តម តុប នេត បានសង្កត់ធ្ងន់ថា ក្រៅពីការដោះស្រាយកំហុសទិន្នន័យដែលបានកើតឡើងរួចហើយ អ្វីដែលសំខាន់គឺត្រូវពង្រឹងការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវក្នុងការបំពេញការងារ ដើម្បីទប់ស្កាត់កុំឱ្យកំហុសថ្មីៗកើតមានបន្តទៀត។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកំពុងជំរុញការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងការធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (CRS) ដើម្បីពង្រឹងការគ្រប់គ្រងទិន្នន័យ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្ម។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាវ ហមផាន ក៏បានដាក់ចេញនូវអនុសាសន៍ចំនួន ១០ចំណុច ដោយផ្តោតលើការពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណបណ្ណ ការកែតម្រូវទិន្នន័យ ការពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងឯកសារដើម ការបណ្តុះបណ្តាលមន្ត្រី ការតាមដានត្រួតពិនិត្យការងារ និងការផ្សព្វផ្សាយការយល់ដឹងជូនប្រជាពលរដ្ឋ ព្រមទាំងការត្រៀមលក្ខណៈដាក់ឱ្យដំណើរការប្រព័ន្ធ CRS នៅតាមមូលដ្ឋាន។

ឯកឧត្តមក៏បានណែនាំឱ្យមន្ត្រីផ្តល់សេវាប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈ ផ្តល់ព័ត៌មាន និងការណែនាំឱ្យបានច្បាស់លាស់ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយសុភាពរាបសា យកចិត្តទុកដាក់ និងមានទឹកមុខញញឹម ជាពិសេសក្នុងករណីដែលប្រជាពលរដ្ឋជួបបញ្ហាស្មុគស្មាញ ឬមិនយល់អំពីនីតិវិធី។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ៧ ៧៣៤រូប ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងរាជធានី ខេត្ត។

តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាអត្តសញ្ញាណកម្មប្រកបដោយភាពត្រឹមត្រូវ ងាយស្រួល ឆាប់រហ័ស និងអាចជឿទុកចិត្តបាន៕

Share.