កន្លងមកថ្មីៗនេះ ឈុតតំណាងជាតិ Miss Universe Cambodia 2021(MUC) ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងក្ដៅស្លឹកត្រចៀកពីភាគីថៃជាអ្នកលេងបណ្ដាញហ្វេសប៊ុកអស់មួយប្រាវ។ ចំពោះរឿងរសើបនេះ ការប្រត្តិកម្មផ្សេងៗ និងការមិនពេញចិត្តរបស់ថៃ ហាក់ដូចមិនធ្វើឱ្យអ្នកស្រឡាញ់វប្បធម៌ខ្មែរ ក្ដៅក្រហាយតបតខ្លាំងៗទៅថៃវិញឡើយ។ បើទោះជាថៃក្ដៅស្លឹកត្រចៀកយ៉ាងណាក៏ដោយ ក៏ទង្វើនេះហាក់បីដូចជាជំរុញឱ្យឈុតតំណាងជាតិ «វប្បការិកា ចត្វានិមិត្ត» កាន់តែល្បីសុះសាយ និងកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះឈុតនេះ។
សូមចុចអាន៖ លោក ម៉ែន និមលរ័ត្ន ច្រានចោលមូលហេតុប្ដូរឈុតតំណាងជាតិ Miss Universe កម្ពុជាមិនមែនដោយសារមានមតិរិះគន់នោះទេ!
ពាក់ព័ន្ធជាមួយបញ្ហាដ៏ក្ដៅងំនេះ អ្នកគ្រប់គ្រងកម្មវិធីប្រកួតបវរកញ្ញាខ្នាតធំ Miss Universe Cambodia លោក ម៉ែន និមលរ័ត្ន បានឆ្លើយប្រាប់អ្នកសារព័ត៌មានត្រយងថា លោកគ្មានអ្វីត្រូវបកស្រាយ ឬប្រតិកម្មតបតអ្វីឡើយ។ ចំពោះឈុតតំណាងជាតិ «វប្បការិកា ចត្វានិមិត្ត» ដែលមានទម្រង់បែបល្ខោនខោល ធ្វើឡើងគឺផ្អែកទៅលើមូលដ្ឋានគ្រឹះនៃរបាំល្ខោនខោលខ្មែរយើង ដែលដូនតាខ្មែរបានបង្កើតជាយូរលង់ណាស់មកហើយ។ ថៃ គេមានល្ខោនខូនរបស់គេ ដែលមានលក្ខណៈស្រដៀងប្រហាក់ប្រហែលគ្នា។ លោកថា យើងក៏បានដឹងអំពីប្រវត្តិសាស្ត្រពិតប្រាកដនៃប្រទេសទាំងពីរហើយដែលថា សិល្បៈមានការភាយទៅភាយមក។ ដូច្នោះលោកថា យើងគ្មានអ្វីត្រូវប្រតិកម្មតបតទៅមកចំពោះបញ្ហានេះទេ។
អ្នកគ្រប់គ្រងរូបនេះ បានបន្ដបញ្ជាក់បន្ថែមទៀតថា ឈុតតំណាងជាតិ «វប្បការិកា ចត្វានិមិត្ត» ត្រូវបានឆ្លងកាត់ការជ្រើសរើសនិងឆ្លងកាត់ការកាត់សេចក្ដីយ៉ាងសុគ្រិតយុត្តិធម៌ពីសំណាក់គណៈកម្មការមានបច្ចេកទេសជំនាញច្បាស់លាស់។ ការជ្រើសរើសឈុតនេះ ក៏មានចំណែកជាការពេញចិត្តរបស់ប្រជាជនកម្ពុជា ដែលមានបាន Comment គាំទ្រ។ លោកពន្យល់ទៀតថា យើងនៅតែបន្ដជំហរនាំឈុតតំណាងជាតិមួយនេះ ទៅកាន់ឆាកអន្ដរជាតិនាពេលខាងមុខ ដោយគ្មានការរារែកអ្វីទាំងអស់។
«មួយវិញទៀតឈុតតំណាងជាតិ «វប្បការិកា ចត្វានិមិត្ត» មានការរចនាម៉ូដបានយ៉ាងល្អប្រណីត និងមានភាពលម្អិតខ្លាំង ទើបធ្វើឱ្យស្រស់ឈុតនេះមានភាពទាក់ទាញភ្នែករបស់គណៈកម្មការ»។ នេះបើតាមការអះអាងបន្ថែមរបស់លោក និមលរ័ត្ន។ ជាចុងក្រោយលោកបានបង្ហើបប្រាប់ទៀតថា ចាប់ពីឆ្នាំក្រោយៗបន្ដទៅមុខទៀត កម្មវិធី Miss Universe Cambodia នឹងធ្វើការប្រកួតឈុតតំណាងជាតិ ជ្រើសរើសយក Top5 ហើយឈុតដែលឈ្នះក្នុងការប្រកួតនេះ នឹងត្រូវបាននាំទៅប្រកួតនៅលើឆាកអន្ដរជាតិតែម្ដង ដោយគ្មានការផ្លាស់ប្ដូរឈុត។
សូមរំលឹកបន្ថែមដែរថា បវកញ្ញា ងិន ម៉ារ៉ាឌី ត្រៀមនឹងនាំឈុតតំណាងជាតិ «វប្បការិកា ចត្វានិមិត្ត» ចាកចេញពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះចេញទៅប្រកួតនៅឆាកអន្ដរជាតិ Miss Universe International នៅក្នុងថ្ងៃនេះ ដែលកម្មវិធីនេះប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១៕
សូមចុចអាន៖ លោក ម៉ែន និមលរតន៍ បញ្ជាក់មូលហេតុប្រគល់តំណែង 3rd Runner Up ដល់កញ្ញា សួន ពិសី!